សិក្សាអំពីឫស្សគលនៃ “ចិត្តវិទ្យា” ដែលជាចម្ងល់ដ៏ធំក្នុងដួងចិត្តមនុស្ស

ការសិក្សានៅក្នុងផ្នែក “ចិត្តវិទ្យា” ដែលផ្អែកលើចិត្ត គំនិត​ និងអារម្មណ៍…របស់មនុស្ស វាមិនដូចជាការសិក្សាតាមបែបវិទ្យាសាស្ត្រ​ផ្សេងៗទេ ព្រោះទាមទារឱ្យមនុស្សយល់ច្បាស់អំពីអារម្មណ៍ និងដួងវិញ្ញាណរបស់មនុស្សផ្សេងៗជាច្រើននាក់ មកសិក្សាស្រាវជ្រាវ។ សម្រាប់ថ្ងៃនេះ យើងនឹងនាំយកឫស្សគល់នៃការសិក្សាអំពី ចិត្តវិទ្យា ជូនដល់ប្រិយមិត្តអ្នកអានជាទីរាប់អាន។

1401539267232827687

ពាក្យថា “ចិត្តវិទ្យា” សម្រាប់នៅក្នុងវចនានុក្រមខ្មែរយើង គឺបានសំដៅថា ជាវិទ្យាសាស្ត្រ ដែលសិក្សាអំពំ​ចិត្ត​​អារម្មណ៍ ​សតិ​របស់មនុស្ស ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជំងឺខាងផ្លូវចិត្តផ្សេងៗ។

ក្នុងគោលបំណងនៃចិត្តវិទ្យា គឺដើម្បីស្វែងយល់ឱ្យច្បាស់លាស់នូវចិត្ត គំនិង​ និងឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និងវិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្ន​កដែល​សិក្សា​អំ​ពីចិត្តវិទ្យា ត្រូវបានឱ្យឈ្មោះថា “អ្នកចិត្តវិទ្យា” ឫ “ចិត្តវិទូ”​។

ចិត្តវិទូ សិក្សាស្វែងយល់នូវគំនិត ដូចជា ​សញ្ញាណ​ក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល​(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និងទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។

យើងក៏បានបែងចែកសាខានៃចិត្តវិទ្យា ជា ៨ ផ្នែក មានដូចខាងក្រោមនេះ៖

១- ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology)

២- ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical Psychology)

៣- ចិត្តវិទ្យាផ្នែកញាណ (Cognitive Psychology)

៤- ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ (Comparative Psychology)

៥- ចិត្តវិទ្យាផ្នែកការលូតលាស់ និង ការផ្លាស់ប្ដូរនៃឥរិយាបថ និង ចិត្ត របស់មនុស្ស (Developmental Psychology)

៦- ចិត្តវិទ្យាផ្នែកបុគ្គលិកលក្ខណៈ (Personality Psychology)

៧- ចិត្តវិទ្យាផ្នែកសង្គម (Social Psychology)

៨- ចិត្តវិទ្យាផ្នែកផ្សេងៗទៀត (Educational, School, Evolutionary, Industrial-organizational, Positive, psychology)។

1 (1)

ចិត្តវិទ្យា

ពាក្យចិត្តវិទ្យាមានន័យថា “ការសិក្សាអំពីវិញ្ញាណ” (ψυχή, psukhē មានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ និង λογος -logos, មានន័យថា ការសិក្សា ឫ ការស្រាវជ្រាវ) ។

សម្រាប់ហៅជាពាក្យឡាតាំងថា Psychologia ។ ពាក្យនេះដែរ ត្រូវបានគេប្រើប្រាស់ដំបូងបង្អស់ ដោយអ្នកសិក្សអំពីមនុស្សជាតិ ជាជនជាតិ ក្រូអេសា(Croatian humanist) និង លោក​ម៉ារ៉ូឡិច-ម៉ាកូ (Marko Marulić) ជនជាតិឡាតាំង។ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Psichiologia de ratione animae humanae ក្នុងអំឡុងចុងសតវត្សរ៍ទី ១៥ និងដើមសតវត្សរ៍ទី ១៦។

អំណះអំណាងលើពាក្យ “ចិត្តវិទ្យា” (Psychology) ក្នុងភាសាអង់គ្លេសដំបូងគេបំផុតនោះ គឺមាននៅក្នុងសៀវភៅ វចនានុក្រមរូបសាស្ត្រ(The Physical Dictionary) ដោយលោក ស្តេវ៉ឹន-ប៊្លែងខាត (Steven Blankaart) ដែលបានសរសេរថា “Anatomy, which treats of the Body, and Psychology, which treats of the Soul” មាន ន័យថា “កាយវិភាគវិទ្យាព្យាបាលរូបកាយ ចិត្តវិទ្យាព្យាបាលចិត្ត”។

ប្រវត្តិសាស្ត្រ

ការសិក្សាចិត្តវិទ្យាតាមបែបទស្សនវិជ្ជា មានតាំងពីបុរាណកាលមកម៉្លេះ។​ ដូចជាក្នុង អេស៊ីបក្រិច​ ចិន​ ឥណ្ឌា​ និងពែរ្ស សម័យបុរាណ។ ប្រវត្តិវិទូបានបញ្ជាក់ថា ការកត់ត្រាទុករបស់ទស្សនវិទូក្រិចសម័យបុរាណ ដូចជា លោក​ តាលែស ប្លាតូ និង អារីស្តូត គឺជាភស្តុតាងដំបូងគេនៅប្រទេសលោកខាងកើត ដែលបង្ហាញពីស្នាដៃពោរពេញទៅដោយគំនិតទាក់ទងនឹងចិត្តវិទ្យា។

នៅសតវត្សរ៍ទី៤ មុនគ្រិស្តសករាជ លោក ហាផូក្រាធី (Hippocrates) ដែលត្រូវបានស្គាល់ថាជាបិតានៃវិជ្ជាពេទ្យប្រទេសលោកខាងលិចបានលើកទស្សនៈមួយដំបូងគេថា “ជំងឺផ្លូវចិត្ត” មានប្រភពមកពីអ្វីដែលមានពិត មិនមែន​មក​ពី​ ​ព្រលឹង​ ​ខ្មោច​ព្រាយ បិសាច អ្វីនោះទេ។

ការកែប្រែគំនិតរបស់មនុស្ស

ដោយសារតែតាំងពីបុរាណកាលមក មនុស្សតែងគិតថាខ្លួនហាក់បីដូចជា សភាវៈមួយពិសេស។ មានព្រលឹង អាចស្លាប់ហើយរស់ឡើងវិញបាន ចិត្តរបស់មនុស្សហាក់បីដូចជារបស់មួយដែលពុំអាចវាស់ស្ទង់បាន ដែលមិនស្របតាមច្បាប់ធម្មជាតិ ឬច្បាប់វិទ្យាសាស្ត្រ​អ្វីនោះទេ។

ហេតុដូចនេះហើយ ដើម្បីអាចសិក្សាយល់ច្បាស់ពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របាន មនុស្សចាំបាច់កែប្រែគំនិតរបស់ខ្លួន ដែលក្នុងនោះមានលោក ដេកាត រីណេ (René Descartes) ជាអ្នកដើរតួយ៉ាងសំខាន់ម្នាក់​។

Ren Dscartes 4

លោក រីណេ ដេកាត (១៥៩៦-១៦៥០)

មានរឿងមួយ​ ដែលទាក់ទងនឹង​ លោក ដេកាត។ មានដំណាលថា ថ្ងៃមួយ លោកកំពុងដើរក្នុងសួនច្បារនៅប្រទេស​បារាំង​​ដែលពោរពេញទៅដោយរូបចម្លាក់។ ពេលនោះ លោកបានឃើញរូបចម្លាក់មួយដ៏ស្រស់ស្អាតនៃទេពធីតាឈ្មោះ ដាយអា​ណា​។ បន្ទាប់មក លោកក៏ដើរឆ្ពោះទៅកាន់រូបចម្លាក់នោះ។ រំពេចនោះ រូបចម្លាក់នៃណិបទូន បានចេញមកដោយកាន់លំពែងហាក់​បី​ដូចជាចង់ការពារ​​។ ទោះបីជាលោក ដេកាត ដឹងថា រូបចម្លាក់នោះអាចធ្វើចលនាបានដោយរអិលលើសារធាតុរាវនៅ​ពេលដែលគាត់ជាន់គន្លឹះយន្តក៏ដោយ លោកបានគិតថា រូបចម្លាក់នេះអាចធ្វើចលនាបាន​ហាក់បីដូចជាវាមានបំណងអ្វីមួយ ឫ ហាក់បីដូចជាវាចង់សម្ដែងអ្វីមួយ។ បន្ទាប់មកលោកបានចាប់ផ្ដើមមើលសភាវៈផ្សេងៗ ហើយគិតថាប្រហែលជាមនុស្ស និង សត្វ ក៏ដូចជារូបចម្លាក់នៃណិបទូននោះដែរ ដែលមានរូបីយច្បាស់លាស់ ហើយមានដំណើរការអ្វីមួយដែលធ្វើអោយមានចលនា​ប្រៀបប្រដូចនឹងសារធាតុរាវ​ ដែលអាចធ្វើអោយរូបចម្លាក់មានចលនានោះ​។

ហេតុដូចនេះហើយ លោកដេកាតសន្មតថា សត្វហាក់បីដូចជាគ្រឿងយន្ត។ ប៉ុន្តែ ចំពោះមនុស្ស គឺមាន២ផ្នែក (Cartesian Dualism) ដែលហាក់បីដូចជាគ្រឿងយន្តពាក់កណ្ដាល និងហាក់បីដូចជាមានវិញ្ញាណពាក់កណ្ដាល ដែលវិញ្ញាណនោះអាចគ្រប់គ្រងលើគ្រឿងយន្តនោះផង ឫអាចអោយគ្រឿងយន្តនោះធ្វើការដោយខ្លួនឯង​ផង (កាយ និង ចិត្ត)។

 

Locke_360x450

លោក ឡក់ ចន (១៦៣២-១៧០៤)

លោក ចន ឡក់ (John Locke) ដែលជាទស្សនវិទូ ជនជាតិ អង់គ្លេស បានជំរុញគំនិតមួយដែលបានបញ្ជាក់ថា ប្រហែលជាចិត្តមនុស្សក៏ជាគ្រឿងយន្តដែរ ហើយកើតឡើងពីរបស់រូបីយ ដែលស្របតាមច្បាប់ធម្មជាតិហើយអាចសិក្សាដោយបែប​វិទ្យាសាស្ត្របាន។ លោក មៀល ជេម (James Mill) ជាទស្សនវិទូ ជនជាតិ អេកូស (Scottish) ដែលបានឱ្យឈ្មោះគំនិតខាងលើថា រូបធាតុនិយម ដែលមានអត្ថន័យថា អ្វីទាំងអស់គឺផ្សំឡើងដោយរូបធាតុ និងថាមពល។ មនុស្សជារូបធាតុដែលរស់នៅក្នុងពិភពលោកដែលជារូបធាតុដែរ ហេតុដូចនេះអ្វីដែលមនុស្សធ្វើ ឥរិយាបថ ចិត្ត របស់មនុស្សមិនមែនជាវិញ្ញាណ ព្រលឹង ឫ អរូបី នោះទេ ប៉ុន្តែសុទ្ធតែកើតឡើងពីទំនាក់ទំនង ការធ្វើអន្តរកម្មរវាងរូបធាតុទាំងនោះ ដែលស្របតាមច្បាប់ធម្មជាតិ ហើយអាចសិក្សាបានដោយបែបវិទ្យាសាស្ត្រ។

James Mill 9408191 1 402

លោក មៀល ជេម (១៧៧៣-១៨៣៦)លោក ហ្គាលវ៉ានី លូអីជី (Luigi Galvani) ជាគ្រូពេទ្យ និងទស្សនវិទូ ជនជាតិ អ៊ីតាលីមួយរូបដែលបានធ្វើការពិសោធជាមួយនឹងជើងកង្កែប។ លោកបានបញ្ជូនចរន្តអគ្គិសនីទៅជើងកង្កែបនោះ ហើយអាចធ្វើឱ្យវាកន្ត្រាក់ ហាក់បីដូចជាជើងនោះកំពុងតែរាំ។ ការពិសោធរបស់លោក មានឥទ្ធិពលខ្លាំង និងមានសារៈសំខាន់ដែលបញ្ចាក់ឱ្យឃើញថា រាងកាយពិតហាក់បីដូចជាគ្រឿងយន្ត អាចធ្វើចលនាបានដោយចរន្តអគ្គិសនី (អេឡិចត្រូគីមី)។

Fajb_frog_galvanoscope_02_oct2016

លោក ហ្គាលវ៉ានី លូអីជី (១៧៣៧-១៧៩៨)

Galvani Frogs Legs Electricity

 

លោក ប្រូកា ផល (Paul Broca) ជាគ្រូពេទ្យខាងថ្នាំពេទ្យ ដែលបានសិក្សាពីតំបន់មួយក្នុងខួរក្បាលដែលទាក់ទងទៅនឹងការនិយាយភាសារបស់មនុស្ស។ ដំបូងលោកបានជួបប្រទះជាមួយអ្នកជំងឺជាច្រើនកន្លែងដែលមានអាការៈ គឺពួកគាត់អាចស្ដាប់​និង​យល់​ភាសាបានយ៉ាងច្បាស់ ប៉ុន្តែពេលដែលពួកគាត់ព្យាយាមនិយាយមកវិញ គឺពួកគាត់មានការលំបាកក្នុងការបង្កើត​ និងនិយាយប្រយោគដែលមានអត្ថន័យពេញលេញ អ្វីដែលគាត់និយាយហាក់បីដូចជាខុសលំដាប់ និងស្ទើរតែមិនអាចស្ដាប់បានតែម្ដង​។

លោកផល មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាការៈនេះ បន្ទាប់មកលោកបានស្នើសុំអ្នកជំងឺទាំងនោះដោយចង់ត្រួតពិនិត្យមើលខួរក្បាលរបស់ពួកគេ នៅពេលដែលគេស្លាប់​។ អ្នកជំងឺមួយចំនួនបានយល់ព្រមនឹងលោក។ លោកបានរង់ចាំរហូតដល់ពេលពួកគេស្លាប់មែន ហើយបានធ្វើការវះកាត់ខួរក្បាលរបស់អ្នកជំងឺទាំងនោះ។ គាត់បានរកឃើញ​ថា គ្រប់​អ្នក​ជំងឺទាំងអស់ទទួលរងនូវការខូចខាតឫប៉ះទង្គិចនៅតំបន់មួយក្នុងខួរក្បាល ដែលត្រូវបានអោយឈ្មោះថា តំបន់ប្រូកា (Broca’s Area)។

ផ្ទុយទៅវិញ អ្នកជំងឺដែលអាចនិយាយភាសាបានច្បាស់លាស់ ប៉ុន្តែមានការលំបាកក្នុងការស្ដាប់ភាសាវិញ នោះត្រូវបានរកឃើញថាមានការប៉ះទង្គិចនៅតំបន់មួយទៀត ដែលត្រូវបានអោយឈ្មោះថា តំបន់វឺនិគី (Wernicke’s Area)។

 

131831 004 25EA074C

 

លោក  ប្រូកា ផល

តំបន់ប្រូកា និង តំបន់វឺនិគីទាំងនេះបញ្ជាក់ឱ្យឃើញថា ខួរក្បាលមនុស្សហាក់បីដូចជាគ្រឿងយន្ត ដែលតំបន់ខ្លះនៃខួរក្បាលគ្រប់គ្រងផ្នែកខ្លះនៃសារពាង្គកាយ ហើយគំនិតនេះត្រូវបានអោយឈ្មោះថា តំបន់និយម (Localism)។

កំណើតចិត្តវិទ្យា

ប្រវត្តិនៃ “ចិត្តវិទ្យា” មានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សរ៍ទី ១៨ ព្រោះនាពេលនោះ ប្រទេសអាឡឺម៉ង់​ ជាប្រទេស​​មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។

ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំណាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និងស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីឱ្យ​ប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។

ទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និងពិតប្រាកដដំបូងគេ ដែលត្រូវបានឱ្យឈ្មោះថា “ចិត្តវិទ្យា”។

នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែកក្នុងការងារ ឫការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា។ ដូចជា លោក ហេមហូល វន់ ហ៊ើមេន

220px Hermann_von_Helmholtz

លោក ហេមហូល វន់ ហ៊ើមេន (១៨២១-១៨៩៤)លោក ហេមហូល វន់ ហ៊ើមេន (Hermann von Helmholtz) ជារូបវិទូ និងគ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ មួយរូប ដែល​បាន​ធ្វើការពិសោធន៍ទាក់ទងទៅនឹងល្បឿននៃការបញ្ជូនព័ត៌មានរបស់កោសិកាប្រសាទណឺរ៉ូន មួយទៅកោសិកាប្រសាទណឺរ៉ូនមួយទៀតរបស់មនុស្ស។

លោកបានឱ្យមនុស្សជាច្រើនជាង ១០០០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការពិសោធន៍ ឈរកាន់ដៃគ្នាតាមផ្លូវទួលមួយ បន្ទាប់មកលោកបានកំណត់ពេល និងចាប់ផ្ដើមរលាក់ដៃអ្នកដែលនៅមុខគេបង្អស់ ហើយលោកបានជិះស្គីចុះតាមទួលរហូតដល់អ្នកចុងក្រោយគេបង្អស់ ហើយចាំគេរលាក់ដៃគាត់វិញទើបឈប់កំណត់ពេល។

ដោយការពិសោធន៍នេះ លោកអាចគណនានូវល្បឿននៃការបញ្ជូនព័ត៌មានរបស់ណឺរ៉ូនបានតាមរយៈការយកប្រវែងសរសៃរឈាមមនុស្សពីដៃម្ខាងទៅ​ខួរ​ក្បា​ល​ ហើយពីខួរក្បាលទៅដៃម្ខាងទៀត បន្ទាប់មកគុណនឹងចំនួនមនុស្ស ១០០០នាក់ ហើយចែកនឹងរយៈពេលដែលបានវាស់កំណត់។

ដោយសារតែកាលពីមុន មនុស្សជឿថាល្បឿនបញ្ជូនព័ត៌មានរបស់ណឺរ៉ូន គឺមានល្បឿនលឿនណាស់ ពុំអាចវាស់ស្ទង់បានឡើយ ដោយហេតុនេះហើយការពិសោធន៍របស់ លោក ហ៊ើមេន បានបញ្ជាក់ឱ្យឃើញថាមនុស្សចាប់ផ្ដើម​ឈាន​ជើងមួយជំហានទៀតក្នុងការសិក្សាចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រ។

លោក វេបឺ អើន (Ernst Weber) ជាគ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ ដែលត្រូវបានឱ្យឈ្មោះថា ជាអ្នកបង្កើតចិត្តវិទ្យា ផ្នែកការពិសោធន៍។

លោកបានធ្វើការពិសោធន៍ទាក់ទងនឹងប្រវែងបន្ទាត់ដែលចាំបាច់បន្ថែមលើបន្ទាត់មួយទៀតថាតើចាំបាច់បន្ថែមប្រវែងប៉ុន្មាន ទើបអាចដឹងថាវែងជាង បើប្រៀបទៅនឹងប្រវែងដើម។

ការពិសោធន៍របស់លោកបានបញ្ជាក់ឱ្យឃើញថា ប្រវែងដែលត្រូវបន្ថែមអាស្រ័យនឹងប្រវែងដើមរបស់បន្ទាត់មានន័យថា ផលចែករវាងបម្រែបម្រួលប្រវែងនឹងប្រវែងដើមរបស់បន្ទាត់ស្មើនឹងចំនួនថេរមួយ។

សេចក្ដីសន្និដ្ឋាននេះ បានបង្ហាញឱ្យឃើញវិញ្ញាណរបស់មនុស្សអាចសិក្សាតាមបែបវិទ្យាសាស្ត្របានដោយប្រើគណិតវិទ្យា ហើយសេចក្ដីសន្និដ្ឋាននេះផងដែរបានក្លាយជាច្បាប់មួយដែលអាចអនុវត្តក្នុងវិញ្ញាណទាំង ៥ របស់មនុស្ស មាន​ឈ្មោះ​ថា ច្បាប់វេបឺ (Weber’s Law)។

1 Ernst Heinrich Weber Granger

លោក វីបបឺ អឺន (១៧៩៥-១៨៧៨)ការពិសោធន៍របស់លោកទាំងពីរខាងលើក៏ដូចជាការពិសោធន៍ផ្សេងៗ ជាច្រើនទៀត បានបើកចំហផ្លូវកាន់តែធំឆ្ពោះទៅកាន់កំណើតរបស់ចិត្តវិទ្យា។ អ្នកដែលលើផ្លូវនេះដំបូងគេគឺលោក វ៉ុន វែលហេម។

លោក វ៉ុន វែលហេម (Wilhelm Wundt) ជាគ្រូពេទ្យ ជាទស្សនវិទូ ជីវវិទូ ចិត្តវិទូ ព្រមទាំងជាសាស្ត្រាចារ្យ ជនជាតិអាឡឺម៉ង់ម្នាក់ ដែលត្រូវបានស្គាល់ថាជាចិត្តវិទូដំបូងគេបំផុតដោយសារលោកបានបង្កើតទីពិសោធន៍សម្រាប់ចិត្តវិទ្យា និងបានសរសេរ​សៀវភៅទាក់ទងនឹងចិត្តវិទ្យាដំបូងគេ ព្រមទាំងជាបិតានៃចិត្តវិទ្យាសម័យទំនើប។

លោកបានសិក្សាចិត្តវិទ្យាដោយប្រើវិធីអន្ដោបនីជ្ឈាន (Introspection) ដែលមានន័យថា ការត្រួតពិនិត្យចិត្ត គំនិត សម្បជញ្ញៈ របស់ខ្លួន។ លោកបានហ្វឹក​ហ្វឺន​មនុស្ស​មួយក្រុមដោយឱ្យពួកគេចេះត្រួតពិនិត្យ ហើយរាយការណ៍អំពីអ្វីដែលកើតឡើងក្នុងចិត្តរបស់ពួកគេ នៅពេលលោកធ្វើការពិសោធ ដូចជាការបង្ហាញរូបភាព សំឡេង សកម្មភាព ឬវត្ថុផ្សេងៗទៅកាន់ពួកគេ។

គោលបំណងរបស់លោក គឺចង់ដឹងថា តើអារម្មណ៍ដែលយើងមាននៅពេលធ្វើអ្វីមួយដោយសម្បជញ្ញៈខុសពីឥតសម្បជញ្ញៈដូចម្ដេចខ្លះ? តើសម្បជញ្ញៈរបស់មនុស្សមានទម្រង់ដូចម្ដេច ដែលបច្ចុប្បន្នគំនិតត្រូវអោយឈ្មោះថា ទម្រង់​និយម ​(Structuralism)​។

មានការជជែកវែកញែក ក៏ដូចជាសំនួរជាច្រើនរវាងអ្នកវិទ្យាសាស្ត្រ ស្ដីពីវិធីដែលលោក វែលហេមប្រើ ព្រោះការសិក្សារបស់លោកដោយប្រើវិធីនេះ គឺមិនមែនសិក្សាពីសម្បជញ្ញៈរបស់មនុស្សដោយផ្ទាល់នោះទេ គឺលោកចាំបាច់ពឹងផ្អែកលើអ្នកដែលលោកបានហ្វឹកហ្វឺនក្នុងការរាយការណ៍ ហើយម្យ៉ាងវិញទៀតមានចម្ងល់ជុំវិញសំនួរមួយថា តើមនុស្សពិតជាអាចរាយការណ៍ពីអ្វីក្នុងចិត្តគេបានត្រឹមត្រូវច្បាស់លាស់ដែលអាចទទួលយកជាការពិតដែរមែនទេ។

មិនយូរប៉ុន្មាន ចិត្តវិទ្យាចាប់ផ្ដើមរីករាលដាលដល់ប្រទេសដទៃទៀត ជាពិសេស ប្រទេសអាមេរិច ដែលគេឃើញមានអ្នកប្រាជ្ញអាមេរិចចាប់ផ្ដើមចូលរួមក្នុងការអភិវឌ្ឍចិត្តវិទ្យា ដូចជាលោក ជេម វីលាម

លោក ជេម វីលាមលោក ជេម វីលាម (William James) ជាទស្សនវិទូ និងចិត្តវិទូ ជនជាតិ អាមេរិច ដែលបានឱ្យឈ្មោះថា “បិតាចិត្តវិទ្យាប្រទេសអាមេរិច”។ លោកជាអ្នកពូកែគិតត្រិះរិះម្នាក់ ហើយលោកបានសរសេរសៀវភៅដ៏មានសារៈសំខាន់ទាក់ទងនឹងចិត្តវិទ្យា មានឈ្មោះថា “គោលការណ៍នៃចិត្តវិទ្យា” (Principles of Psychology) នៅឆ្នាំ ១៨៩០។

លោក ហ្វ្រ័ដ សេកម៉ន (Sigmund Freud) ជាគ្រូពេទ្យពេទ្យសរសៃរប្រសាទ (Neurologist) ជនជាតិ អូទ្រីស ដែលជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចិត្តវិទ្យា។ ទស្សនៈរបស់លោកមានអត្ថន័យថា មនុស្សគ្រប់រូបទាំងអស់មានផ្នែកខ្មៅងងឹត ដែលសូម្បីតែខ្លួនឯងក៏ពុំដឹង។ លោកបានបែងចែកផ្នែកនៅខាងក្នុងចិត្តមនុស្សជា ៣ ផ្នែកធំៗ៖

Sigmund_Freud_1926

១- អ៊ីត (បកប្រែថា “វា”, English: id, German: das Es): ជាផ្នែកទទួលរងឥទ្ធិពលពីធម្មជាតិ ដែលមានក្នុងចិត្តមនុស្សតាំងពីជំនាន់មនុស្សនៅក្នុងសម័យយុគដំបូង។ ផ្នែកនេះរ៉ាប់រងនូវ ចំណង់ តណ្ហា អ្វីដែលមនុស្សចង់បាន ចង់ធ្វើស្រេច​តែអំពើចិត្ត។

– ស៊ុបពើ-អ៊ីហ្គូ (បកប្រែថា “លើខ្ញុំ”, English: super-ego, German: das Über-Ich): ជាផ្នែកទទួលរងឥទ្ធិពលពីសង្គម ជាផ្នែកដែលចង់អោយខ្លួនជាមនុស្សល្អអត់ខ្ចោះ ជាមនុស្សដែលគេគោរពស្រឡាញ់ សរសើរ ដែលមានភាពជាអ្នកដឹកនាំ ដែលមានផលប្រយោជន៍ក្នុងសង្គម។

៣- អ៊ីហ្គូ (បកប្រែថា “ខ្ញុំ”, English: ego, German: das Ich): ជាផ្នែកដែលមានតូនាទីសម្របសម្រូល អ៊ីត និង ​ស៊ុបពើ-អ៊ីហ្គូ។ អ៊ីហ្គូ ចាំបាច់បំពេញតម្រូវការរបស់ “អ៊ីត” ហើយមិនប៉ះពាល់ដល់ “ស៊ុបពើ-អ៊ីហ្គូ”។

ដូចអ្វីដែលប្រិយមិត្តអ្នកអានបានជ្រាបមកហើយ ថាការសិក្សាត្រូវការអភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ដូច្នេះសង្ឃឹមថា អ្នកទាំងអស់គ្នាក៏អាចរួមចំណែកនៃកោសិការនៃ “ចិត្តវិទ្យា” នេះបានបន្ថែមទៀតដែរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙ប្រភព៖ មនោ វិជ្ជា