សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រង់

ធ្លាប់ឆ្ងល់អត់ ម៉េចបានជាចិនពូកែរកស៊ីម្ល៉េះ? ម៉េចបានពូជចិនសុទ្ធតែមានៗ?

By Shield

July 20, 2023

ជឿថា ប្រាកដជាមានបងប្អូនមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាជនជាតិចិនពូកែរកស៊ីម្ល៉េះ? ហេតុអ្វីបានជាពូជចិនមានៗខ្លាំងម្ល៉េះ? ច្បាស់ណាស់ថា ការពិតទៅ និយាយចំពោះជនជាតិចិន គឺរមែងប្រកាន់ខ្ជាប់នូវគំនិត ៥ ចំណុច ដើម្បីទូន្មានខ្លួន ក៏ដូចជាប្រៀនប្រដៅ ដល់កូនចៅទាំងឡាយគឺ ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ឧស្សាហ៍ព្យាយាម

ជាក់ស្ដែងណាស់ ជនជាតិចិនភាគច្រើនគឺ មានចិត្តឧស្សាហ៍ព្យាយាម មានបែបផែនទាំងការរកស៊ី និងធ្វើការ។ ចំពោះការរកស៊ី ជនជាតិចិនមិនដែលខ្ជិលច្រអូសនោះឡើយ ចាស់ៗជនជាតិចិនពីដើម ដែលចូលមករស់នៅស្រុកខ្មែរ គឺសុទ្ធតែឧស្សាហ៍ ជាពិសេសគឺ មិនខ្វល់ថាធ្វើការ រកស៊ីព្រឹកព្រលឹម យប់ព្រលប់យ៉ាងណាទេ គឺមិនដែលខ្ជិលច្រអូសនោះឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ស្មោះត្រង់

អ្នកខ្លះតែងយល់ថា ជនជាតិចិនល្បិចខ្លាំង រកស៊ីកេងប្រវញ្ច តែអ្នកដឹងទេថា និយាយចំពោះការរកស៊ី ពូជចិនគឺចង់បានម៉ូយណាស់ តែងតែមានគំនិតរក្សាអតិថិជន ដូច្នេះ ភាពស្មោះត្រង់របស់ជនជាតិមួយនេះ ចំពោះអតិថិជន គឺខ្លាំងបំផុត។ គេមិននិយាយថា ជាល្បិចនោះទេ តែវាជាភាពវ័យឆ្នាត និងចេះបត់បែនរបស់គេចំពោះកិច្ចការងាររកស៊ី។

៣. គត់មត់

ចិនៗដែលពូកែរកស៊ី គឺច្បាស់លាស់ មត់ចត់ ច្បាប់វិន័យ មិនចេះបន្លែបន្លំ ធ្វេសប្រហែស ឬខ្ជះខ្ជាយនោះឡើយ។ កូនចៅចិនដែលមានតំណពូជជាអ្នករកស៊ី កែបែងចែកច្បាស់លាស់ ចំពោះការរកស៊ី គេមិនដែលឆិនឆៃផ្ដេសផ្ដាសនោះទេ គេលក់ដឹងលក់ ឱ្យដឹងឱ្យ ខ្ចីដឹងខ្ចី ចិនប្រកាន់ខ្ជាប់នូវគំនិត ៣ នេះ បើខ្ចី គឺត្រូវតែសង បើលក់ គឺត្រូវតែចំណេញ តិចច្រើន គឺអាស្រ័យលើអីវ៉ាន់ គេមិនចំណេញច្រើនពីសាច់ញាតិ ឬបងប្អូន មិត្តជិតស្និទ្ធនោះឡើយ ហើយបើគេឱ្យ គឺឱ្យដោយមិនខ្វល់ពីការសងវិញនោះឡើយ។

៤. រិះថាំ

ចំណុចមួយនេះ អ្នកណាក៏ដឹងដែរ ព្រោះគ្រប់គ្នាតែងតែនិយាយមិនដាច់ពីមាត់គឺ ពូជចិននេះ គម្រិះ ម៉ៅស្វិតណាស់។ ពិតមែនហើយ ពូជចិនមួយណាក៏រិះថាំដែរ តែមិនមែនគេគម្រិះគ្មានហេតុផលនោះទេ គឺគេចេះបែងចែក និងដឹងពីខ្ទង់ត្រូវចំណាយ ចាយវាយ ព្រោះលុយកាក់ដែលគេរកបាន មួយកាក់ មួយសេន មិនមែនរកបានដោយងាយទេ គេប្រើកម្លាំងញើសឈាម ហត់នឿយទាំងថ្ងៃទាំងយប់ អត់បានសម្រាកស្រួលទេ គេមិនមែនមានដោយសារតែលក់ដី លក់ទ្រព្យកេរ្តិ៍អាករម៉ែឪ ឬបានដោយការកេងប្រវញ្ចនោះឡើយ ដូចនេះហើយ មុននឹងគេចាយអ្វីមួយ គេគិតល្អិតល្អន់ សន្សំសំចៃ និងរិះថាំបានប៉ុនណា យកប៉ុណ្ណឹង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ស៊ូទ្រាំ

ស៊ូបំផុតគឺចិន មិនថាក្រោមថ្ងៃខ្លាំង លំបាក ហត់នឿយបែបណា ជួបព្យុះភ្លៀងខ្លាំងយ៉ាងណា ក៏មិនរាថយ ហើយក៏មិនបោះបង់ចោលដោយងាយដែរ កាន់តែលំបាក គឺកាន់តែខំ កាន់តែនឿយ គឺរឹតតែប្រឹងជម្នះ ក្នុងគំនិតជនជាតិចិនចំពោះការរកស៊ីគឺ មិនមែនអង្គុយតែក្រវេទនាបែបហ្នឹងរហូតនោះឡើយ ឱ្យតែចេះតស៊ូ ចេះអត់ធ្មត់ គ្រប់យ៉ាង គង់តែបានដុះដាល លូតលាស់មិនខាន។

ហើយប្រកាន់នូវគោលជំហ ៥ ចំណុចទៀតគឺ ៖

១. លំបាកយ៉ាងណាក៏មិនបោះបង់! ២. គ្មានអ្វីដែលថាមិនអាចធ្វើបាននោះទេ លុះត្រាតែយើងមិនធ្វើ! ៣. ទោះពេលខ្លះអស់សង្ឃឹម តែមិនត្រូវបាក់ទឹកចិត្តឡើយ! ៤. ខ្ជិល គ្មានក្នុងវចនានុក្រមរបស់អ្នកមានទេ! ៥. ហត់ អាចឈប់សម្រាក តែមិនអាចផ្អាក ឬឈប់ដើរឡើយ!

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកខ្លះតិះដៀល ជនជាតិចិន ស្អប់ចិន ព្រោះតែឃើញគេរកស៊ីមានបាន គិតថាគេកេងប្រវញ្ច កិបកេង បោកប្រាស់ តែធាតុពិត អ្នកដឹងទេថា គេប្រឹងណាស់ គេខំណាស់ ទើបគេអាចមានបានតកូនតចៅ។ គេរកស៊ី គេត្រូវតែចំណេញ លុយចេញលុយចូល គឺត្រូវតែច្បាស់លាស់គត់មត់ យើងធ្វើអត់បានដូចគេ កុំដៀលគេអី។

– ក្រោមថ្ងៃក្ដៅ ឬក្នុងផ្ទះបាយក្ដៅយ៉ាងណា ក៏គេនៅតែតស៊ូ ពុះពារ រកស៊ីមិនខ្លាចហត់ទេ។ – គេក្រោកតាំងពីម៉ោង ៣ ម៉ោង៤ ទៀបភ្លឺ ក្នុងការអូសរ៉ឺម៉ក រៀបចំអីវ៉ាន់ដើម្បីលក់ដូរ ចំណែកយើងវិញអី ដេកថ្ងៃចាំងគូថ ក្រោកមិនទាន់បាយព្រឹកផងហ្នឹង។ – ក្នុងផ្ទះសម្បែង គេរៀបចំល្អិតល្អន់ ស្អាតបាត ព្រោះគេផ្ដោតលើសិរីសួស្ដី ចំណែកយើងវិញអី ដីក្ដាំងដល់កន្លែងដេក អត់ខ្វល់។ – របស់ ឬម្ហូបអាហារសល់ គេកម្ដៅទុកហូបល្ងាច ឬអាចឆ្លៀតតដល់ស្អែក ចំណែកយើងវិញ មិនស៊ីទេរបស់សល់ ទុកដល់ផ្អូមមិនខ្ចីអើពើ ខ្ជះខ្ជាយណាស់។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– ចិនគេរិះថាំ គេគត់មត់ កុំទៅខឹងគេស្អប់គេ ដៀលថាគេគម្រិះម៉ៅស្វិតបេះមិនដាច់ គេបេះមិនដាច់នេះហើយ ទើបគេសល់ទ្រព្យ មានបានហូរហៀរនោះ។ – ចិនគេច្បាប់ទម្លាប់ គ្រួសារចិនគេមានវិន័យច្បាស់លាស់ ទើបកូនចៅគេអាចបានល្អ មិនផ្ដេសផ្ដាស គេគោរពចាស់ទុំដូនតា ចុះយើងវិញអី ឈ្លោះទាស់ ដណ្ដើមតែកេរ្តិ៍ម៉ែឪគ្នា ពេលខ្លះ ខ្មោចស្លាប់បត់ហើយ ទៅគាស់យកមកឈ្លោះដណ្ដើមទ្រព្យគ្នាទៀត មិនគិតខំរករៀងៗខ្លួនទេ។ – មានកម្មវិធី បុណ្យទាន ជួបជុំបងប្អូន គេសប្បាយអឺងកង សិរីសួស្ដីហេងៗ ត្រឹមហូបចុក បាយម្ហូបជុំគ្រួសារ ម៉ាក់ប៉ា ចុះយើងវិញ បុណ្យទានពេលណា ជះលុយទិញតែស្រាផឹក បានស៊ីបានផឹក ចាប់ផ្ដើមកាច វាយតប់ទាត់ធាក់ កាប់ចាក់គ្នា លែងស្គាល់បងប្អូន ឪពុកម្ដាយ សប្បាយប្រែក្លាយជាទុក្ខ … ។

សុំអធ្យាស្រ័យ ខ្ញុំនិយាយដល់បុគ្គលមួយចំនួន មិនមែនថាដល់បងប្អូនខ្មែរទាំងអស់នោះឡើយ ហើយភាគច្រើននៃចិន គឺគេប៉ិន គេពូកែខាងរកស៊ីហ្នឹងមែន ជាក់ស្ដែង ក៏មានចិនខ្លះមិនល្អដូចគ្នា តែវាតិចបំផុត៕

សូមពិចារណា និងបញ្ចេញមតិតាមការគួរ ដោយពាក្យសម្ដីសមរម្យ សុំអរគុណ!!!

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ