ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជម្ងឺ ៨ ប្រភេទដែលប៉ះពាល់ដល់ការសិក្សារបស់ក្មេង

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជម្ងឺ ៨ ប្រភេទដែលប៉ះពាល់ដល់ការសិក្សារបស់ក្មេង

ក្មេងៗដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅគឺកំពុងពេញវ័យក្នុងការសិក្សាដែលទាមទារឲពួកគេខិតខំប្រឹងប្រែងនិងកាត់បន្ថយក្នុងការលេងច្រើន។

ប៉ុន្តែនៅពេលកំពុងសិក្សានោះគឺពួកគេអាចជួបប្រទះនូវជំងឺមួយចំនួនដែលអាចធ្វើឲប៉ះពាល់ដល់សុខភាពនិងការសិក្សារបស់ពួកគេ។

Kid Studying
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

“ខ្ញុំសូមជម្រាបជូនថា មានជំងឺច្រើនប្រភេទណាស់ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ ប៉ុន្តែពេលនេះខ្ញុំសូមលើកយកជំងឺ៨​ប្រភេទដែលកើតចំពោះក្មេងញឹកញាប់ មកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់រូបឱ្យបានយល់ដឹងខ្លះៗ ដែលជំងឺទាំងនោះរួមមាន៖

83323509_2674137102683411_6095869434222608384_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី១ ជំងឺអូទីសឹម (Autism)។ អូទីសឹមជាជំងឺស្មុគស្មាញ ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ ឥរិយាបថ និងអាកប្បកិរិយារបស់ក្មេង។ វាធ្វើឱ្យក្មេងពិបាកក្នុងការទាក់ទងនៅក្នុងសង្គម ពិបាកក្នុងការលូតលាស់ ពិបាកក្នុងការប្រើប្រាស់ភាសា និងពិបាកក្នុងការនិយាយស្ដី ឬទំនាក់ទំនងជាសំឡេង។ ក្មេងដែលកើតជំងឺអូទីសឹម ភាគច្រើនមិន​សូវហ៊ានចូលរួមក្នុងសង្គមទេ ហើយគាត់ធ្វើអ្វីតែងតែឆ្គងៗ និងចូលចិត្តទះដៃតែម្នាក់ឯង។

ក្មេងកើតជំងឺអូទីសឹម ភាគច្រើនគេតែងតែផ្ដល់ការណែនាំ ផ្ដល់ការប្រឹក្សាក្រៅម៉ោងសិក្សា ដើម្បីធ្វើយ៉ាងម៉េចឱ្យគាត់មានភាពក្លាហាន ឱ្យគាត់ចូលក្នុងសង្គមគេចុះ ឱ្យគាត់អាចរៀននៅក្នុងសាលាបាន ប៉ុន្តែមានមួយចំនួនតូចទេដែលគេអាចចូលរៀនក្នុងសាលាទូទៅជា​មួយក្មេងដទៃបាន។ ភាគច្រើនក្មេងដែលមានជំងឺនេះ គេតែងបញ្ជូន​ទៅរៀននៅសាលាពិសេស គឺគេមិនអាចបញ្ជូនទៅរៀននៅសាលាទូទៅជាមួយក្មេងធម្មតាទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តគាត់ ហើយអាចធ្វើឱ្យសិស្សផ្សេងៗពិបាករៀន។

សូមបញ្ជាក់ថា ជំងឺអូទីសឹមមាន៥ប្រភេទ។ ប្រភេទទី១ គឺ Pervasive developmental disorder (PDD)។ ប្រភេទទី២ គឺ Asperger syndrome។ អូទីសឹមប្រភេទនេះ ធ្វើឱ្យក្មេងឈ្លាសវៃខ្លាំងណាស់។ ប្រភេទទី៣ គឺ Rett syndrome។ ប្រភេទនេះ គឺសរសៃប្រសាទ​សុទ្ធសាធតែម្ដង ហើយវាច្រើនកើតលើស្ត្រី។ អូទីសឹមប្រភេទទី​៣នេះ ពាក់ព័ន្ធនឹងការលូតលាស់នៃសារពាង្គកាយ ពាក់ព័ន្ធសរសៃ​ដៃ សរសៃជើង និងពាក់ព័ន្ធការប្រើប្រាស់ភាសាក្នុងការនិយាយស្ដី។ ប្រភេទទី៤ គឺ Childhood Dissociative Disorder (CDD)។ ប្រភេទ​ទី៤នេះ វាផ្ទុយពីប្រភេទទី២ (Asperger syndrome) ពោលវាធ្វើឱ្យក្មេង​រៀនមិនពូកែ និយាយអត់ចេញ និងដើរមិនរួច។ ប្រភេទទី៥ គឺ Autistic disorder។ ដោយសារវាសាមញ្ញពេក ដូច្នេះគេមិនរាប់ទេ។ ប្រភេទនេះជួនកាលអាចបណ្ដាលមកពីតំណពូជ ឬបរិស្ថាន ឬក៏ម្ដាយ​មានផ្ទៃពោះក្នុងវ័យចាស់ពេក។ ជួនកាលមកពីកូនហ្នឹងកើត​មកមិនគ្រប់គីឡូជួនកាលមកពីឪពុកម្ដាយប៉ះពាល់ជាតិគីមីណា​មួយ​ដែលយើងមិនដឹង ហើយជួនកាលមកពីឪពុកម្ដាយជក់គ្រឿង​ញៀន ជក់បារី ញ៉ាំគ្រឿងស្រវឹង (Alcohol)។ ប៉ុន្តែចំណុចទាំងអស់ហ្នឹងគេមិនទាន់សន្មតថា ជាហេតុបណ្ដាលឱ្យក្មេងកើតជំងឺអូទីសឹមប្រភេទ​ទី៥នេះនោះទេ។

ដូច្នេះសូមឪពុកម្ដាយ ឬអ្នកអាណាព្យាបាលសិស្សគ្រប់រូប គួរឈ្វេងយល់អំពីជំងឺអូទីសឹមឱ្យបានខ្លាំងមែនទែន។ សូមចាំថា មិនមែនគ្រាន់តែក្មេងមិនសូវមាត់ក ថាគាត់កើតជំងឺអូទីសឹមទេ, មិនមែនគ្រាន់តែក្មេងរពឹស ថាគាត់កើតជំងឺអូទីសឹមទេ, ហើយមិនមែនគ្រាន់តែក្មេងឡូឡា វ៉ៃគេវ៉ៃឯង ថាគាត់កើតជំងឺអូទីសឹមទេ។ អ៊ីចឹងបើក្មេងមានអាការៈបែបនេះ យើងត្រូវយកគាត់ទៅឱ្យគ្រូពេទ្យជំនាញពិនិត្យ ដើម្បីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងព្យាបាល។

ទី២ ជំងឺ Speech Delay ឬ Alalia។ ជំងឺ Speech Delay ធ្វើឱ្យក្មេងពិបាករៀន ពិបាកអាន ឬមិនងាយចេះនិយាយ និងមិនងាយចេះបញ្ចេញសំឡេងជាដើម គឺទាល់តែក្មេងហ្នឹងអាយុច្រើនបន្តិចបានចេះនិយាយ។

ខ្ញុំសូមបញ្ជាក់បន្តិចថា ក្មេងមិនងាយចេះនិយាយ គឺបណ្ដាលមកពីបញ្ហាច្រើន មិនមែនមកតែពីគាត់មើលទូរសព្ទ ឬលេងឌីជីថលអីហ្នឹងទេ។ ទី១ អាចមកពីសរីរាង្គ (Anatomy) ក្នុងមាត់គាត់អត់ដើរ ដូចជាអណ្ដាតគាត់គន្លាស់អត់បាន ធ្មេញគាត់ដុះអត់ពេញ ឬក្រអូមមាត់បិទអត់ជិត។ ទី២ ជួនកាលមិនមែនមកពីមាត់ទេ គឺមកពីសួតគាត់មានបញ្ហា។ សួតអាចបញ្ចេញសំឡេងបាន លុះត្រាតែសាច់ដុំសន្ទះបើកបិទ (diaphragm) ធាក់ទាញៗបានចេញជាសំឡេង។ ដូច្នេះ បើសួតមានបញ្ហា ក្មេងក៏មានបញ្ហាបញ្ចេញសំឡេងដែរ។ បើសាច់សុំសន្ទះបើកបិទ (diaphragm) មានបញ្ហា នោះក្មេងក៏មានបញ្ហាសំឡេងដែរ។ ទី៣ ជួនកាលសួតយើងអត់មានបញ្ហាទេ តែមកពីបំពង់ក។ នៅស្រុកគេមុននឹងឱ្យក្មេងចូលរៀន គេធ្វើតេស្ដរាងកាយ ធ្វើតេស្ដភ្នែក ធ្វើតេស្តមាត់ ធ្វើតេស្តសំឡេង ហើយសូម្បីក្មេងចូលលេងកីឡាក៏គេធ្វើតេស្តដែរ តាំងពីផ្លូវភេទរបស់គាត់ ថាតើពងស្វាសរបស់គាត់ធំតូចឬអត់? មានបញ្ហាឬអត់? គឺគេធ្វើតេស្តដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់គាត់ ព្រោះជួនកាលគាត់កំពុងហែលទឹក ស្រាប់តែចុកពងមួយចំហៀង ជួនកាលគាត់រត់ទៅអាចប៉ះទង្គិចពងមួយចំហៀង។ ទី៤ ជួនកាលមកពីត្រចៀក។ ម្ដាយឪពុកគាត់ចេះតែឆ្ងល់ថា ហេតុអ្វីកូនគាត់អត់ចេះមាត់ក? គឺមកពីត្រចៀកគាត់ថ្លង់ ស្ដាប់មិនឮ។ បើត្រចៀកគាត់ថ្លង់ នោះគាត់មិនអាចនិយាយកើតទេ។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា ក្នុងមួយថ្ងៃ បើសិនក្មេងលេងទូរសព្ទ ឬលេងអាយផេត៣០នាទីឡើង នោះ៥០ភាគរយពួកគាត់នឹងប្រឈមបញ្ហាមិនងាយចេះនិយាយ។

ទី៣ ជំងឺ attention deficit hyperactivity disorder។ ជំងឺនេះធ្វើឱ្យក្មេងពុះកញ្ជ្រោល នៅអត់ស្ងៀម ជ្រួលជ្រើម ធ្វើអ្វីតាមអំពើចិត្ត ហាមមិនស្ដាប់ រៀនអត់ចេះ និងពិបាកចងចាំ។ ក្មេងកើតជំងឺនេះ កាលជំនាន់ដើមតែងតែត្រូវគ្រូវ៉ៃ។ កាលខ្ញុំនៅជំរំ ខ្ញុំឃើញក្មេងម្នាក់នោះត្រូវគ្រូវ៉ៃរាល់ថ្ងៃ ព្រោះគាត់រពឹស។ មែនទែនទៅ យើងមិនមែនព្រួយបារម្ភរឿងគ្រូវ៉ៃឬមិនវ៉ៃនោះទេ តែយើងព្រួយបារម្ភពីអនាគតក្មេងទាំងនោះទៅវិញទេ ព្រោះវាមានបញ្ហាពាក់ព័ន្ធនឹងកោសិការខួរក្បាលរបស់ពួកគាត់ ដែលវាដំណើរការគ្មានតុល្យភាព។ ជំងឺហ្នឹងនៅស្រុកគេកើតចំពោះក្មេងប្រហែលជា៣ទៅ៥ភាគរយ ហើយភាគច្រើនកើតលើក្មេងស្រី។ ប្រសិនបើឱ្យថ្នាំគាត់ញ៉ាំ គឺអាចធ្វើឱ្យឈប់រពឹស ហើយធ្វើឱ្យគាត់រៀនចងចាំបានល្អ។ ជំងឺនេះកើតឡើងដោយសារខួរក្បាលមានបញ្ហា តំណពូជ បរិយាកាសជុំវិញ សារធាតុគីមីក្នុងខ្លួនគ្មានតុល្យភាព ម្ដាយញ៉ាំចុកមុនពេលសម្រាលអត់គ្រប់គ្រាន់ឬខ្វះជីវជាតិ ម្ដាយជក់បារី ញ៉ាំស្រា ឬប្រើប្រាស់គ្រឿងញៀនជាដើម។

ទី៤ ជំងឺ Dyslexia គឺជាជំងឺធ្វើឱ្យក្មេងពិបាករៀន ពិបាកអាន អានមិនចេញ រៀនមិនចេះ។ មានន័យថា គាត់ចាប់សំឡេងគេអត់បាន ហើយយកសំឡេងហ្នឹងនិយាយឡើងវិញអត់កើត។ អ្នកកើតជំងឺហ្នឹង ភាគច្រើនអត់ចេះច្រៀងទេ ព្រោះគាត់ចាប់ទំនុកចម្រៀងអត់បាន។ បើចាប់អក្សរឱ្យចេញជាសំឡេងមិនបាន នោះយើងពិបាករៀនឱ្យចេះណាស់ ហើយអានក៏អានមិនចេញដែរ។

អ្នកដែលអត់ដឹង គេតែងគិតថាក្មេងហ្នឹងល្ងង់ អត់យកចិត្តទុកដាក់លើការរៀនសូត្រ តាមពិតគាត់មានបញ្ញាញាណពូកែដូចក្មេងដទៃ គ្រាន់តែពួកគាត់ពិបាកបញ្ចេញសំឡេង និងពិបាកអានអក្សរឱ្យចេញជាសំឡេង។ ក្មេងកើតជំងឺ Dyslexia អាចមើលឃើញ និងស្ដាប់ឮដូចក្មេងដទៃដែរ គ្រាន់តែគាត់មិនអាចនិយាយចេញជាសំឡេងប៉ុណ្ណោះ។ ជំងឺនេះគ្មានថ្នាំព្យាបាលទេ ដូច្នេះដើម្បីឱ្យគាត់រៀនពូកែដូចក្មេងដទៃ យើងត្រូវតែលើកទឹកចិត្តគាត់ បង្រៀនបំប៉នគាត់បន្ថែម និងព្យាយាមពន្យល់គាត់ឱ្យបានច្រើន។

រោគសញ្ញាក្មេងកើតជំងឺ Dyslexia មានដូចជា មានបញ្ហាក្នុងការរៀនសូត្រ មានបញ្ហាក្នុងការទាក់ទងនៅក្នុងសង្គម មិនសូវមាត់ក មិនងាយចេះនិយាយ ហើយរៀនពាក្យថ្មីៗយឺតណាស់។ ជំងឺនេះ អាចបណ្ដាលមកពីកើតអត់គ្រប់គីឡូ កើតអត់គ្រប់ខែ ម្ដាយឪពុកជក់គ្រឿងញៀន ផឹកស្រា ជក់បារី មុននិងកំលុងពេលមានគភ៌។

ទី៥ ជំងឺ Nonverbal learning disorder (NLD)។ វាជាជំងឺអត់ស្គាល់សញ្ញាដៃ សញ្ញាជើង និងសញ្ញាមុខមាត់។ ឧទាហរណ៍ ពេលយើងធ្វើសញ្ញាអ្វីដាក់អ្នកកើតជំងឺនេះ គាត់អត់យល់ គាត់ដឹងតែឆ្លើយថា “ខ្ញុំអត់ដឹង!”។ ជំងឺហ្នឹងមិនមែនជាបញ្ហាធំដុំទេ គ្រាន់តែហ្វឹកហាត់គាត់បន្តិចៗទៅ គាត់នឹងចងចាំហើយ គ្រាន់តែវាមិនងាយចាំដូចអ្នកផ្សេងតែប៉ុណ្ណោះ។

ទី៦ ជំងឺ Auditory Processing Disorder។ ជំងឺនេះ ក្មេងស្ដាប់ឮសំឡេង តែខួរក្បាលគាត់អត់យកសំឡេងហ្នឹងទៅប្រែចេញជាពាក្យ អត់បង្កើតចេញទៅជាភាសាទេ។ ជំងឺនេះ ជាជំងឺគថ្លឹងហ្នឹងឯង។ រោគហ្នឹងធ្វើឱ្យក្មេងរៀនចាប់អត់បាន រៀនអត់ពូកែ និងធ្វើឱ្យក្មេងមួម៉ៅ ខឹង រៀនអត់ចូល រៀនអត់ចេះ អត់ចង់ទៅរៀន ព្រោះគាត់ស្ដាប់គេអត់យល់។ ប្រសិនបើមិនយកគាត់ទៅព្យាបាលទេ យើងត្រូវទិញកាសឱ្យគាត់ពាក់។ កាសហ្នឹងមិនថ្លៃប៉ុន្មានទេ នៅស្រុកគេតម្លៃប្រហែល៥០០ទៅ៦០០ដុល្លារប៉ុណ្ណោះ ពាក់បានរាប់ឆ្នាំ ហើយយើងអាចសារ៉េសំឡេងបានទៀត។

ក្មេងសម័យឥឡូវមានការអៀនខ្មាសច្រើន ម្យ៉ាងក្មេងៗដទៃទៀតទិតៀនគាត់ ដូច្នេះគាត់អត់ហ៊ានពាក់កាសហ្នឹងទេ។ ប៉ុន្តែបើយើងណែនាំគាត់ យើងណែនាំក្មេងៗក្នុងថ្នាក់ឱ្យពួកគាត់ដឹង ឱ្យមានការគាំទ្រ ហើយយើងប្រាប់គ្រូឱ្យជួយពន្យល់សិស្សនោះឱ្យមានទឹកចិត្តក្លាហាន ម្យ៉ាងយើងនិយាយពីផលវិជ្ជមាននៃការពាក់កាសប្រាប់ពួកគាត់ នោះពួកគាត់ច្បាស់ជាពាក់មិនខាន។ អ្នកខ្លះអត់ពាក់កាស សុខចិត្តទៅវះកាត់។ ជំងឺហ្នឹងវះកាត់មិនប្រាកដថាជាគ្រប់គ្នាទេ។ ដូច្នេះគួរទិញកាសឱ្យក្មេងដែលមានជំងឺនេះពាក់ ទើបជាការប្រសើរ។

ទី៧ ជំងឺ Dyspraxia។ វាជាជំងឺដែលធ្វើឱ្យក្មេងពិបាកក្នុងការសរសេរអក្សរ ពោលគឺពួកគាត់សរសេរលុបៗ សរសេរអត់ដែលពេញពាក្យ អត់ដែលពេញឃ្លា ហើយគាត់ទិញទឹកលុបមិនដែលដាច់ទេ។ នៅលើតុរៀនគាត់ សុទ្ធតែកម្ទេចទឹកលុប។ យើងមិនអាចព្យាបាលជំងឺហ្នឹងបានទេ ប៉ុន្តែយើងអាចហ្វឹកហាត់គាត់ បង្រៀនគាត់ ហើយឱ្យគាត់កាត់បន្ថយការប្រើទឹកលុបបាន។ បើសិនគាត់មិនកែទម្លាប់ប្រើទឹកលុបចោលទេ ថ្ងៃក្រោយគាត់នឹងប្រឡងធ្លាក់រហូត ព្រោះគាត់ធ្វើមិនទាន់គេ ហើយខុសលក្ខន្តិកៈក្នុងការប្រឡង។

ទី៨ ជំងឺ Cerebral Palsy។ ជំងឺនេះធ្វើឱ្យប៉ះពាល់ដល់វិញ្ញាណ និងធ្វើឱ្យក្មេងគ្មានការលូតលាស់។ វាបង្កឡើងដោយសារគ្រូពេទ្យបូមទារកចេញពីផ្ទៃម្ដាយ ដោយគ្មានជំនាញ និងបច្ចេកទេសត្រឹមត្រូវ។

Math Anxiety
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្រុកគេពេលស្រ្តីឆ្លងទន្លេអត់រួច ភាគច្រើនគេវះ។ វះវាមានហេតុផលច្រើន។ ទី១ មកពីគាត់កើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដូច្នេះកូនធំលើសគីឡូសម្រាលអត់កើតទេ ព្រោះត្រគាកគាត់តូច ដូច្នេះគេត្រូវវះ។ ទី២ អាចមកពីគាត់មានជំងឺកាមរោគ ឬជំងឺរើមនៅទ្វារមាស។ ទី៣ ជួនកាលម្ដាយសុខភាពមិនល្អ គាត់ខ្សោយ មិនសូវមានអីញ៉ាំ ពេលឈឺពោះគាត់ប្រឹងអស់កម្លាំង ទឹកភ្លោះបែកហើយ តែកូនគាត់អត់ធាក់ អ៊ីចឹងកើតអត់រួច។ ទី៤ ជួនកាលម្ដាយត្រគាកតូចពីធម្មជាតិ ដូច្នេះមិនអាចសម្រាលរួចទេ។

អ្នកខ្លះវះកាត់ម្ដងរួចហើយ តែពេលគាត់មានផ្ទៃពោះកូនក្រោយគាត់ចង់កើតធម្មជាតិ។ ពេលគាត់ទៅកើតធម្មជាតិ គាត់កើតអត់រួច ព្រោះត្រគាកគាត់តូច ចុះឡើងៗគាត់ចាប់ផ្ដើមឱ្យពេទ្យបូម។ ស្រុកគេទាល់តែគ្រូពេទ្យហ្នឹងរៀន១៥ឆ្នាំបានអាចបូមបាន ពោលគឺគេទៅរៀនពេទ្យ៨ឆ្នាំ គេហ្វឹកហ្វឺនពេទ្យសម្រាលកូន៥ឆ្នាំ ហើយគេរៀនជំនាញបូម២ឆ្នាំថែមទៀត។ ចំណែកស្រុកយើងទើបតែរៀនបានប៉ុន្មានឆ្នាំ ហើយចេញមកបូមតែម្ដង។ ដល់ពេលបូម កូនចេញមកក្បាលឡើងស្រួច ប៉ះពេទ្យហ្នឹងអត់ចេះបូមទៀត គឺធ្វើឱ្យដាច់សរសៃវិញ្ញាណក្មេងតែម្ដង។ បើដាច់សរសៃវិញ្ញាណ ក្មេងហ្នឹងដូចមនុស្សអត់គ្រប់ទឹកអ៊ីចឹង។ ដូច្នេះត្រូវចាំថា បើសិនជាសម្រាលកូនលើកទី១ ដោយការវះកាត់ ដូច្នេះសម្រាលលើកទី២ ត្រូវតែវះកាត់ទៀត មិនអាចសម្រាលតាមធម្មជាតិទេ ព្រោះវាអាចគ្រោះថ្នាក់ដល់ម្ដាយនិងទារក៕”

Screenshot (274)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
84751570_2679650202132101_6928726076101230592_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...