សញ្ញា១១យ៉ាង បង្ហាញថាគាត់ជាបុរសល្អ ដែលអ្នកគួរតែរៀបការជាមួយ – Kalib9 គន្លឹះ | Pelklas

សញ្ញា១១យ៉ាង បង្ហាញថាគាត់ជាបុរសល្អ ដែលអ្នកគួរតែរៀបការជាមួយ

ស្វាមី គឺជាមនុស្សម្នាក់ដែលអ្នកនឹង ចំណាយពេលពេញមួយជីវិត ជាមួយគាត់។ គាត់នឹងទៅជា កូនប្រសារបស់ឪពុកម្ដាយអ្នក និង ឪពុករបស់កូនៗអ្នក។ គាត់ត្រូវបានគេសន្មត់ថា ជា​ជំហរ​សម្រាប់​ទ្រទ្រង់ និង កម្លាំងនៃគ្រួសាររបស់អ្នក។

ការរៀបការជាមួយបុរសខុស គឺអាចមានន័យថា ជាការរងទុក្ខវេទនាពេញមួយជីវិត មិនគ្រាន់តែចំពោះអ្នកប៉ុណ្ណោះទេ ថែមទាំងសម្រាប់កូនចៅរបស់អ្នកផងដែរ។ វាមិនដូចការបែកបាក់ ជាមួយមិត្តប្រុសរបស់អ្នកទេ ដែលអាចធ្វើបានក្នុងពេលដ៏ខ្លីមួយ ប៉ុន្តែការបែកគ្នារវាងស្វាមី និងភរិយា គឺជារឿងខុសស្រឡះពីគ្នា។ វាជាមុខរបួសដ៏ជ្រៅ ត្រូវការចំណាយក៏ច្រេីន ហើយផលប៉ះពាល់របស់វា ចំពោះមនុស្សនៅជុំវិញអ្នក គឺកាន់តែធំ។

អាពាហ៍ពិពាហ៍ គឺជារឿងស្របច្បាប់ និងដ៏ពិសិដ្ឋ ដែលគ្រប់គ្រងដោយច្បាប់នៃស្រុកយើង និងច្បាប់នៃឋានសួគ៌។ ដូច្នេះស្ត្រីត្រូវប្រុងប្រយ័ត្នបន្ថែម ក្នុងការជ្រើសរើសបុរសដែលគួររៀបការជាមួយ។ សញ្ញាទាំងនេះក៏អាចយកទៅអនុវត្តផងដែរ ក្នុងការស្វែងរកមិត្តប្រុស ព្រោះមិត្តប្រុស គឺជាបុរសដែលជិតស្និទ្ធបំផុត ដែលអាចជាស្វាមីរបស់អ្នកនៅថ្ងៃក្រោយ។

នេះជាការណែនាំអ្នក ក្នុងការស្វែងរកបុរសល្អ ដែលអ្នកគួរតែរៀបអាពាហ៍ពិពាហ៍ជាមួយ ដោយអាចសំគាល់បានដោយចំនុចទាំង ១១ ខាងក្រោមនេះ៖

១. គាត់គឺឯករាជ្យពីឪពុកម្តាយរបស់គាត់

តើអ្នកចង់រៀបការជាមួយបុរសម្នាក់ ដែលនៅតែពឹងផ្អែកលើ ឪពុកម្តាយរបស់គាត់ ផ្នែកហិរញ្ញវត្ថុ បញ្ញាស្មារតី និង អារម្មណ៍ ដែរទេ? តើអ្នកចូលចិត្តរស់នៅក្នុង ផ្ទះរបស់ឪពុកម្តាយក្មេករបស់អ្នកដែរទេ? តើអ្នកចង់បានស្វាមីម្នាក់ ដែលមិនអាចសំរេចចិត្ត ដោយគ្មានការអនុញ្ញាតពី ឪពុកម្តាយរបស់គាត់ដែរទេ?

ស្វាមីដែលមានការទទួលខុសត្រូវ គឺមិនចាំបាច់ជាមហាសេដ្ឋី ដើម្បីផ្គត់ផ្គង់ ប្រពន្ធនិងកូនរបស់គាត់ ឱ្យរស់នៅដាច់ដោយឡែក ពីឪពុកម្ដាយគាត់ទេ។ ប៉ុន្តែអ្វីដែលត្រូវមាន គឺសេចក្ដីស្រឡាញ់របស់គាត់ ភាពក្លាហាន និង ការប្តេជ្ញាចិត្ត ដើម្បីផ្តល់ឱ្យអ្នកនូវសេរីភាព ដែលអ្នកនិងគ្រួសាររបស់អ្នក ស័ក្តិសមនឹងទទួលបាន។

២. គាត់ស្រលាញ់ និងថែអ្នក

ចំនុចនេះដូចជា មិនចាំបាច់ពន្យល់បន្ថែមទេ។ តេីអ្នកមិនចង់ចំណាយពេល ដែលនៅសល់នៃជីវិតរបស់អ្នក ជាមួយមនុស្សម្នាក់ដែលអ្នកស្រឡាញ់ ហេីយគាត់ពិតជាស្រឡាញ់អ្នក វិញដែរ?

៣. គាត់ស្មោះត្រង់ និងមិនបោកប្រាស់

តាមពិតទៅ មនុស្សស្មោះត្រង់ម្នាក់ គឺមិនធ្លាប់មានប្រវត្តិបោកប្រាស់នោះទេ ហេីយគាត់នឹងមិនធ្វេីឱ្យអ្នកមាន ការសង្ស័យ និងការច្រណែនទេ ដូច្នេះអ្នកនឹងមានចិត្ដស្ងប់ ជាមួយស្នាមញញឹមច្រេីន។ ការមានចិត្ដស្ងប់ អ្នកនឹងអាចចំណាយជីវិតអាពាហ៍ពិពាហ៍របស់អ្នក ជាមួយនឹងសកម្មភាពល្អៗច្រើន ដែលធ្វេីឱ្យគ្រួសារអ្នករីករាយ និង សុភមង្គល។

៤. គាត់គឺជាមនុស្សគួរអោយទុកចិត្ត និងមានទំនួលខុសត្រូវ

តេីនឹងមានអ្វីកេីតឡេីង បើសិនជាអ្នកនឹងរៀបការជាមួយមនុស្សម្នាក់ ដែលគ្មានការទទួលខុសត្រូវ និង មិនអាចទុកចិត្តបាន? តើអ្នកចង់ឱ្យ ខ្លួនអ្នកនិងកូនៗរបស់អ្នក ដឹកនាំដោយគាត់ដែរឬទេ? ចំនុចនេះគឺចង់ឱ្យស្រ្តី ស្វែងរកបុរសម្នាក់ដែលអាចធ្វើជាអ្នកដឹកនាំដ៏ល្អ ហេីយអាចដឹកនាំទៅរក ជីវិតល្អ និងសុភមង្គល។

៥. គាត់ដឹងអំពីរបៀបស្រឡាញ់ និងថែរក្សាខ្លួនឯង

មនុស្សម្នាក់ដែលមិនចេះស្រឡាញ់ខ្លួនឯង គឺមិនចេះអាចស្រឡាញ់អ្នកដទៃទេ។ ប្រសិនបើអានាគតស្វាមីរបស់អ្នក មិនដឹងពីរបៀបថែរក្សាសុខភាពរបស់គាត់ តើគាត់អាចថែរក្សាអ្នក និងកូនរបស់អ្នកយ៉ាងដូចម្ដេចបានទៅ? ប្រសិនបើគាត់ងាយនឹងធ្វើបាបខ្លួនឯង តើអ្នកអាចរំពឹងថា គាត់នឹងមិនធ្វេីឱ្យអ្នកឈឺចាប់ដែរទេ?

៦. គាត់ជឿជាក់ និងទុកចិត្តលើអ្នក

ការរៀបអាពាហ៍ពិពាហ៍ មិនគួរបញ្ឈប់អ្នកពីការរីកចម្រើននៃ អាជីព ជំនួញ ឬ ការអភិវឌ្ឍន៍ របស់អ្នក ដែលអ្នកចង់បាន និង ចង់ក្លាយជានោះទេ។ នេះហើយជាមូលហេតុ ដែលអ្នកត្រូវការស្វាមី ដែលនឹងទុកចិត្តលើការសម្រេចចិត្ត និង សកម្មភាពរបស់អ្នក ដែលនឹងនាំមកនូវការរីកចម្រើន មិនត្រឹមតែដល់អ្នកប៉ុណ្ណោះទេ តែចំពោះស្វាមី និង ក្រុមគ្រួសារទាំងមូលផងដែរ។

ប្ដីដ៏ល្អម្នាក់ គឺដូចជាស្ដេចដ៏អស្ចារ្យ។ គាត់ជាអ្នកដឹកនាំដ៏អស្ចារ្យ ប៉ុន្តែគាត់ក៏ស្តាប់ ពិចារណា និង ជឿជាក់លើឆន្ទៈ របស់មហេសីរបស់គាត់ផងដែរ។

៧. គាត់កោតសរសើរអ្នក

ស្វាមីដែលមិនឱ្យតម្លៃចំពោះ ការខិតខំប្រឹងប្រែង និង សមិទ្ធផលរបស់អ្នក នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកនឹងបាត់បង់នូវទំនុកចិត្ត និងការគោរពខ្លួនឯង។ ដូច្នេះ ចូរស្វែងរកបុរសម្នាក់ ដែលនឹងជួយទាញអ្នកឡេីង ជាជាងទាញអ្នកចុះ។

៨. គាត់មានចិត្តស្ងប់ និងអត់ធ្មត់

ប្រសិនបើ អ្នកកំពុងសុបិនចង់មានគ្រួសារមួយ ដែលមានសុភមង្គល រស់នៅក្នុងផ្ទះដែលមានសន្តិភាព នោះអ្នកគួរតែជៀសឱ្យផុត ពីបុរសដែលឆាប់មួម៉ៅ។ មិនថាអ្នកមានភាពអត់ធ្មត់ប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នករស់នៅជាមួយមនុស្សខឹងច្រេីន នោះអ្នកអាចក្លាយជាឆាប់ខឹងដែរ ហើយផ្ទះរបស់អ្នកនឹងពោរពេញដោយជម្លោះ និងការប្រយុទ្ធគ្នា។

៩. គាត់ជាគំរូដ៏ល្អ

តើអ្នកគិតថាអ្នកអាចដេីរតួរជា វីរៈបុរសឬជាអ្នកសង្គ្រោះបានទេ? តើអ្នកគិតថា អ្នកនឹងរៀបការជាមួយមនុស្សអាក្រក់ម្នាក់ ហើយព្យាយាមផ្លាស់ប្តូរគាត់ ឱ្យក្លាយជាមនុស្សល្អវិញ? កំលាំងរបស់អ្នកអាចនឹងត្រូវបាត់បង់ នៅពេលដែលស្វាមីរបស់អ្នក មិនមានការផ្លាស់ប្តូរ។ ហើយរឿងដ៏អាក្រក់បំផុតនោះ គឺផ្ទុយពីការផ្លាស់ប្តូរស្វាមីរបស់អ្នក ទៅជាមនុស្សល្អ វាអាចជាអ្នកដែលអាចត្រូវបាន ផ្លាស់ប្តូរទៅជាអាក្រក់ ដោយសារតែការបរាជ័យ និង ការខកចិត្ត។

ដូច្នេះចូរស្វែងរក បុរសម្នាក់ដែលនឹងជួយអប់រំចរិតលក្ខណៈ មិនមែនមនុស្សម្នាក់ដែលនឹងបំផ្លាញវាទេ។

១០. គាត់មិនមែនជាមនុស្ស ល្មោភស៊ី និងប្រមឹក

ការស្រវឹង និងការបរិភោគច្រេីនពេក គឺមិនត្រឹមតែជញ្ជក់លុយស្វាមីរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យរាងកាយ និងចិត្តគំនិតរបស់គាត់ កាន់តែអាក្រក់ទៀតផង។ ប្រសិនបើ អ្នកជាស្ត្រីឆ្លាត អ្នកនឹងរៀបការជាមួយបុរសម្នាក់ ដែលចេះគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ និងសុខភាពរបស់គាត់។ អ្នកនឹងស្វែងរកមនុស្សម្នាក់ ដែលមានវិន័យលេីខ្លួនឯង មិនមែនមនុស្សម្នាក់ដែលនឹងចំណាយប្រាក់របស់គាត់ លើគ្រឿងស្រវឹង ជាជាងការចំណាយលើផែនការអប់រំកូនៗរបស់អ្នកនោះទេ។

១១. គាត់មានប្រាជ្ញា

ប្រាជ្ញា គឺជាសមត្ថភាពក្នុងការ ដឹងអំពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុស។ ប្រសិនបើស្វាមីរបស់អ្នកគិតថា ការកុហក ការលួចបន្លំ និងការមិនទទួលខុសត្រូវ គឺជារឿងមិនអីទេ នោះអ្នកគួរតែដឹងអំពីអ្វីដែលត្រូវធ្វើហេីយ។ ប្រសិនបើ អ្នកមិនចង់ចំណាយជីវិតរបស់អ្នក ជាមួយនរណាម្នាក់ ដែលនឹងធ្វើឱ្យអ្នកឈឺចាប់ ផ្លូវចិត្ត និងរាងកាយនោះទេ ចូរកុំរៀបការជាមួយមនុស្សល្ងីល្ងើ។

 

ការសម្រេចចិត្តចុងក្រោយ គឺជាអ្នក។

សូមចងចាំថា អ្វីដែលខ្ញុំបានរៀបរាប់ខាងលើ គឺគ្រាន់តែជាសញ្ញាប៉ុណ្ណោះ។ វាមិនមានន័យថា បើបុរសដែលអ្នកស្រលាញ់ មិនមានពិន្ទុល្អឥតខ្ចោះ ហេីយអ្នកត្រូវតែចោលគាត់នោះទេ។ ជាការពិត មនុស្សគ្រប់រូបមានសក្តានុពល ក្នុងការផ្លាស់ប្តូរ ឱ្យកាន់តែប្រសើរឡើង ជាពិសេសប្រសិនបើគាត់ ដាក់ខ្លួន ស្មោះស្ម័គ្រ និងមានការសម្រេចចិត្ត។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អ បើអ្នកធ្វើការសំរេចចិត្ត ដោយប្រុងប្រយ័ត្ន ប្រសិនបើអ្នកមិនចង់មាន ការសោកស្ដាយនៅពេលអនាគត។ ការជ្រើសរើសស្វាមី មិនគ្រាន់តែជាបញ្ហា នៃសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសុភមង្គល និងសុខុមាលភាពរបស់កូនអ្នកផងដែរ។ ដូច្នេះសូមកុំព្រងើយកន្តើយនឹងសញ្ញាខាងលើ។

ប្រភព៖ inspiringtips.com

រូបភាពដោយ៖ pixabay.com