ប្រយ័ត្ន! ការទទួលទានមីកញ្ចប់ច្រើនពេកអាចប្រឈមកើតជម្ងឺមហារីក និងជម្ងឺជាច្រើនទៀត

ក៏ព្រោះតែមានតម្លៃថោក និងងាយចម្អិនធ្វើអោយ “មីកញ្ចប់” ទទួលបានការពេញនិយមជាខ្លាំងក្នុងចំណោមអ្នកដែលមិនសូវមានលុយ ក៏ដូចជាពេលទំនេរ។ ទោះជាយ៉ាងណា មីកញ្ចប់ មិនល្អសោះឡើយចំពោះសុខភាព។ ថាតើការទទួលទានមីកញ្ចប់ញឹកញាប់ពេកអាចបង្កផលប៉ះពាល់អ្វីខ្លះទៅ? ខាងក្រោមនេះគឺជាគ្រោះថ្នាក់គួរអោយព្រួយបារម្ភនៃការទទួលទានមីកញ្ចប់ ៖

១. បង្កើនហានិភ័យនៃជំងឺមហារីក

ក៏មិនខុសពីប្រភេទនៃអាហារមានផ្ទុកសារធាតុរក្សាទុកបានយូរផ្សេងទៀតដែរ មីកញ្ចប់មានផ្ទុកសារធាតុរក្សាទុកបានយូរពីរប្រភេទ គឺ t-butylhydroquinone (TBHQ) និង butylated hydroxyanisole (BHA)។ ទោះបីជាបរិមាណនៃសារធាតុ TBHQ  និង BHA មានតិចតួចយ៉ាងណាក្តី ក៏វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលទទួលទានច្រើនដែរ។ ហើយអ្នកជំនាញជាច្រើនបានអោយដឹងថា សារធាតុ BHA និង TBHQ អាចបង្កើនហានិភ័យនៃជំងឺមហារីកគូរអោយព្រួយបារម្ភ។

២. ធ្វើអោយឈឺក្រពះ

បើទោះជាមីកញ្ចប់អាចចម្អិនឆ្អិនភ្លាមៗ ប៉ុន្តែវាមិនទទួលបានការរំលាយអស់ឆាប់រហ័សដូចគ្នាឡើយ ដោយមីកញ្ចប់អាចស្ថិតនៅក្នុងក្រពះអ្នកយូរជាងអាហារធម្មតា។ អ្វីដែលអ្នកគួរដឹងនោះ គឺក្រពះមិនត្រូវបានបង្កើតឡើងដើម្បីចាំរំលាយអាហារកែច្នៃ ដូចជាមីកញ្ចប់ឡើយ។ នោះហើយជាមូលហេតុដែលអ្នកអាចនឹងជួបប្រទះបញ្ហាឈឺក្រពះ ឬឈឺចាប់ក្នុងពោះ ក្រោយពេលទទួលទានមីកញ្ចប់។

៣. អាការៈមិនស្រួលមួយចំនួនទៀត

មីកញ្ចប់ដែលដាក់លើនៅតាមទីផ្សារភាគច្រើនមានផ្ទុកសម្បូរទៅដោយប៊ីចេង។ ហើយប្រសិនបើអ្នកជាមនុស្សដែលប្រតិកម្មនឹងប៊ីចេងនោះ ការទទួលទានមីកញ្ចប់អាចធ្វើអោយអ្នកជួបប្រទះអាការៈមួយចំនួនដូចជា ចង្អោរចង់ក្អួត, ឈឺក្បាល, ស្ពឹកមុខ, បេះដូងដើរលឿនខុសធម្មតា និងឈឺទ្រូង។

៤. បង្កើនសម្ពាធឈាម

នោះក៏ព្រោះតែអាហារកែច្នៃភាគច្រើន រួមបញ្ចូលទាំងមីកញ្ចប់មានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។ ដូច្នេះហើយទើបការទទួលទានមីកញ្ចប់អាចបណ្ដាលអោយសម្ពាធឈាមឡើងខ្ពស់។ ហើយដោយ

សារតែមីកញ្ចប់មានផ្ទុកជាតិសូដ្យូមខ្ពស់ នោះការទទួលទានមីកញ្ចប់កាន់តែអាក្រក់សម្រាប់អ្នកថែមទៀត ប្រសិនបើអ្នកមានជំងឺលើសឈាម។ អ្នកជំងឺបេះដូង ឬអ្នកដែលកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះក៏មិនគួរទទួលទានមីកញ្ចប់ច្រើនដែរ។

៥. កើនទម្ងន់

ជាធម្មតា មីកញ្ចប់ ផ្សំឡើងពីម្ស៉ៅស្រូវសាលីចម្រាញ់ដែលគ្មានផ្ទុកជាតិសសៃ ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពរាងកាយ។ ដូច្នេះបើទោះជាបានទទួលទានច្រើនក៏ដោយ ក៏នៅតែធ្វើអោយអ្នកមានអារម្មណ៍ឃ្លានជាប់ជានិច្ច។ ហើយក៏ព្រោះតែមីកញ្ចប់មានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម នោះវាក៏ធ្វើអោយរាងកាយរក្សាទុកសារធាតុរាវនាំអោយធាត់ និងហើមផងដែរ៕