ដូចដែលយើងបានដឹងរួចមកហើយថា មួយរយៈមុន មានមហាជនជាច្រើនមានការស៊ែរចែករំលែកតៗគ្នានូវសម្រស់ដងផ្លូវតាមបណ្តាខេត្តនានានៅក្នុងប្រទេសខ្មែរយើងដែលមានដាំផ្កាក្ងោក។
ដោយផ្កាក្ងោកតាមដងផ្លូវមិនត្រឹមតែអាចជួយឱ្យផ្លូវកាន់តែស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ តែវាក៏អាចផ្តល់ជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ការធ្វើដំណើរតាមផ្លូវផងដែរ ជាពិសេសនោះ ត្រូវបានគេដឹងថាផ្កាក្ងោកថែមទាំងអាចធ្វើជាម្ហូបទទួលទានយ៉ាងឆ្ងាញ់ពីសារទៀតផង។
ប៉ុន្តែស្រាប់តែថ្មីៗនេះមានអ្នកឯកទេសខាងឱសថសាស្រ្តមួយរូបមាន គណនីហ្វេសប៊ុក DARY Chhavarath - ដារី ឆាវវ៉ារ៉ាត បានបង្ហោះសារទាក់ទងនឹងផ្កាក្ងោកថា ៖
«ខ្ញុំបាទត្រូវតែប្រញ៉ាប់ផុសបន្តិច ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ!!! ហាមយកផ្កាក្ងោកមកពិសា ថ្មីៗនេះខ្ញុំឃើញផេកមួយផ្សព្វផ្សាយពីម្ហូប បានបង្ហាញម្ហូបដោយយកផ្កាក្ងោកញាំជាមួយសាច់មាន់។សូមបងម្ចាស់ផេកប្រុងប្រយ័ត្នចំពោះការបរិភោគរុក្ខជាតិមួយថ្មី ដែលគេមិនដែលហូប មុននឹងពិសាខ្លួនឯង និងផ្សព្វផ្សាយបន្ត ដោយសារផ្កាវាមានផ្ទុកសារធាតុពុល hydrogen cyanide (HCN) បើញុាំដោយចំអិនជាតិនេះអាចហើរបាត់មួយភាគធំតែនេះញាំស្រស់ៗ) និង tannins ក្នុងកំហាប់ខ្ពស់ផង។
ក្ងោក (Delonix regia, Caesalpinoidae) យោងតាមឯកសារស្រាវជ្រាវគ្រាប់ខ្ចីរបស់វាអាចហូបបាន តែពេលទុំគឺពុលខ្លាំង ហើយផ្នែកផ្សេងៗទៀតរបស់វាសុទ្ឋតែប៉ះពាល់សុខភាពបើទទួលទាន ហើយគេនិយមយករុក្ខជាតិនេះទៅ បំពុលសត្វសុនខ (ឆ្កែ)»។
គួរឱ្យដឹងផងដែរថា សម្រាប់ការផុសរបស់បណ្ឌិតឯកទេសមួយរូបនេះ មានអ្នកលេងបណ្តាញសង្គមមួយចំនួនក៏មិនយល់ស្របដែរ ដោយអ្នកខ្លះបាននិយាយថា ធ្លាប់ទទួលទានផ្កាក្ងោកនេះតាំងពីនៅវ័យកុមារមកម្ល៉េះមិនដែលកើតអី ឬពុលផង។ តែទោះជាយ់ាងណាមានការយល់ដឹងខ្លះ និងមានការប្រុងប្រយ័ត្នខ្លះក៏ជារឿងល្អដែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?