លោកស្រី CYNTHIA BAZIN ជាប្រធានក្រុមហ៊ុន SmartChic បាននិយាយថា៖ មានមនុស្សជាច្រេីន តែងតែមករកខ្ញុំនៅពេលដែល ពួកគេមានអារម្មណ៍ ត្រូវបានសន្ធប់ដោយអ្វីមួយ អារម្មណ៍តានតឹងចិត្តខ្លាំង និង អារម្មណ៍ដែលថាពួកគេ មិនអាចសម្រេចគោលដៅរបស់ពួកគេ ជាអ្វីដែលពួកគេចង់បានបំផុតនៅក្នុងជីវិត។ ពួកគេមានអារម្មណ៍ថាជាប់គាំង។ ពួកគេស្ថិតនៅចំណុចមួយ ដែលពួកគេមិនដឹងថាត្រូវធ្វើអ្វី។
ដូច្នេះ រឿងដំបូងដែលខ្ញុំត្រូវធ្វើមុនគេ គឺកំណត់អត្តសញ្ញាណ ការខ្ជះខ្ជាយពេលវេលារបស់ពួកគេ។ ការខ្ជះខ្ជាយពេលវេលានេះជាអ្វី ដែលធ្វេីឱ្យពួកគេមិនអាចសំរេចគោលដៅដែលពួកគេចង់បាន។
ខ្ញុំគិតថា យើងទាំងអស់គ្នា តែងតែចូលរួមក្នុងសកម្មភាព ដែលធ្វេីឱ្យយេីងមិនមាន ភាពជោគជ័យ ឬ សុភមង្គលដ៏អស្ចារ្យបំផុត របស់យើង។ ខ្ញុំក៏ខ្ជះខ្ជាយពេលវេលាច្រេីនដែរ ប៉ុន្តែខ្ញុំបានធ្វើការផ្លាស់ប្តូរ នៅពេលខ្ញុំក្លាយជាសហគ្រិនម្នាក់ ហើយបានដឹងពីតម្លៃនៃពេលវេលា ហេីយខ្ញុំមិនខ្ជះខ្ជាយពេលវេលា លើសកម្មភាពដែលមិនធ្វើឱ្យខ្ញុំ ឬ អាជីវកម្មរបស់ខ្ញុំរីកចម្រើននោះទេ។
យើងទាំងអស់គ្នាកំពុងស្វែងរក ភាពជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះ យើងខ្ជះខ្ជាយពេលវេលារបស់យើង ក្នុងការធ្វើអ្វីៗ ដែលរារាំងយើង ពីការបង្កេីតសក្តានុពលពេញលេញរបស់យើង។ ហើយជារឿយៗ យើងមិនដឹងរឿងទាំងនោះទេ រហូតទាល់តែមាននរណាម្នាក់ចង្អុលបង្ហាញចំនុចទាំងនោះ។
វាមានសារៈសំខាន់ណាស់ ក្នុងការវិភាគអំពី របៀបដែលយើងចំណាយពេលវេលាប្រចាំថ្ងៃរបស់យេីង ឱ្យបានទៀងទាត់ ដើម្បីរកវិធីដើម្បីធ្វើការដោយឆ្លាតវៃ ហេីយត្រូវលុបបំបាត់ ការខ្ជះខ្ជាយពេលវេលាទាំងអស់។ ដូច្នេះដើម្បីចាប់ផ្តើម ខាងក្រោមនេះ មានប្រាំបីចំណុច ដែលមនុស្សជោគជ័យ មិនខ្ជះខ្ជាយពេលវេលាជាមួយ (អ្នកក៏មិនគួរធ្វេីដែរ)៖
ការប្រេីបណ្តាញសង្គម មេីលនេះ មេីលនោះ ទាញចុះ ទាញឡេីង វាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើ អ្នកមិនគ្រប់គ្រងពេលវេលា ដែលអ្នកចំណាយលើវានោះទេ ពេលវេលានឹងបាត់បង់កាន់តែច្រេីន ហើយអ្នកនឹងមិនអាចសម្រេចអ្វីទាំងអស់ នៅក្នុងបញ្ជីការងារ ដែលអ្នកត្រូវធ្វើនោះទេ។
ដូច្នេះ អ្នកអាចកំណត់ពេលវេលាសំរាប់ប្រេីវា ដោយការកំណត់ម៉ោងរោទិ៍នៅពេលអ្នកត្រូវកាត់បន្ថយវា ឬ បិទកម្មវិធី ឬ ធ្វើអ្វីៗផ្សេងទៀត ឬ ប្រេីវាបន្ទាប់ពីបញ្ចប់គម្រោងការងារដែលចាំបាច់។
មនុស្សជោគជ័យមានគោលបំណងមួយ ដែលផ្តោតខ្លាំងលើផែនការអ្វីមួយ ដែលពួកគេចង់សម្រេចបាន នៅថ្ងៃជាក់លាក់មួយ។ ខ្ញុំជឿជាក់ក្នុងការសរសេររឿងទាំងអស់នោះទុក ប៉ុន្តែមានរឿងអាទិភាព តែពីរ ឬ បី ទេដែលខ្ញុំត្រូវធ្វេីឱ្យបានសំរេចនៅថ្ងៃនោះ មិនមែនបញ្ជីដ៏វែងនោះទេ។
ចូរសរសេរ ការងារដែលមានអាទិភាពបំផុតរបស់អ្នក ហេីយបំបែកការងារធំៗទាំងនោះ ចូលទៅក្នុងជំហានដ៏សមហេតុសមផលមួយ ពេលនោះ អ្នកនឹងឃើញថា អ្នកចង់ធ្វេីការងារទាំងនោះឱ្យបានសំរេច ហេីយគូសខ្វែងបញ្ជី។
ប្រសិនបើអ្នកចង់បាន ជីវិតដែលជោគជ័យពិតប្រាកដ អ្នកត្រូវផ្តោតលើអ្វី ដែលធ្វើឱ្យជីវិតអ្នក មានភាពល្អប្រសើរ។ មនុស្សដែលមានផលិតភាពខ្ពស់ មិនចាំបាច់ខ្ជះខ្ជាយពេលវេលា របស់ពួកគេនៅលើអ្វី ដែលមិនធ្វេីឱ្យពួកគេ រីកចម្រេីននោះទេ។
មុនពេលដាក់ចិត្តនឹងសកម្មភាពអ្វីមួយ តាមកាលវិភាគរបស់អ្នក ត្រូវប្រាកដថាសកម្មភាពនេះនឹង បន្ថែមភាពវិជ្ជមានទៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើ អ្នកជឿថា វានឹងមិនមានទេនោះ ចូរនិយាយថាទេ។
មនុស្សជោគជ័យដឹងថា ការព្រួយបារម្ភ ធ្វើឱ្យអ្នកមិនដឹងត្រូវ ទៅកន្លែងណាទេ នៅក្នុងជីវិត ជាពិសេស ប្រសិនបើអ្នកមិនអាចធ្វើអ្វីបានទេ ចំពោះស្ថានភាពមួយ។ ដូច្នេះបង្វែរគំនិតរបស់អ្នក ទៅសកម្មភាពដែលផ្អែកលើសកម្មភាព។ ចូរផ្តោតលើអ្វីដែលអ្នកអាចធ្វើបាន។
គេនិយាយថា អ្នកនឹងក្លាយជាមនុស្សកំរិតមធ្យម នៃមនុស្ស៥នាក់ ដែលអ្នកចំណាយពេលច្រេីនបំផុតជាមួយ។ ដូច្នេះប្រសិនបើ អ្នកចង់ក្លាយជាមនុស្សដែលល្អ និង ជោគជ័យ អ្នកត្រូវតែ ហ៊ុំខ្លួនអ្នកជាមួយនឹងមនុស្សដែលល្អ និង ជោគជ័យ។
ត្រូវប្រាកដថា អាចលុបបំបាត់ ថាមពល អវិជ្ជមាន និង ពុល ជុំវិញអ្នក។ ប្រសិនបើអ្នកចង់ហក់ឡើងក្នុងជីវិតរបស់អ្នក អ្នកចាំបាច់ត្រូវទម្លាក់ អ្វីដែលមិនល្អចេញ។
មនុស្សជោគជ័យធ្លាប់មានកំហុស។ មនុស្សគ្រប់គ្នាធ្លាប់មានកំហុស។ គន្លឹះដេីម្បីជោគជ័យក្នុងជីវិត គឺមិនត្រូវធ្វើឱ្យមានកំហុសដូចគ្នាពីរដងនោះទេ ត្រូវរៀនពីកំហុសទាំងនោះ ហើយប្រែក្លាយជាមនុស្សល្អប្រសើរ ដោយសារតែកំហុសទាំងនោះ។
ដូច្នេះនៅពេលអ្នកធ្វើខុស ចូរគិតដល់ផ្នត់គំនិតមួយ ដែលថា កំហុសបានកេីតឡេីងហេីយៗ អ្នកមិនអាចត្រឡប់ទៅអតីតកាលបានទេ។ ចូរផ្តោតលើអ្វីដែលអ្នកបានរៀន និង រៀបចំយុទ្ធសាស្រ្តមួយ ដើម្បីឆ្ពោះទៅមុខជាវិជ្ជមាន។
វាជារឿងអស្ចារ្យណាស់ ដែលទទួលការបំផុសគំនិត ដោយមនុស្សដែលទទួលជោគជ័យផ្សេងទៀត ប៉ុន្តែនៅពេលអ្នកប្រៀបធៀបខ្លួនអ្នក ជាមួយមនុស្សម្នាក់ទៀត ហើយវានាំអ្នកបាក់ទឹកចិត្ត បេីដូច្នេះវាជាពេលវេលាដើម្បីផ្លាស់ប្តូរ ផ្នត់គំនិតរបស់អ្នកហេីយ។
នៅតែទទួលការបំផុសគំនិតពីអ្នកដទៃ ប៉ុន្តែត្រូវផ្តោតផ្នត់គំនិតរបស់អ្នក ដើម្បីប្រកួតប្រជែងជាមួយមនុស្សសំខាន់បំផុតម្នាក់ ម្នាក់នោះគឺអ្នក។
យើងទាំងអស់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ពេលវេលា ដែលយើងគេងមិនគ្រប់គ្រាន់ ឬ មិនបានធ្វើការលំហាត់ប្រាណ ដោយសារតែយើងចាំបាច់ត្រូវធ្វើការ លើគម្រោងធំមួយ។ ប៉ុន្តែសម្រាប់ជោគជ័យ និង សុភមង្គល រយៈពេលវែង អ្នកត្រូវតែដាក់ខ្លួនអ្នកជាអាទិភាពមុនគេ នៅក្នុងបញ្ជីអាទិភាពរបស់អ្នក។
មានវិធីដ៏ល្អៗមួយចំនួន ដើម្បីចាប់ផ្តេីម គឺការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដោយធ្វើអ្វីដែលអ្នកពេញចិត្តនឹងធ្វើ។ ប្រហែលដូចជា ការធ្វើលំហាត់ប្រាណ ការធ្វើសមាធិ ការអានកាសែតឬ ការអានសៀវភៅ ដែលអ្នកចូលចិត្ត។ ចូរធ្វើអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ព្រោះតែនៅពេលអ្នកចាប់ផ្តើមធ្វើអ្វី ដែលអ្នកស្រលាញ់ ហើយវាល្អសម្រាប់អ្នក អ្នកនឹងសប្បាយចិត្ត មានការផ្តោតអារម្មណ៍ខ្ពស់ និង នៅតែមានកំលាំងពេញលេញ សំរាប់ពេលវេលាដែលនៅសល់។
តើមានចំនុចអ្វីខ្លះក្នុងបញ្ជីនេះ ដែលជាការខ្ជះខ្ជាយពេលវេលាសម្រាប់អ្នក? ចូរលុបបំបាត់ពួកគេចេញ ដូច្នេះអ្នកអាចឈានទៅរកជីវិតដ៏ល្អបំផុតរបស់អ្នក។
ប្រែសម្រួលដោយ៖ Kunleus
ប្រភព៖ success