មេរៀនជីវិតសំខាន់ ​លើសពីភាពយន្តកម្សាន្ត ដែលអ្នកមិនធ្លាប់បានដឹងពីរឿង ​Frozen

នៅក្នុងឆ្នាំ ​២០១៣ ​ខ្សែភាពយន្តរបស់​ Disney  រឿង ​Frozen  ទទួលបានភាពជោគជ័យខ្លាំង ​ទាំងផ្នែក ​Graphic  និងសាច់រឿង ​រហូតទទួលបានពានអូស្កាដល់ទៅ២ ​ដែលស្ទើរតែមិនគួរឱ្យជឿ។

សាច់រឿងមួយនេះត្រូវបានគេដឹងថាផ្តល់អត្ថន័យយ៉ាងធំធេងសម្រាប់ជីវិតមនុស្សបច្ចុប្បន្នដែលអ្នកប្រហែលជាមិននឹកស្មានដល់ដូចជា៖

១. ​ជាតួអង្គដែលមានលក្ខណៈពិសេស

នៅក្នុងសាច់រឿង ​Frozen  មិនបានបង្ហាញពីលក្ខណៈឥតខ្ចោះនៃតួអង្គឡើយ ​វាបង្ហាញពីធាតុពិតនៃចរិតមនុស្ស ​ដែលគ្មាននរណាម្នាក់ដែលថាមិនចេះខុសនោះទេ ​ដោយចរិតតួអង្គទាំងអស់មានទាំងភាពក្លាហាន ភាពភ័យខ្លាច មហិច្ឆតា ​ការងើបតស៊ូជាដើម។

ទោះបីជាតុក្កតានៃមិនបានបង្ហាញនូវភាពល្អឥតខ្ចោះបែបនេះ ​តែវាបានផ្តល់មេរៀនជីវិតឱ្យយើងចេះងើបតស៊ូ ​ជម្នះឧបសគ្គ និងចេះផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។

តួអង្គ ​Anna  គឺជាតួអង្គដែលមានអត្តចរិតដូចក្មេងស្រីទូទៅភាគច្រើន មានទាំងភាពរីករាយ ​កំប្លុកកំប្លែង ​ដែលធ្វើឱ្យគ្រប់គ្នាចូលចិត្តនាង។ ម្យ៉ាងទៀតនាងជាមនុស្សស្មោះត្រង់ ​បើកចំហរចិត្ត ​ជាពិសេសនាងទុកចិត្ត និងជិតស្និទ្ធនឹងបងស្រីនាងជាងគេ។

Elsa ជួបនឹងរឿងពិបាក ស្មុគស្មាញដែលត្រូវឆ្លងកាត់ ​ហើយនាងត្រូវរស់នៅជាមួយជីវិតដែលកើតមកមានភាពខុសគេ ​ដែលធ្វើឱ្យនាងត្រូវនៅឆ្ងាយពីមនុស្សម្នា ​ជាពិសេសប្អូនស្រីជាទីស្រលាញ់ទាំងដែលនាងមិនចង់។

ភាពពិតនៃថាមពលពិសេសរបស់នាង ​ត្រូវបាននាងលាក់ទុក ​ដោយចាត់ទុកវាជាចំណុចខ្សោយដែលអាចបំផ្លាញនាងបាន ​ដោយវាត្រូវបានឆ្លុះបញ្ចាំងទៅនឹងសង្គមបច្ចុប្បន្នថា មនុស្សភាគច្រើនតែងតែទើសមុខ ​មិនពេញចិត្តនឹងមនុស្សដែលល្អពូកែជាងខ្លួន ​ដែលជាហេតុធ្វើឱ្យមនុស្សពូកែត្រូវលាក់ទុកសមត្ថភាពពិត ដើម្បីបង្ការការស្អប់ខ្ពើម ​និងច្រណែនឈ្នានីសពីមនុស្សទូទៅ។

តែចុងក្រោយនាងបានក្រោកឈរ ​ប្រឆាំង ​និងប្រើសមត្ថភាពខ្លួនឯងដើម្បីឆ្លងកាត់រឿងរ៉ាវអាក្រក់ៗទាំងឡាយ ​ជាពិសេសនៅទីបំផុតនាងក៏បានដឹងថា មានមនុស្សជាច្រើនទៀតក៏បានជួយ ​និងគាំទ្រនាងរហូតទទួលបានជោគជ័យផងដែរ។

២. ស្តែងពីធាតុពិតមនុស្សលាក់មុខមួយចំនួននៅក្នុងសង្គម

ព្រះអង្គម្ចាស់ Hans ​ត្រូវបានគេប្រៀបធៀបនឹងចរិតមនុស្សមួយចំនួនធំនៅក្នុងសង្គមបច្ចុប្បន្ន ​ព្រោះចំពោះ  Anna  ព្រះអង្គម្ចាស់មើលទៅជាមនុស្សកំប្លែង មានភាពរីករាយ និងស្មោះត្រង់ ​តែទីបំផុតទ្រង់ជាមនុស្សអាក្រក់ ​ពោលគឺទ្រង់ជាមនុស្សបោកប្រាស់ លាក់ពុតតាំងពីដើម  គ្រាន់តែមានមនុស្សឆាប់ជឿទុកចិត្តគេប៉ុណ្ណោះ។

Hans  មិនត្រឹមតែបោកប្រាស់តួអង្គក្នុងភាពយន្តប៉ុណ្ណោះទេ ​តែតួអង្គនេះបានធ្វើឱ្យអ្នកទស្សនាបាក់ចង្កេះមិននឹកស្មានដល់ចំពោះអំពើអាក្រក់របស់គេផងដែរ។

មានចំណុចជាច្រើនដែលអ្នកអាចនឹងកត់សម្គាល់ចរិតអាក្រក់របស់​ Hans  បាន ​នៅត្រង់វគ្គដែលទ្រង់ច្រៀងលួងលោម ​Anna  នៅក្នុងបទចម្រៀង “I’ve Found My Place” ទ្រង់មិនបានផ្តោតសំខាន់ដោយដាក់អារម្មណ៍ស្នេហាទៅលើ​ Anna  នោះទេ ​ដោយបទចម្រៀងដែលទ្រង់សំដៅនោះគឺ ​ប្រាសាទ Arendelle ​ពោលទ្រង់ធ្វើពុតជាស្រលាញ់ ​Anna  ដោយចង់គ្រប់គ្រងប្រទេសនេះប៉ុណ្ណោះ។

នៅត្រង់ចំណុចមួយទៀតនៅពេលដែល Hans  ព្យាយាមចង់ជួយដល់  Elsa  នៅក្នុងប្រាសាទទឹកកករបស់នាងពេលទាហានរកបាញ់  Elsa  មើលទៅដូចជាទ្រង់ចង់ជួយ  Elsa  តែការពិតការជួយនោះជាការមានបំណងចង់សម្លាប់  Elsa ទៅវិញទេ។

៣. បទចម្រៀង ​«​ Let's it  Go  » ​កែប្រែវាសនាតួអង្គ

តើអ្នកដឹងទេ ​តួអង្គ  Elsa  ដំបូងត្រូវបានគេតាក់តែងធ្វើជាតួអាក្រក់ ​តែក្រោយពីបានស្តាប់បទចម្រៀង «​ Let's it  Go  » និងជ្រួតជ្រៀតអត្ថន័យនៃបទនេះ ​អ្នកដឹកនាំបានកែប្រែតួអង្គ Elsa  ដូចដែលអ្នកបានឃើញនៅពេលនេះ។

មិនត្រឹមតែចម្រៀងមួយនេះបានប្តូរតួអង្គឱ្យ ​Elsa  ក្លាយជាតួអង្គល្អនោះទេ ​តែបទចម្រៀងនេះមានឥទ្ធិពលធ្វើឱ្យនាង ​Elsa  ក្លាយទៅជាខ្លួនឯងពិតប្រាកដ។

តើអ្នកចាំទេ ​ពេលដែល ​Elsa រស់នៅក្នុងរាជវាំងនាងខំតែងខ្លួនស្លៀកពាក់ ​ទៅតាមប្រពៃណីទំនៀមទម្លាប់ប្រទេសដូចជាម្តាយរបស់នាង ​ជាពិសេសត្រូវពាក់ស្រោមដៃឃាត់ឃាំងវេទមន្ត ដែលទាំងនេះធ្វើឱ្យនាងមាន​​អារម្មណ៍ថាធុញទ្រាន់ស្មុគស្មាញ ​មិនមែនជាខ្លួនឯងពីតប្រាកដ។

តែនៅពេលដែលនាងចេញពីវាំង ​ហើយច្រៀងបទ «​ Let's it  Go  » នាងបានដោះឈុតនាងចេញ ​ដោះស្រោមដៃ ហើយនាងបានទាញទម្លាក់ស្តាយ៍សក់ចាស់របស់នាង ​ពោលគឺនាងបានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្ត ​និងធ្វើអ្វីដែលជាធាតុពិតខ្លួនឯងដោយមិនបាច់លាក់បាំងនរណាទៀតនោះទេ។

អ្នកនឹងឃើញនាងជប់សំលៀកបំពាក់ឈុតទឹកកកថ្មី ​ថែមទាំងជប់ប្រាសាទទឹកកកសម្រាប់រស់នៅផងដែរ ​ដែលពេលនោះហើយជាថ្ងៃថ្មី ​ជីវិតថ្មីរបស់នាងបានចាប់ផ្តើម។

ថាមពលរបស់  Elsa  ក៏ឆ្លុះបញ្ចាំងពីអារម្មណ៍របស់នាងដែរ។ នៅពេលដែលនាងមានទំនុកចិត្តលើខ្លួនឯង កម្លាំងថាមពលរបស់នាងពិតជាស្រស់ស្អាតខ្លាំង  និងមានសមត្ថភាពអស្ចារ្យនៅក្នុងការជប់មនុស្សទឹកកក (Olaf) ប្រាសាទទឹកកក ​និងឈុតសំលៀកបំពាក់ទឹកកក ។

តែនៅពេលដែលនាងមានអារម្មណ៍ភ័យខ្លាច ​ថាមពលរបស់នាងបានចុះអន់ថយ ។ នៅពេលនាងមានអារម្មណ៍វិលវល់ និងអស់សង្ឃឹមមានព្យុះទឹកកក។ ហើយនៅចុងបញ្ចប់នៃខ្សែភាពយន្តនៅពេល Hans  ប្រាប់ Elsa ថា Anna បានស្លាប់ ព្យុះភ្លៀងក៏បញ្ឈប់ភ្លាមៗព្រោះ ​​Elsa  បាត់បង់ការគ្រប់គ្រងខ្លួនឯង ​នាងលែងមានអារម្មណ៍អ្វីទាំងអស់ដូចស្លាប់ទាំងរស់។

៤. ​រឿង  Frozen  ផ្លាស់ប្តូរភាពល្អឥតខ្ចោះនៃតួអង្គ

រឿង  Frozen  បានបំបែកប្រវត្តិសាស្រ្ត របស់តួអង្គឯករបស់ ​Disney  មុនៗ ដែលតែងតែមានភាពឥតខ្ចោះនៅក្នុងខ្លួនដូចជា

-ព្រះអង្គម្ចាស់  Hans  ដែលមានរូបរាងសង្ហា ​ល្អឥតខ្ចោះសមជាតួឯក ​បានប្រែក្លាយទៅជាតួអង្គអាក្រក់បំផុតទៅវិញ

-តួអង្គមនុស្សស្រីដែលធ្លាប់តែមានភាពទន់ខ្សោយត្រូវការជំនួយរបស់តួឯកប្រុសរបស់បណ្តាតួអង្គព្រះនាង ​Disney ​តែស្រាប់រឿង ​Frozen តួស្រីបានប្រែក្លាយទៅជាតួអង្គដែលងើបឈរ  មានភាពរឹងមាំ ថែមទាំងអាចបំបែកឧបសគ្គដោយខ្លួនឯង។

-តួអង្គ ​Anna  ដែលជាព្រះនាងម្ចាស់  បែរជាមានចរិតលក្ខណៈដូចមនុស្សស្រីធម្មតា ​ដូចជា គេងក្នុងឥរិយាបថគួរឱ្យអស់សំណើច ​ឡិកឡក់ ​កំប្លែង ​ជាពិសេសមានភាពក្លាហានញ៉ែមនុស្សប្រុសមុនទៀតផង។

៥.​ ជាសាច់រឿងនិយាយពីទ្វារ  និងស្រោមដៃជាជំណុចគោល

ទ្វារ ​គឺអត្ថន័យលាក់បង្កប់មួយដែលខ្សែភាពយន្តនេះព្យាយាមប្រៀបធៀបន័យបញ្ឆិតបញ្ឆៀង ដោយទ្វារមួយនេះតំណាងឱ្យភាពឯកោ ការបិទបាំងខ្លួនឯង និងការដែលមិនព្រមផ្តល់ឱកាស។ ជាញឹកញយសាច់រឿងមួយនេះ ​មានវគ្គនិយាយពីទ្វារនេះច្រើនបំផុត ​ដោយចំណុចដែលសំខាន់ជាងគេមានដូចជា៖

-ទីមួយទ្វារបន្ទប់របស់​ Elsa  ត្រូវបានបិទ ​ដោយទ្វារនេះទោះបីជាអាចបើកបានយ៉ាងណាក៏ដោយ ​តែ ​Elsa នាងបានសម្រេចចិត្តចាក់សោរឃុំខ្លួនឯងតែម្តង ​ដោយទ្វារមួយនេះធ្វើឱ្យនាងមានភាពឯកា ​ឆ្ងាយពីមនុស្សម្នា​ ជាពិសេសបាត់ភាពស្និទ្ធស្នាលជាមួយប្អូនស្រីជាទីស្រលាញ់។  ដោយមួយផ្នែកទៀត  ទ្វាររបងរាជវាំង ​បានឃុំឃាំង ​Anna  មិនឱ្យចេញពីក្រៅនោះទេ ​ពោលគឺនាងមានសេរិភាពត្រឹមនៅក្នុងរបងរាជវាំងប៉ុណ្ណោះ។

-Elsa បានបិទទ្វារនៅចុងបញ្ចប់នៃបទចម្រៀង “ Let It Go” ដើម្បីជាការបញ្ជាក់ថា  នាងមិនអនុញ្ញាតិឱ្យអ្នកណាមកធ្វើបាបនាង  និងចូលដែនដីរបស់នាងឡើយ ​នាងនឹងធ្វើជាខ្លួនឯងពិតប្រាកដនៅទីនេះ។

-ក្លោងទ្វារប្រាសាទបានបិទមិនឱ្យ Kristoff ចូលទៅក្នុងឡើយ ​ពេលដែលគាត់បាននាំ ​ Anna  ត្រលប់មករាជវាំងវិញ

-ទ្វារបានបិទ ​នៅពេលដែលព្រះអង្គម្ចាស់ Hans  បានចាកចេញចោល ​ទុកឱ្យ ​Anna  នៅស្លាប់ម្នាក់ឯង។

អ្នកពិតជាឆ្ងល់ណាស់ហើយមែនទេ ​ហេតុអ្វីបានជា  Anna  លង់ស្រលាញ់​​ Hans  លឿនម៉្លេះដោយគ្រាន់តែជួបគ្នាជាលើកដំបូង ​នោះក៏ដោយសារតែពេលនោះគឺជាទ្វារដំបូងដែលបានបើកសេរីភាពរបស់នាងឱ្យអាចចេញពីរាជវាំង ហើយក៏បានជួបនឹង​ Hans  តែម្តងទៅ។

ដូច្នេះហើយបានជាបទចម្រៀងនោះមានចំណងជើងថា ​« Love Is an Open Door »

ន័យបង្កប់មួយទៀតនោះគឺ ស្រោមដៃ ​បានន័យថាជាការលាក់ទុករឿងសម្ងាត់ ​ហើយមនុស្សម្នាក់ៗសុទ្ធតែមានរឿងសម្ងាត់ផ្ទាល់ខ្លួន។ ​

ត្រង់វគ្គមួយនោះ គឺជាពេលដែលឪពុករបស់​  ​Elsa  បានពាក់ស្រោមដៃជាលើកដំបូងឱ្យនាង  ដើម្បីកុំឱ្យថាមពលពិសេសនាងប្រើការចេញក្រៅមកបាន ​ដោយឪពុកនាងបាននិយាយថា៖ « គ្រប់គ្រងវាកុំដោះចេញ ​កុំមានអារម្មណ៍អ្វីទាំងអស់ ​កុំបង្ហាញវាចេញមក ​»។ ​ដោយការពិតទៅថាមពលរបស់នាង ​គឺជាចំណុចពិសេសអស្ចារ្យរបស់នាង​​ ហើយវាជាធាតុពិតរបស់នាង  តែនាងបែរជាត្រូវទ្រាំលាក់ទុកវាទៅវិញ។

ស្រោមដៃមួយនេះដូចជារនាំងរារាំងអ្វីដែលជាខ្លួនឯង  នាងត្រូវទ្រាំលាក់បាំងធ្វើជាមនុស្សស្រីធម្មតា ​ដោយសារតែស្រោមដៃមួយនេះ។ ​តែពេលដែលនាងចេញពីវាំង ​នាងបានដោះស្រោមដៃនេះចោល ​ថែមទាំងមានសេរីភាពអាចធ្វើជាខ្លួននាងបានវិញផងដែរ។

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​នៅក្នុងសាច់រឿងមួយនេះ មិនមែនមានតែ ​Elsa ទេដែលពាក់ស្រោមដៃ ​សូម្បីតែព្រះអង្គម្ចាស់ ​Hans  ក៏ពាក់ស្រោមដៃនេះដែរ ​ពោលគេចង់បង្ហាញថា ​Hans  បានព្យាយាមលាក់ទុកនូវចរិតអាក្រក់ ​និងចេតនាពិតរបស់គេផ្ទាល់។ ​

ហើយនៅត្រង់ឈុតមួយ ពេលដែលគេបង្ហាញនូវធាតុពិតដ៏អាក្រក់របស់គេ ​គេបានដោះស្រោមដៃចេញ ​តែនៅពេលដែលទ្រង់ដើរចាកចេញពី​ Anna  បណ្តោយឱ្យនាងស្លាប់ ទ្រង់ក៏បានទាញស្រោមដៃមកពាក់ម្តងទៀត ​ពោលគឺដើម្បីលាក់បាំងអំពើអាក្រក់របស់គេជាថ្មីជាមួយមនុស្សខាងក្រៅ។

៦.  Olaf មានអ្វីពិសេសជាងអ្វីដែលអ្នកគិត

Anna និង Elsa បានធ្វើតុក្កតាព្រិលនេះជាមួយគ្នា ​កាលពីពួកគេនៅតូច ​ដែលវាបង្ហាញពីការស្រលាញ់រវាងបងប្អូនគេទាំង២ និងបង្ហាញពីចរិតក្មេងខ្ចីមិនទាន់ដឹងអីរបស់ពួកគេផងដែរ។ ​ដូច្នេះហើយបានជាតួអង្គតុក្កតាព្រិល ​Olaf  មានអត្តចរិតដូចកូនក្មេង ​កំប្លែង និង​ស្រស់ស្រាយយ៉ាងនេះ។ តែនៅពេលមួយដែល  Elsa  បានជ្រុលដៃប្រើវេទមន្តប៉ះចំ ​Anna  ធ្វើឱ្យនាងរបួស ​តុក្កតាព្រិលក៏បានបែកបាក់ដូចគ្នា។

ចំណែកនៅក្នុងវគ្គបទចម្រៀង  “Do You Want to Build a Snowman?” ត្រូវបានបង្ហាញថា ​Anna  ព្យាយាមគោះទ្វារហៅបងស្រីខ្លួន ​Elsa  ឱ្យចេញមកក្រៅលេងជាមួយគ្នា ​ដោយនាំគ្នាសង់តុក្កតាព្រិលជាមួយគ្នាឡើងវិញ ​ដោយនេះចង់បង្ហាញថា ​Anna  ចង់ផ្សះផ្សារភាពស្និទ្ធស្នាលជាមួយបងស្រីឡើងវិញ ​តែវាបែរជាមិនអាចទៅរួចទៅវិញ ដោយ Elsa  មិនបានចេញមកក្រៅឡើយ។

មួយផ្នែកទៀត ​Elsa  ពេលឮបទនេះ ​នាងពិតជាចង់ចេញមកក្រៅលេងជាមួយប្អូនទៀតណាស់ ​ហើយបំណងធំបំផុតរបស់នាងក៏ចង់សង់តុក្កតា ​Olaf  នេះឡើងវិញដែរ ​តែនាងពិតជាមិនអាចចេញក្រៅបាននោះទេ។

​ដូច្នេះហើយ បានជាពេលនាងចេញពីរាជវាំង ​រឿងមុនគេដែលនាងបានធ្វើនោះគឺ ​បង្កើត តុក្កតាព្រិល Olaf  ឡើងវិញ ​និងជប់វាឱ្យមានជីវិត។

ពណ៌នៅក្នុងសាច់រឿង ​បានប្រាប់ពីស្ថានភាពនៃសាច់រឿង ​និងអត្តចរិតនៃតួអង្គ ដោយ Anna មានសក់ពណ៌ក្រហម ​ហើយតែងតែស្លៀតឈុតពណ៌បៃតង និងរាងស្រអាប់។ ​ចំណែក ​Elsa មានសក់ពណ៌ ស ហើយនាងតែងតែស្លៀកឈុតពណ៌ទឹកសមុទ្រ។

ដែលពិសេសនោះ ​ឈុតសំលៀកបំពាក់របស់បងប្អូនស្រីទាំង ​២ ​នៅក្នុងថ្ងៃឡើងសោយរាជ្យ ​ត្រូវបានគេដឹងថា ជាពណ៌ដែលតំណាងឱ្យទង់ជាតិនៃទីក្រុងប្រទេសរបស់គេ គឺពណ៌បៃតង ​និងពណ៌ស្វាយ។

បន្ថែមលើសពីនេះ សូម្បីតែពណ៌ថាមពលទឹកកករបស់ ​Elsa ក៏តែងតែប្រែប្រួលទៅតាមអារម្មណ៍ផ្ទាល់ខ្លួនដែរ ​ដោយថាមពលនឹងបញ្ចេញពណ៌ទឹកសមុទ្រ នៅពេលដែលអារម្មណ៍នាងស្រស់ស្រាយ និងសប្បាយចិត្ត  ឯពណ៌ក្រហមនៅពេលនាងភ័យខ្លាច  និងពណ៌លឿងនៅពេលនាងខឹង។

៨. ​ពិសេសលើសពីពិសេសអំពីអត្ថន័យក្តីស្រលាញ់រវាងបងប្អូន

រឿង ​Frozen  ផ្តោតអត្ថន័យសំខាន់មិនមែនជារឿងស្នេហាប្រុសស្រីឡើយ ​នោះគឺការបង្ហាញពីក្តីស្រលាញ់ជ្រាលជ្រៅរវាងបងប្អូន ​និងអត្ថន័យពិសេសលើសពីនេះទៅទៀតដូចជា៖

-Kristoff និង Anna បានបង្ហាញឱ្យឃើញថា​ ស្នេហាត្រូវការពេលវេលា និងការខិតខំឆ្លងឧបសគ្គរួមគ្នា  ជាពិសេសគឺការស្និទ្ធស្នាល ​យល់ចិត្ត និងឆ្លងកាត់ពេលលំបាករួមគ្នាជាច្រើន។

-នៅក្នុងថ្ងៃគ្រងរាជ   Elsa  មានសភាពផ្លូវចិត្ត ​ដែលបង្ហាញតាមរយៈការញ័រដៃ អារម្មណ៍ភ័យខ្លាច ច្របូកច្របល់ ថប់អារម្មណ៍ និងការភ័យស្លន់ស្លោរ ។ ដំណោះស្រាយចុងក្រោយ ​និងខ្សែភាពយន្តនៅទីបញ្ចប់បានបង្ហាញថា ​ជំងឺផ្លូវចិត្តមិនអាចធ្វើឱ្យអ្នកឆ្កួតបានឡើយ ​ប្រសិនជាអ្នកព្យាយាមជម្នះ ​និងឆ្លងកាត់ឧបសគ្គទាំងនោះ។

-ជាចំណុចសំខាន់បំផុតនោះ ​ខ្សែភាពយន្តនេះ ​បានបង្ហាញឱ្យយើងរៀនធ្វើជាខ្លួនឯង ​ទទួលយកការពិត ​និងមិនត្រូវលាក់សមត្ថភាពដែលខ្លួនឯងមានឡើយ៕