ភ្នំពេញ៖ រដូវវស្សានៅតែបន្តមិនទាន់ដាច់ ឯភ្លៀងចេះតែបង្អុរស្ទើរតែរាល់ថ្ងៃ ធ្វើឱ្យបណ្តាប្រជាជនមានការរាំងស្ទះនៅក្នុងការធ្វើចរាចរណ៍ទៅមកបន្តិច ជាពិសេសសិស្ស កម្មករ និងអ្នកជិះម៉ូតូមួយចំនួន រួមទាំងអ្នកថ្មើរជើង ឬជនក្រីក្រដែលមិនមានលទ្ធភាពទិញអាវភ្លៀងពាក់។
ហាក់យល់ពីភាពលំបាក និងចង់រួមចំណែកមួយក្នុងកិច្ចការសង្គម ឃ្លាំងឡានមួយកន្លែងមានឈ្មោះថា ៨៨៨ បានបង្ហោះសារមួយដ៏សែនររំភើប នោះគឺមានការចែកអាវភ្លៀងដោយឥតគិតថ្លៃរាល់ពេលភ្លៀង សម្រាប់់អ្នកដែលឆ្លងកាត់ដងមហាវិថីសហាព័ន្ធរុស្ស៊ីម្តុំក្តាន់២ ដោយមានការផ្តល់សិទ្ធអទិភាពដល់ស្ត្រី កុមារ និងមនុស្សចាស់ រហូតទទួលបានការសរសើរពិអ្នកលេងបណ្តាញសង្គមព្រោងព្រាតចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ។
តាមរយៈគណនីហ្វេសប៊ុកផេក 888cardealer ឃ្លាំងលក់រថយន្ត888 បានសរសេររៀបរាប់ថា៖ « ប្រសិនបើបងប្អូនធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពេលមេឃជិតភ្លៀង លោកអ្នកអាចចូលជ្រកនៅឃ្លាំងលក់រថយន្ត888 របស់យើងខ្ញុំដែលមានទីតាំងទល់មុខក្តាន់២។ ហើយបើលោកអ្នកចង់បន្តដំណើរទៅមុខទៀត យើងខ្ញុំមានចែកជូនជាអាវភ្លៀងដោយឥតគិតថ្លៃ ដោយផ្តល់សិទ្ធអាទិភាពដល់ស្រ្តី កុមារ និងមនុស្សចាស់។ សូមអរគុណ »។
សូមគាំទ្រអំពើក្នុងសង្គមទោះបីជាស្ថិតក្នុងរូបភាពតិចតួច ឬធំដុំក្តី ព្រោះវាសម្តែងពីសមានចិត្តដ៏ល្អចេញពីប្រជាជនម្នាក់ដែលរស់នៅក្រោមដំបូលមេឃតែមួយ៕