ភ្នំពេញ៖ ថ្មីៗនេះកម្មវិធីជប់លៀងចេញម្លប់របស់កូនស្រីលោកលោកឧកញ៉ា លី សេងឃាង បានរៀបចំយ៉ាងអធិកអធម ល្បីភ្លូកទឹកភ្លូកដី ព្រោះជាកម្មវិធីចេញម្លប់ដ៏ធំដុំបំផុតមិនធ្លាប់មាននៅកម្ពុជា ដោយក្នុងកម្មវិធិនេះដែរ លោកឱកញ្ញាបានប្រកាសថា រាល់ចំណងដៃទាំងអស់ លោកនឹងធ្វើការបរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។
មិនខុសពីការសន្យា នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី ព្រមទាំងកូនស្រីកញ្ញា លី ជាស៊ីងវិចតូរៀ ដែលជាម្ចាស់កម្មវិធីចេញម្លប់ និងគម្រប់ខួបអាយុ១៦ឆ្នាំផងនោះ បាននាំយកថវិកាចំនួន ៤១ ៨៩០ (សែសិបមួយពាន់ ប្រាំបីរយកៅសិប) ដុល្លារអាមេរិក និង ១ ០០០ (មួយពាន់) ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០ ០០០ (ពីររយប៉ែតសិបពាន់) រៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជាដោយផ្ទាល់ដៃតែម្តង។
សម្រាប់ទឹកចិត្តដ៏ប្រពៃនេះមូលនិធិគន្ធបុប្ផាកម្ពុជា រួមទាំងប្រជាជនទាំងអស់បានថ្លែងអំណរគុណ ចំពោះទង្វើសប្បុរសធម៌ដែលគួរឱ្យសរសើរ និងយកជាគំរូតាមនៅក្នុងការយកថវិកាមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដូចនេះ៕