រតនគិរី ៖ កាលពីល្ងាចថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ យុវជនមួយរូប បានជួបឧបទ្ទវហេតុលង់ទឹករហូតបាត់បង់ជីវិតនៅខេត្តរតនគិរី ដោយព័ត៌មានដំបូងដែលទទួលបានគឺ យុវវជនរូបនេះបានជួយសង្គ្រោះក្មេងដោយសារតែមានក្មេងលង់ទឹក។
តែតាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា យុវជន លិ សាម៉េត ដែលជាយុវជនសប្បុរសធម៌មួយរូបនៅខេត្តរតនគិរីរូបនេះ ការពិតគឺចុះទឹកទៅជួយមិត្តភក្តិស្រករគ្នាដែលលង់ទឹកនោះទេ រហូតមិត្តភក្តិខ្លួនបានរួចជីវិត តែខ្លួនបែរជាបាត់បង់ជីវិតទៅវិញ ទាំងដែលខ្លួនជាអ្នកដែលពូកែហែលទឹកស្ទាត់ជំនាញ។
នៅក្នុងហេតុការណ៍ដ៏តក់ស្លុតនឹកស្មានមិនដល់ពីយុវជននេះ បានធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួន និងមិត្តភក្តិមានការសោកស្តាយជាខ្លាំង តែអ្វីដែលមិននឹកស្មាន មានប្រតិកម្មជាខ្លាំងពីសំណាក់មិត្តភក្តិមួយចំនួនដែលនៅក្នុងហេតុការណ៍នេះ ថាសុទ្ធតែជាមនុស្សធមនុស្សធម៌ឃើញមនុស្សស្លាប់មិនជួយ បែរជានាំគ្នាថតរូប ថតវីដេអូទៅវិញ។
តាមរយៈគណនីហ្វេសប៊ុក Darex Wa ដែលជាអ្នកវិភាគកុនល្បីមួយរូប និងត្រូវជាមិត្តភក្តិជនរងគ្រោះផងនោះ បានបញ្ចេញអារម្មណ៍សោកសៅ និងខឹងសម្បារនៃមរណភាពរបស់មិត្តខ្លួនថា៖ « ••• ថ្ងៃនេះ មិត្តភក្តិខ្ញុំម្នាក់បានស្លាប់ដោយសារលង់ទឹក បើនិយាយឲ្យចំ គឺទៅជួយគេពីការលង់ទឹក តែត្រូវស្លាប់ខ្លួនឯង នៅខេត្តរតនគិរី។ អ្វីដែលមិនខ្ញុំមិនសុខចិត្ត និងមិនអស់ចិត្ត គឺក្រុមប៉ូលីសសណ្តាប់ធ្នាប់ដែលទៅជួយស្រង់មនុស្សពីទឹក គឺយកគ្នាមកហើយ ចាប់លើកព្យួរជើងបញ្ច្រាស់ឡើងលើ ហើយធ្វើការកន្ត្រាក់ទៅមកខ្លាំង (ទំនងគិតថាធ្វើចឹង ទឹកនឹងចេញពីសួត) ដោយគ្មានអ្នកណានាំគ្នាធ្វើចលនាកន្ត្រាក់ដើមទ្រូង និងបញ្ចូលខ្យល់ឲ្យគាត់ឡើយ។ ចំណែកពួកអ្នកស្រុកដ៏ល្អរបស់យើង គិតតែនាំគ្នាថតរូបវីដេអូ អត់មានអ្នកណាគិតពីការសង្គ្រោះបឋមស្អីទាំងអស់ ទុកឲ្យពួកសមត្ថកិច្ចឡឺកឺធ្វើការបែបខ្លៅ🤬
ពួកម៉ាកខ្ញំស្លាប់ក្នុងនាមជាវីរបុរស តែពួកអានៅរស់អស់នោះគឺ រស់ទាំងបំបង់បាយ សុំដៀលចំៗ!!! វាឆ្លុះបញ្ចាំងពីវិជ្ជាជីវៈ និងភាពជាមនុស្សរបស់ពួកអ្នកអស់ឯង
#RIPSameth Lee Someth »។
ដូច្នេះក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម កុំរស់នៅដោយភាពអត្មានិយម ចង់ល្បីនៅក្នុងបណ្តាញសង្គម គួរតែចេះមានចិត្ត ជួយយកអាសារគ្នាទៅវិញទៅមក ព្រោះអាយុជីវិតមនុស្សពិតជាសំខាន់ណាស់។ សូមវិញ្ញាណខណ្ឌយុវវជនម្នាក់នេះបានទៅកាន់សុគតិភព យើងខ្ញុំសូមចូលរួមរំលែកទុក្ខផង៕