ធ្លាប់ឆ្ងល់ទេថា ហេតុអ្វី មនុស្សស្រីតែងតែនៅត្រាំត្រែងរងកម្មនឹងមនុស្សដែលមិនល្អ?

ជាការពិត មនុស្សស្រីណា ក៏ប្រាថ្នាជួបមនុស្សល្អដែរ​ តែពេលខ្លះ យើងជួបគេមិនសមពេលវេលា គេអាចនឹងល្អពេក រហូតដល់់យើងមានអារម្មណ៍ថា ខ្លួនឯងមិនសក្តិសមនឹងគេ ...

ខ្ញុំគិតថាខ្ញុំសំណាង ដែលបានស្គាល់គាត់ ខ្ញុំសំណាង ដែលបានជួបមនុស្សល្អដូចជាគាត់ ទទួលបានក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ព្រួយបារម្ភ ពីគាត់ តែខ្ញុំបែរជាមានអារម្មណ៍ថា ខ្លួនឯងអភ័ព្វ ព្រោះតែមិនអាចបានគាត់មករួមដំណើរជីវិតជាមួយ ... ព្រោះគាត់ល្អពេកហើយ ល្អខ្លាំង រហូតដល់ខ្ញុំមិនហ៊ាននឹងនៅក្បែរគាត់ ខ្លាចទប់ចិត្តខ្លួនឯងមិនបាន ខ្លាចខ្លួនឯងស្រឡាញ់គាត់វិញ ...

ហេតុអ្វីក៏ខ្ញុំខ្លាច ព្រោះខ្ញុំមានសង្សារហើយ ណាមួយក៏គិតថា មិនអាច ព្រោះគ្រួសារមិនអនុញ្ញាតទេ សម្រាប់ខ្ញុំនិងគាត់ ...

គាត់ល្អគ្រប់យ៉ាង គាត់តាមចិត្តខ្ញុំ យល់ចិត្តខ្ញុំ ថែរក្សា បារម្ភ យកចិត្តទុកដាក់នឹងខ្ញុំជាងសង្សារខ្ញុំទៅទៀត មិនថាខ្ញុំនិយាយអ្វី គាត់តែងតែនៅខាងខ្ញុំជានិច្ច ផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ ជាទីប្រឹក្សាដ៏ល្អរបស់ខ្ញុំ គ្រប់ពេលដែលខ្ញុំពិបាក គាត់មិនដែលទុកខ្ញុំចោលឡើយ រឿងដែលសំខាន់ មិនថាខ្ញុំស្ដីឱ្យគាត់ ជេរគាត់ ដេញគាត់យ៉ាងណា ក៏គាត់មិនបោះបង់ខ្ញុំចោលដែរ ...

ជាច្រើនដងហើយ ដែលខ្ញុំព្យាយាម ធ្វើអាក្រក់បំផុតដាក់គាត់ តែគាត់នៅតែតាមខ្ញុំជាប់រហូត ... គាត់ល្អពេក ទើបធ្វើឱ្យខ្ញុំខ្លាច ខ្លាចមិនចង់នៅក្បែរគាត់ ខ្លាចចិត្តខ្លួនឯងទន់ជាមួយនឹងគាត់ ខ្លាចខ្ញុំឃាត់ចិត្តខ្លួនឯងមិនបាន ...

ហេតុអ្វីទៅ! ហេតុអ្វី ខ្ញុំមិនអាចបានជួបមនុស្សល្អដូចគាត់រហូតទៅ ហេតុអ្វី មិនអាចនៅក្បែរគ្នាមួយជីវិត ...

ខ្ញុំធ្វើបាបចិត្តខ្លួនឯង ដេញគាត់ចេញ ហាមគាត់មិនឱ្យស្រឡាញ់ ខ្ញុំបំផ្លាញទឹកចិត្តមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំខ្លាំង ខ្ញុំវាអាក្រក់ណាស់មែនទេ ? ដឹងទេថាខ្ញុំឈឺចាប់ប៉ុនណា ?

ខ្ញុំគ្រាន់តែសង្ឃឹមថា និស្ស័យនៃយើងទាំងពីរនឹងមិនអស់ សង្ឃឹមថា ខ្ញុំនឹងនៅសល់បុណ្យខ្លះ បានជួបអ្នកសារជាថ្មី ...

រក្សសិទ្ធ : TSR Sharing ( PanhaRoTH )