#លក្ខណៈពិសេសនៃមនុស្សមិនសូវចេះនិយាយស្តីច្រើន! – Kalib9 យល់ដឹង | Pelklas

#លក្ខណៈពិសេសនៃមនុស្សមិនសូវចេះនិយាយស្តីច្រើន!

១. ខាងក្រៅជាមនុស្សស្ងប់ស្ងាត់ តែខាងក្នុងពោរពេញទៅដោយអារម្មណ៍ដែលសម្បូរបែប ៖ យើងអាចមើលទៅគេហាក់ដូចជាមនុស្សដែលគ្មានរសជាតិ គ្មានទឹកដម ចូលចិត្តធ្វើអីធ្មឹងៗ មិនងាយមានប្រតិកម្មជាមួយមជ្ឈដ្ឋានជុំវិញខ្លួន តែតាមពិតទៅគេមានចិត្ត មានបេះដូងដូចមនុស្សទូទៅដែរគ្រាន់តែគេមិនសូវបញ្ចេញមកតែប៉ុណ្ណោះ ម្យ៉ាងទៀតពួកគេគឺប្រមូលផ្តុំទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ហើយងាយនឹងមើលធ្លុះចិត្តមនុស្សដែលចូលមកជិតខ្លួនគេខ្លាំងណាស់។

58374154_348827949071536_6182927540844232704_n

២. ជាមនុស្សក្រែងចិត្តអ្នកដទៃ និង មិនចូលចិត្តយកមុខយកមាត់នោះទេ ៖ ដោយសារតែគេជាមនុស្សមិនចូលចិត្តនិយាយច្រើន តែចូលចិត្តស្តាប់ និង សង្កេតមើលអ្នករស់នៅជុំវិញខ្លួន ហេតុដូច្នោះហើយទើបគេដឹងថាអ្វីដែលគួរនិយាយ និង អ្វីដែលមិនគួរនិយាយ ដើម្បីជៀសវាងការប៉ះទង្គិចផ្នែកអារម្មណ៍ដោយសារពាក្យសម្តី។

ម្យ៉ាងទៀតគេជាមនុស្សដែលមិនខ្វល់ និង យកចិត្តទុកដាក់ទៅលើការសរសើរ ឬ ការនិន្ទាពីអ្នកជុំវិញខ្លួននោះទេ អ្វីដែលសំខាន់គឺផ្តោតទៅលើគោលដៅដែលគេបានរៀបចំទុកសម្រាប់អនាគត តែក៏មិនមែនមានន័យថាគេមិនព្រមទទួលយកការរិះគន់ពីអ្នកដទៃនោះទេ ចំណុចខ្លះដែលគេគិតថាមិនល្អ គេនឹងព្រមកែប្រែវា។

៣. ជាទីប្រឹក្សាដ៏ល្អ ៖ ដូចដែលយើងបានដឹងបើមើលតែសំបកក្រៅគេជាមនុស្សដែលស្ងៀមស្ងាត់ ម៉ឺងម៉ាត់ ហ្មត់ចត់ មិនចេះលេងសើច តែតាមពិតទៅវាមិនមែនអ៊ីចឹងនោះទេ កាលណាអ្នកបានចូលទៅជិតគេ ទើបដឹងថាគេជាមនុស្សបែបណា នៅពេលមានបញ្ហាអ្វីមួយ អ្នកអាចពិភាក្សាជាមួយគេបាន ថែមទាំងមិនបាច់បារម្ភខ្លាចគេនិយាយរឿងទាំងនោះប្រាប់អ្នកផ្សេងឡើយ ព្រោះមនុស្សប្រភេទនេះ ស្អប់បំផុតការនិយាយដើម មួលបង្កាច់អ្នកដទៃ ទាំងដែលគ្មានការពិត ហេតុដូចនេះហើយ ទើបគេក្លាយជាមនុស្សដែលមិនចូលចិត្តនិយាយច្រើននាំឱ្យមានទុក្ខទោសព្រោះពាក្យសម្តី លើសពីនេះទៅទៀតបើអ្នកចង់ដឹង ឬ ឆ្ងល់អ្វីផ្សេងៗទៀត អាចសួរគេបាន គេនឹងចែករំលែកដោយមិនរួញរាទៅតាមសមត្ថភាពដែលគេមាន៕

ប្រភពដើម : ឯក សកលរាជសច្ចា