ផ្សារទំនើប AEON Mall គឺជាផ្សារទំនើបល្បីរបស់ជប៉ុន ហើយថែមទាំងបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើងដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ រហូតបានបើកដំណើរការដល់ទៅ ២សាខាផងដែរ។
ដោយសារតែផ្សារទំនើបនេះមានភាពល្បីល្បាញខ្លាំងថាជាកន្លែងប្រមូលផ្តុំកន្លែងកម្សាន្ត និងហាងទំនិញល្បីៗ មានអ្នកមកកម្សាន្ត និងគាំទ្រច្រើនបែបនេះហើយ ក្រោយពីបានបើកដំណើរការសាខា AEON សាខាទី២ សែនសុខមិនទាន់បានមួយឆ្នាំផង ពេលនេះ សាខាទី ៣ គ្រោងនឹងបើកដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗនេះទៀតផង។
យោងតាមរយៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន AEON MALL (Cambodia) Co.,Ltd លើគម្រោងសាងសង់ផ្សារទំនើប ពោលគឺជាផ្សារទំនើបអ៊ីអនទី៣។ ដោយគម្រោងនេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំបន់ផ្លូវ៦០ម៉ែត្រ) មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារ។
ដូច្នេះកុំភ្លេចត្រៀមខ្លួន កន្លែងកម្សាន្តបើកថ្មីនេះ នៅមិនឆ្ងាយពីក្រុងភ្នំពេញយើងប៉ុន្មាននោះទេ ដឹងតែនាំគ្នាមកលេងផ្អើលទៀតហើយ៕