កុំប្រមាថ! គេថាមនុស្សកុំមេីលងាយមនុស្ស ព្រោះខ្សែជីវិតមនុស្សយេីងមើលមិនឃើញទេ – Kalib9 យល់ដឹង | Pelklas

កុំប្រមាថ! គេថាមនុស្សកុំមេីលងាយមនុស្ស ព្រោះខ្សែជីវិតមនុស្សយេីងមើលមិនឃើញទេ

ជីវិតមនុស្សមិនខុសពីផ្កាទេ អាចរីកហើយក៏អាចរោយវិញដែរ ។ មនុស្សយើងមានថ្ងៃឡើងខ្ពស់ ប៉ុន្ដែក៏នៅតែមានពេលធ្លាក់ដូចគ្នា ទោះមិនធ្លាក់ទន់ខ្សោយ ក៏នៅតែអាចធ្លាក់ចូករណ្ដៅដូចគ្នាបានដែរ ។

ផ្កាដែលអាចរីកបានស្អាត ពេលខ្លះមិនបាច់មានផើងល្អទេ ចំណែកអនាគតមនុស្សម្នាក់ មានពេលខ្លះមិនអាចកំណត់លើចំនួនទ្រព្យសម្បត្តិឡើយ ។

យើងមិនគួរយកទ្រព្យសម្បត្តិ ឬកិត្តិយសបុណ្យសក្កិ មកវាស់សម្ថភាពមនុស្សទេ ។ ពេលខ្លះផ្កាដែលដុះផ្ទាល់ដី វាអាចស្អាតជាងផ្កាដែលមានផើងថ្លៃទៅទៀត ។ ពេលខ្លះកូនអ្នកខ្សត់ទ្រព្យ អាចមានសមត្ថភាពកសាងជីវិតប្រសើរជាងកូនអ្នកមានទៅទៀត ។

មិនមែនគ្រប់កូនអ្នកមាន សុទ្ធតែជាមនុស្សល្អនោះទេ ក៏មិនមែនកូនអ្នកក្រសុទ្ធតែត្រឹមត្រូវដែរ ។ គ្រប់យ៉ាងពុំគ្រាន់តែមើលនឹងភ្នែក ហើយវិនិច្ឆយដោយពុំឆ្លងកាត់បញ្ញានោះទេ ។

បុរាណខ្មែរតែងប្រដៅថា " ងើយស្កក ឱនដាក់គ្រាប់ " មនុស្សយើងទោះហូរហារប៉ុនណា ក៏គួរកុំងើយខ្លាំងពេកក្រែងវាទៅជាស្កកខកអាត្មា ប៉ុន្ដែត្រូវចេះដាក់ខ្លួននោះទើបជាភាពថ្លៃថ្នូរពិតប្រាកដ។

ក្នុងភាពជាយុវវ័យ យើងពុំគួរកំណត់ភាពខ្លាំងរបស់នរណាម្នាក់ តាមរយៈចំណេះដឹងពីសាលា សញ្ញាបត្រពីរបី ទ្រព្យសម្បត្តិឳពុកម្ដាយ ហៅខ្លាំងនោះទេ ។

ការកសាងគុណភាពជីវិត ពេលខ្លះមិនមែនទ័លតែមានសញ្ញាបត្រ ទើបហៅថាជោគជ័យនោះទេ ។ មានមនុស្សមិនបានរៀនខ្ពង់ខ្ពស់ច្រើនណាស់ ដែលពួកគាត់ជោគជ័យក្នុងជីវិត ហើយអាចមានភាពស្ដុកស្ដម្ភច្រើនជាងអ្នកសិក្សាខ្ពង់ខ្ពស់ ។

ចំណេះដឹងគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប៉ុន្ដែចំណេះដឹងពុំមែនជាមកុដសម្រាប់បំពាក់លើបុគ្គលចូលចិត្តមើលស្រាលគេនោះទេ ។

ពោលគឺអ្នកមានចំណេះដឹង គឺដឹងច្បាស់ពីអាកប្បិរិយាជីវិត នឹងចេះអប់រំខ្លួនទៅតាមបទដ្ឋានសង្គមមនុស្ស (ដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងថោកដឹងថ្លៃ ដឹងឱនដឹងងើយ ) ។

មានពេលខ្លះ មនុស្សយើងតែមោទភាពលើជោគជ័យរបស់ខ្លួន ឬលើភាពវិជ្ជមានរបស់ខ្លួនដោយពុំបានគ្រប់គ្រងការគិតឲ្យបានត្រឹមត្រូវ ។ ម្លោះហើយទើបសម្ដីឡកដាក់គ្នាចេះតែកើតមាន ។

ហើយនេះជាប្រភពនៃការមើលងាយគ្នាក្នុងសង្គម ។ ជោគជ័យ ខ្លាំងក្លា ខ្ពង់ខ្ពស់ ឧត្តងឧត្តម តែមិនក្អេងក្អាង នោះទើបជាចរិតរបស់អ្នកថ្លៃថ្នូរក្នុងសង្គមពិតប្រាកដ ។

រាល់ថ្ងៃពួកយើងកំពុងរស់នៅក្នុងពិភពក្លែងក្លាយស្ទើរតែទាំងស្រុង ។ សូម្បីរូបកាយក៏មិនមែនរបស់យើង ។ សូម្បីទ្រព្យសម្បត្តិក៏មិនមែនរបស់យើង ។

ភាពអស្ចារ្យ ភាពថ្កុំថ្កើង ពុំមែនជារបស់ឋិតថេរសុទ្ធតែអាចប្រែប្រួលបានគ្រប់ពេល ។ យើងមានតែដង្ហើម និងវិញ្ញាណប៉ុណ្ណោះ ។

ចុះតើហេតុអ្វីបានជាយើងព្យាយាមធ្វើអាក្រក់ដាក់គ្នាដើម្បីអ្វីទៅ? យើងមិនអាចដឹងទេ ថាថ្ងៃស្អែកសម្រាប់យើងនៅមានប៉ុន្មានដងទៀត តើធ្លាប់សួរខ្លួនឯងទេ? តើយើងបង្កើតចរិតក្អេងក្អាង មើលងាយអ្នកដទៃមកដើម្បីអ្វីទៅ? ។

Credit : Sun Veasna