ម្ដាយម្នាក់ និយាយទៅកាន់កូនប្រុស ពេលកូនប្រុសឈ្លោះជាមួយប្រពន្ធ ហើយចង់លែងលះ

 

ម្ដាយម្នាក់ និយាយទៅកាន់កូនប្រុស ពេលកូនប្រុសឈ្លោះជាមួយប្រពន្ធ ហើយចង់លែងលះ

កូនប្រុស : ម៉ាក់! កូនចង់លែងលះគ្នាជាមួយប្រពន្ធកូន

ម្ដាយ : ហេតុអ្វី?

កូនប្រុស : ព្រោះកូនរស់នៅមិនចុះសម្រុងគ្នា

ម្ដាយ : រស់នៅមិនចុះសម្រុង ឬមកពីកូនទទួលយកនាងមិនបាន

កូនប្រុស : គឺកូនទទួលយកទង្វើនាងមិនបាន

ម្ដាយ : ចុះបើទទួលយកមិនបាន ចឹងពីដំបូង ឯងឱ្យម៉ាក់ទៅចូលស្ដីដណ្ដឹងនាងធ្វើអី?

កូនប្រុស : ព្រោះដំបូង នាងមិនមែនបែបហ្នឹងទេ នាងគួរឱ្យស្រឡាញ់ណាស់

ម្ដាយ : ចឹងឯងស្រឡាញ់នាង តែក្នុងថ្ងៃដែលនាងគួរឱ្យស្រឡាញ់ប៉ុណ្ណឹងមែនទេ?

កូនប្រុស : តែនាងឆេវឆាវណាស់មួយរយៈនេះ ធ្វើខ្លួនដូចជាខ្លា គ្មានហេតុផល យល់តែចិត្តខ្លួនឯង តឹងតែង ធ្វើដូចកូនជាកូនក្មេង ចង់បញ្ជាតាមចិត្តនាង

ម្ដាយ : ចុះឯងដែលសួរខ្លួនឯងទេថា ហេតុអ្វី នាងក្លាយទៅជាបែបហ្នឹង? ហេតុអ្វី នាងឆាប់ខឹង ឆេវឆាវ គ្មានហេតុផល បើកាលមុននាងរៀបការជាមួយឯង នាងមិនមែនបែបហ្នឹងផងនោះ អាចមកពីឯងជាដើមហេតុដែរទេ?

កូនប្រុស : ម៉ាក់…… តែនេះ …

ម្ដាយ : ម៉ាក់ចង់ឱ្យឯងដឹងថា ចិត្តមនុស្ស អារម្មណ៍មនុស្ស តែងតែប្រួលប្រែ ទៅតាមបរិដ្ឋាន និងមនុស្សដែលនៅជុំវិញខ្លួន ជាពសេស គឺចិត្តមនុស្សស្រី ម៉ាក់ក៏ជាស្រី ម៉ាក់ក៏ធ្លាប់​ស្ដីថា ជេរ ប្រដៅឯង ព្រោះតែឯងធ្វើខ្លួនមិនល្អ ធ្វើឱ្យម៉ាក់ខឹង ចំណែកនាងក៏ដូចគ្នា គេថា ប្រពន្ធ មិនខុសអីពី​ម្ដាយទីពីររបស់យើងទេ។ បើឯងយល់ថា នាងក្ដៅណាស់ដូចភ្លើង អ៊ីចឹង ឯងត្រូវតែជាទឹក មិនថាទឹកក្ដៅ ឬទឹកត្រជាក់ ក៏សុទ្ធតែអាចពន្លត់ភ្លើងបាន។ បើឯងយល់ថានាង ឆេវឆាវ ចឹងឯងត្រូវតែចិត្តឱ្យធ្ងន់ កុំជះកំហឹងបន្ថែម គ្មានបញ្ហាណាដោះស្រាយបាន ដោយសារតែការចង់ឈ្នះគ្នាទេ។

ប្ដីប្រពន្ធណាក៏ធ្លាប់ឈ្លោះគ្នាដែរ តែសំខាន់ គេចេះយោគយល់ដល់គ្នា អធ្យាស្រ័យ អត់ឱនឱ្យគ្នា បើដឹងថានាងខឹងហើយ ក៏នៅស្ងៀម គ្មានអ្នកណាអង្គុយតែខឹង មិនមានហេតុផល ពេញមួយជីវិតនោះទេ សំខាន់ បើយើងចាអ្នកមានហេតុផល ចឹងត្រូវសួរនាំរកហេតុផល មិនមែនដើរចេញ មកគិតរផ្លូវលែងលះគ្នាឡើយ។

ត្រឡប់ទៅផ្ទះវិញ ហើយគិតមើលម្ដងទៀត តែបើគិតហើយ នៅតែចង់លែង ឯងលែងតែគ្នាឯងទៅ​ ម៉ាក់មិនដឹង មិនឮទេ ម៉ាក់ដណ្ដឹងឱ្យឯងហើយ ការឱ្យឯងហើយ កុំឱ្យម៉ាក់ទៅលែងឱ្យឯងទៀត ម៉ាក់ហត់ កុំនាំរឿងរវល់ឱ្យម៉ាក់ពេក ត្រឡប់ទៅផ្ទះឯងវិញ ម៉ាក់មិនឱ្យឯងដេកនៅផ្ទះម៉ាក់ ក្នុងថ្ងៃឯងឈ្លោះជាមួយប្រពន្ធនោះទេ។

រក្សាសិទ្ធ : TSR Sharing ( Panha RoTH )