ស្ថាបនិករបស់ក្រុមហ៊ុន BOOKMEBUS លោក ជា ឡង់ដា នៅតែរក្សាជំហរពង្រីកសេវាកម្ម ដែលទាក់ទងនឹងការធ្វើដំណើរ

ជាបុគ្គលល្អឯកមួយរូប លោក ជា ឡង់ដា ត្រូវបានគេស្គាល់ថាជា ស្ថាបនិក និងនាយកប្រតិបត្តិការ របស់ក្រុមហ៊ុន BookMeBus ដែលជាវេទិកាធ្វើដំណើរមួយ ជួយអោយអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចកក់សំបុត្រឡានក្រុង ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ អាចកក់កាណូតលឿន ទៅកាន់កោះរ៉ុង​ និងកោះផ្សេងៗទៀតនៅក្នុងប្រទេសយើង យ៉ាងងាយស្រួល និងចំណេញពេលវេលា។ ក្នុងនោះក៏មានដូចជាសេវាកម្មកក់ឡានឈ្នួលឯកជន (Private Taxi) ទៅកាន់ ២៥ខេត្តក្រុង និងឆ្ពោះទៅប្រទេសជិតខាង រួមដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវផងដែរ។

ផ្តើមពីបុគ្គលសាមញ្ញមួយរូប ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតក្នុងរដូវបុណ្យទាន លោក ជា ឡង់ដា បានសង្កេតឃើញថា ការធ្វើដំណើរហាក់មានការលំបាកខ្លាំង និងមានជម្រើសតែ២ប៉ុណ្ណោះ ដោយលោកត្រូវជិះទៅទិញសំបុត្រឡានក្រុង ដែលនៅឆ្ងាយពីផ្ទះ ឬ ចាំឡានឈ្នួលនៅបេនឡាន ហើយពេលខ្លះត្រូវអង្គុយចាំរហូតទាល់តែឡានមានមនុស្សពេញទើបអាចចេញដំណើរបានថែមទៀតផង ដែលវាធ្វើអោយខាតពេលវេលាច្រើន ដើម្បីបានជិះឡានទៅស្រុកកំណើតម្តងៗ ។ ម្យ៉ាងទៀត គាត់យល់ថា គាត់ជាខ្មែរនៅតែមានអារម្មណ៍ធុញទ្រាន់នឹងការធ្វើដំណើរបែបនេះ ទាំងខាតពេល និងគ្មានសណ្តាប់ធ្នាប់ ចុះទម្រាំភ្ញៀវបរទេស ដែលមិនអាចនិយាយភាសាខ្មែរបានទៀត តើពួកគាត់នឹងមានការលំបាកយ៉ាងណា? ដូច្នេះហើយ ទើបគាត់មានគំនិតចង់បង្កើតកម្មវិធី BookMeBus នេះឡើង ហើយដោយសារតែគាត់ជានិស្សិតដែលសិក្សាផ្នែកវិទ្យាសាស្រ្ត វាក៏បានជួយជម្រុញអោយគាត់តោងចាប់ក្តីស្រមៃនៃការបង្កើតកម្មវិធីកក់ឡានក្រុងមួយនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិចបំផុតក្នុងការទិញសំបុត្ររថយន្ត។

CHEA LANGDA KH

Chea Langda

ប៉ុន្តែនៅពេលដែលអាជីវកម្មរបស់គាត់ទទួលបានការគាំទ្រច្រើន តម្រូវការអតិថិជនឡើងខ្ពស់ គាត់បែរជាជួបនឹងបញ្ហាកង្វះការផ្គត់ផ្គង់ទៅវិញ ដោយសារតែឡានក្រុងដែលជាដៃគូរសហការរបស់គាត់ នៅប្រើប្រាស់ការកត់លេខកៅអី ដោយសរសេរដៃនៅឡើយ។ ជាពិសេស គាត់ត្រូវមមារញឹកយ៉ាងខ្លាំងក្នុងការខលទៅសាកសួរខាងឡានក្រុង ដើម្បីទទួលបានកៅអីដែលភ្ញៀវចង់បាន។ ទោះជាយ៉ាងនេះក្តី លោក ជា ឡង់ដា នៅតែព្យាយាមរកដំណោះស្រាយ ដោយអោយឡានក្រុងជាដៃគូរ ចាប់ផ្តើមកត់លេខកៅអី ដោយប្រើប្រព័ន្ធ System ស្វ័យប្រវត្តិ ដើម្បីអោយការងារកាន់តែរលូនទៅមុខ។

រហូតមកទល់បច្ចុប្បន្ននេះ BookMeBus មានឡានក្រុងដែលជាដៃគូរសហការប្រមាណ ៣០ក្រុមហ៊ុនឯណោះ ដែលវាជាជោគជ័យមួយសម្រាប់គាត់។​ តែអ្វីដែលគាត់កាន់តែមានមោទនភាពនោះគឺ BookMeBus បានក្លាយកម្មវិធីមួយ ដែលលើសពីអាជីវកម្ម ព្រោះក្រៅពីជួយក្នុងវិស័យទេសចរណ៍ហើយ ក្រុមហ៊ុនរបស់គាត់បានក្លាយជាកន្លែងដែលផ្តល់ឳកាស ចំណេះដឹង និងបទពិសោធន៍ការងារដល់យុវជនរបស់យើងផងដែរ។

គាត់ក៏បានបង្ហើបគន្លឹះជោគជ័យទៅកាន់ប្អូនៗជំនាន់ក្រោយថា ប្អូនៗគួរតែព្យាយាមរកបទពិសោធន៍ការងារអោយបានច្រើន មិនថាក្នុងវ័យសិក្សាក៏ដោយ ព្រោះការងារអាចបង្រៀនយើងបានច្រើន និងផ្តល់បទពិសោធន៍សំខាន់ៗ ដែលយើងអាចក្រេបជញ្ជក់ទុកជាប្រយោជន៍ទៅថ្ងៃក្រោយបាន។ អ្វីដែលសំខាន់ គឺត្រូវរកខ្លួនឯងអោយឃើញ និងកុំខ្លាចក្នុងការបង្កើតកំហុស រៀនយកកំហុសទាំងនោះមកធ្វើជាបទពិសោធន៍ និងរៀ​នពីវា តែត្រូវចាំថាសូមកុំបង្កើតកំហុសដដែលៗ។

ចំពោះ លោក ជា ឡង់ដា ផ្ទាល់វិញ ក្រៅពីបង្កើតកម្មវិធីមួយនេះដំណើរការបានរឹងមាំហើយ ចក្ខុវិស័យរបស់គាត់ទៅថ្ងៃមុខគឺជាការពង្រីកខ្លួនអោយកាន់តែធំ ដោយបន្ថែមនូវសេវាកម្មផ្សេងទៀតដែលទាក់ទងនឹងការធ្វើដំណើរអោយកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរ។

បើនិយាយពីចំណង់ចំណូលចិត្តរបស់គាត់វិញគឺជាការធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ព្រោះវាអាចជួយអោយគាត់ស្គាល់មិត្តភក្តិកាន់តែច្រើន សម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ក្រៅពីនេះ គាត់ក៏ជាមនុស្សម្នាក់ដែលចូលចិត្តអានអត្ថបទពត៌មានទាក់ទងនឹងអាជីវកម្ម ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាអ្នកស្រឡាញ់ការហាត់កីឡា ដោយវាធ្វើអោយគាត់មានគំនិតវិជ្ជមាន ជួយអោយមានសុខភាពល្អ និងអារម្មណ៍ប្រសើរឡើង។

Key Visual Horizontal (KH) (1)

ហើយស្ថាបនិកដ៏ពូកែមួយរូបនេះ គាត់ក៏ជាបេក្ខភាពនៅក្នុងយុទ្ធនាការ បុគ្គលល្អឯក រដូវការទី២របស់ក្រុមហ៊ុនស្រាបៀរ ABC ផងដែរ។ ដែលកម្មវិធីមួយនេះ បានបង្កើតឡើងក្នុងគោលបំណង ដើម្បីកោតសរសើរ និងចែករំលែករឿងរ៉ាវរបស់បុគ្គល១០រូប មកពីវិស័យខុសៗគ្នា ដែលហ៊ានសុបិន្ត ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បីបំផុសទឹកចិត្ត ដល់យុវជនជំនាន់ក្រោយ អោយហ៊ានក្រោកឈរតាមចាប់ក្តីស្រមៃ  និងក្លាយជាបុគ្គលល្អឯក ដែលត្រូវបានមហាជនទទួលស្គាល់ និងស្ញើចសរសើរដូចជាពួកគាត់៕

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖​

ABC’s website: https://abcbeerkh.com

Facebook: https://www.facebook.com/abcbeer.cambodia

Instagram: https://www.instagram.com/abcbeer.cambodia/?hl=en

សម្រាប់ពត៌មានបន្ថែមពីវេបសាយ BookMeBus: https://bookmebus.com/