ជឿទៅថាការងារទាំង៩នេះ នឹងលែងមានហើយនៅថ្ងៃអនាគត!

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាសព្វថ្ងៃ ជាពិសេសបើនិយាយដល់ភ្នាក់ងារសិប្បនិម្មិត និងមនុស្សយន្ត យើងអាចសន្មត់បានថា ការងារជាច្រើននឹងខ្សត់ទៅៗ ឬលែងមានតែម្តងនៅថ្ងៃអនាគត។ មិនថាយើងស្រលាញ់ការងារប៉ុណ្ណា ការពិតដ៏ក្រៀមក្រំដែលត្រូវទទួលស្គាល់គឺ ការងារខ្លះរបស់មនុស្ស ត្រូវបានជំនួសដោយមនុស្សយន្ត ដែលបំពេញភារកិច្ចបានយ៉ាងឥតខ្ចោះរួចទៅហើយ។

ខាងក្រោមនេះជាការងារទាំង៩ ដែលមានហានិភ័យខ្ពស់៖

១. អ្នកបើកតាក់ស៊ី ៖ ទទួលស្គាល់ទៅ! ជាមួយការអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តិក្នុងស្ថានភាពបច្ចុប្បន្ន អ្នកបើកតាក់ស៊ីសល់ពេលយ៉ាងច្រើន ២០ឆ្នាំទៀតប៉ុណ្ណោះ។

២. អ្នកគិតលុយ ៖ ក្នុងហាងទំនិញមួយចំនួន គេចាប់ផ្តើមប្រើម៉ាស៊ីនដែលចេះប្រមូលលុយ និងអាប់លុយរួចទៅហើយ។ អ្វីដែលគេត្រូវការគឺ មនុស្សយន្តចេះនិយាយ “សួស្តី” នោះអ្វីៗនឹងចប់សព្វគ្រប់។

៣. អ្នកបើកយន្តហោះចម្បាំង ៖ និយាយដោយស្មោះត្រង់ទៅ ដ្រូនមានប្រសិទ្ធភាពជាងឆ្ងាយណាស់ ហើយគ្មានហានិភ័យក្នុងការបាត់បង់ជីវិតមនុស្សទៀត។

៤. អ្នកបោះកាសែត ៖ សម័យឌីជីថល គេតាមដានព័ត៌មានអនឡាញ! ក្រដាសកាសែតចាស់ៗ ឬកាសែតដែលលក់មិនអស់ មានតែទុកខ្ចប់ចេកចៀន ឬលក់អេតចាយ។

៥. បណ្ណារក្ស (បុគ្គលិកបណ្ណាល័យ) ៖ អ្វីដែលត្រូវធ្វើគឺ ស្គែនសៀវភៅរួចដាក់កន្លែងដើមវិញ តាមប្រព័ន្ធដែលកំណត់ច្បាស់លាស់។ វាជាកិច្ចការដ៏ងាយបំផុតសម្រាប់មនុស្សយន្ត។

៦. បុគ្គលិកធនាគារ ៖ គ្រប់គ្នានឹងធ្វើប្រតិបត្តិការសាច់ប្រាក់តាមកម្មវិធីទូរសព្ទ។ ងាយ រហ័ស និងសុវត្ថិភាព មិនចឹង?

៧. អ្នករត់សំបុត្រ ៖ តើនៅមានមនុស្សប៉ុន្មាននាក់ទៀត ដែលទំនាក់ទំនងគ្នាតាមរយៈការសរសេរសំបុត្រ? តែបើអ្នកដើរចែកវិក្កយបត្រទឹក-ភ្លើង ប្រហែលនៅមានមួយរយៈទៀត។

៨. ជំនួយការផ្ទាល់ខ្លួន ៖ បើកិច្ចការដែលអ្នកត្រូវធ្វើគឺ រៀបចំការណាត់ជួបឱ្យមនុស្សម្នាក់ទៀត នោះអ្នកមិនខុសពី “ទូរសព្ទឆ្លាតវៃ” ដែលម្ចាស់ត្រូវបង់ថ្លៃសេវា (ប្រាក់ខែ) រាល់ខែនោះទេ។ ដូច្នេះ បើមិនធ្វើពហុតួនាទីទេ ប្រាកដជាមិនយូរឡើយ។

៩. បុគ្គលិកផ្នែកសេវាអតិថិជន ៖ ភ្នាក់ងារសិប្បនិម្មិតមិនត្រឹមតែអាចបកប្រែសំណួររបស់អតិថិជនទេ ថែមទាំងអាចផ្តល់ចម្លើយងាយយល់ទៀតផង។ លើសពីនេះ មនុស្សយន្តនឹងមិនផ្ទុះកំហឹង ឬឆេះដុំ ទោះត្រូវភ្ញៀវស្រែកជេរយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ នៅបណ្តាប្រទេសដែលមិនទាន់មានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា ធនធានមនុស្សនៅតែចាំបាច់ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលយូរអង្វែងទៅមុខទៀត ៕

 

ប្រភព៖ khmerload