ក្រុងព្រះសីហនុ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ ម៉ោងប្រមាណជា ៥ ព្រឹកព្រលឹមនេះមានហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលមួយកើតឡើង ដោយនៅក្រុងព្រះសីហនុមានហេតុការណ៍ដួលរលំអគារកំពស់៧ ជាន់ ធ្វើឱ្យបាក់ស្រុតមកដី។
បើគិតត្រឹមម៉ោង ៨ កន្លះព្រឹកនេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារ ដែលបាក់រលំនេះ ដោយក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។
គួរឱ្យដឹងថាអគារដែលកំពុងសាងសង់ ហើយបានបាក់រលំធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ ជាកម្មសិទ្ធរបស់ជនជាតិចិន ដែលសង់លើដីជួលទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ ដោយសង់បានប្រហែលជា៨០ភាគរយហើយ ដែលហេតុការណ៍បាក់រលំអគារនេះ មានទីតាំងនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕