មនុស្សជាច្រើនប្រហែលជាគិតថា មានតែមនុស្សស្រីទេដែលរឿងច្រើន ទាមទារច្រើន និងពិបាកនឹងយកចិត្ត។ ជាការពិតណាស់ បើទោះបីជាបុរសគ្រប់រូបភាគច្រើនមិនសូវចូលចិត្ត ដ្រាម៉ា និយាយរៀបរាប់ច្រើន ឬទាមទារច្រើនយ៉ាងណាក៏ដោយ តែបុរសក៏ជាមនុស្សដូចគ្នា មានចិត្ត មានបេះដូង និងមានអារម្មណ៍ដែរ ដែលទាមទារការយល់ចិត្តពីមនុស្សគ្រប់រូបដូចគ្នា។
ហើយក៏ទាមទារទាំងនោះបុរសៗមិនដែលបញ្ចេញវាចេញមកក្រៅ និងនិយាយស្តីចេញមកនោះទេ តែជឿថាបុរសៗគ្រប់រូបសុទ្ធតែចង់បានបែបនោះ។
ដូច្នេះចង់ដឹងថាបុរសៗត្រូវការ និងទាមទារអ្វីខ្លះពីមនុស្សស្រីជាទីស្រលាញ់ តោះ!មកតាមដានទាំងអស់គ្នា៖
១. ការគោរព
មនុស្សប្រុសគ្រប់រូបតែងតែចង់បាននូវភាពជោគជ័យ ការសរសើរ និងការគោរពពីមនុស្សដទៃ ជាពិសេសពីមនុស្សស្រីជាទីស្រលាញ់ ហើយធ្វើឱ្យមនុស្សស្រីយល់ថាមានសំណាងដែលមានគេនៅក្នុងជីវិត។
ការបង្ហាញពីការគោរពទៅកាន់បុរសមិនជាពិបាកទេ គ្រាន់តែអ្នកបង្ហាញពីអារម្មណ៍រំភើប និងត្រេកអរដែលមានគេជាគូស្នេហ៍ ដោយសារតែគេជាមនុស្សល្អ ពូកែ និងមានចំណុចល្អជាច្រើន។ អ្វីដែលសំខាន់គឺបង្ហាញការគាំទ្រនូវរឿងដែលគេធ្វើ សរសើរនូវភាពជោគជ័យ និងរាល់ការខិតខំប្រឹងប្រែងរបស់គេ។
២. សរសើរដោយស្មោះ
គ្មានមនុស្សប្រុសណាម្នាក់ដែលថាមិនចូលចិត្តការសរសើរទេ តែអ្នកជាគូស្នេហ៍គួរតែសរសើរគាត់ឱ្យស្មោះអស់ពីចិត្ត នូវអ្វីដែលជាភាពជោគជ័យ និងការខិតខំកន្លងមករបស់គាត់ ដើម្បីឱ្យគាត់មានអារម្មណ៍ថារីករាយ កក់ក្តៅ និងមានកម្លាំងចិត្ត។
៣. បង្ហាញពីភាពជាគូស្នេហ៍
ការបង្ហាញភាពជាគូស្នេហ៍ មនុស្សប្រុសគិតថាមិនចាំបាច់ទាល់តែប្រាប់អ្នកនោះទេ គឺអ្នកគួរតែយល់ដោយខ្លួនឯង។ ដូច្នេះមនុស្សស្រីគួរតែដឹងថាខ្លួនឯងធ្វើបែបណាជាគូស្នេហ៍ល្អ ដូចជាការយកចិត្តទុកដាក់តិចតួច មានវត្តមានពេលដែលគេមានទុក្ខ និងជួយរំលែកការលំបាករបស់គេ ដោយមិនបាច់គេសួរ ឬប្រាប់នោះទេ។ ការបង្ហាញខ្លួនមនុស្សសំខាន់នៅពេលដែលគេមានបញ្ហា គឺជាអ្វីដែលមនុស្សប្រុសគ្រប់រូបតែងតែចង់បានជានិច្ច។
៤. ការលើកទឹកចិត្ត
បើទោះបីជាបុរសជាភេទដែលរឹងមាំ តែក៏មិនមែនថាមិនចេះកើតទុក្ខ ឬអាចទទួលរាប់រងបញ្ហាតែម្នាក់ឯងបានដែរ ហើយតែងតែមានចិត្តចង់រកមនុស្សមកលើកទឹកចិត្តជានិច្ច គ្រាន់តែមនុស្សប្រុសមិនដែលហ៊ាននិយាយចេញមក ឬទាមទារការយល់ចិត្តពីមនុស្សជុំវិញខ្លួន។
ដូច្នេះអ្នកជាគូស្នេហ៍ គួរតែចេញមកលើកទឹកចិត្ត ជម្រុញទឹកចិត្ត លួងលោម និងចាំគាំទ្របុរសជាទីស្រលាញ់ ដូចពាក្យចាស់ថា ក្រោយខ្នងមនុស្សប្រុសជោគជ័យតែងតែមាននារីល្អម្នាក់។ ជឿថាការលើកទឹកចិត្ត និងនៅក្បែរគាំទ្រគាត់រាល់ពេលមានបញ្ហានឹងធ្វើឱ្យបុរសរំភើបចិត្ត កក់ក្តៅក្នុងចិត្ត ព្រមទាំងមានសង្ឃឹមក្នុងជីវិត ថែមទាំងស្រលាញ់អ្នកកាន់តែខ្លាំងផងដែរ។
៥. អរគុណ/ ដឹងគុណ
មនុស្សប្រុសតែងតែចង់ក្លាយទៅជា Hero របស់មនុស្សស្រីជាទីស្រលាញ់ ដូច្នេះនៅពេលដែលគាត់បានធ្វើរឿងមួយចំនួនដើម្បីអ្នក អ្នកគួរតែអរគុណគាត់ស្មោះអស់ពីចិត្ត ញញឹមពេញចិត្តនូវធ្វីដែលគាត់ធ្វើ បើទោះបីជារឿងតូចតាចយ៉ាងណាក៏ដោយ។ សេចក្តីត្រេកអរ និងអារម្មណ៍រំភើបដែលអ្នកបានបង្ហាញរាល់ពេលដែលគាត់ធ្វើដើម្បីអ្នក នឹងធ្វើឱ្យគាត់រីករាយ មានមោទនភាពចំពោះខ្លួនឯងជាមិនខាន។
៦. ចង់បានពេលវេលាផ្ទាល់ខ្លួន
បុរសមិនងាយនឹងនិយាយពាក្យថា ចង់មានពេកផ្ទាល់ខ្លួនទេ តែជឿថាមនុស្សម្នាក់ៗទោះជាមានមនុស្សជាទីស្រលាញ់យ៉ាងណាក៏ដោយ ក៏គាត់តែងតែចង់រកពេលនៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គេដែរ ចំណុចនេះមនុស្សស្រីគ្រប់រូបគួរតែយល់ចិត្តមនុស្សប្រុសឱ្យច្រើន កុំតាមទាមមនុស្សប្រុសគ្រប់ពេលវេលាខ្លាំងពេក ហើយចោទប្រកាន់ថាគាត់មិនស្រលាញ់អ្នក ឬមានស្រីផ្សេងជាដើម។
អ្នកគួរតែផ្តល់ពេលវេលាផ្ទាល់ខ្លួនឱ្យគាត់ខ្លះដើម្បីលំហែអារម្មណ៍ ឬដើរលេងជាមួយនឹងមិត្តភក្តិដោយមានព្រំដែន ជាពិសេសជឿជាក់ចំពោះចិត្តរបស់គាត់ផង ព្រោះទំនុកចិត្តរវាងគ្នានិងគ្នាពិតជាសំខាន់ខ្លាំងណាស់។
៧. ការគាំទ្រ
មនុស្សប្រុសទោះជាមិនសូវចេះនិយាយច្រើន ឬបញ្ចេញមនោសញ្ចេតនាខ្លាំងដូចមនុស្សស្រី តែគេពិតជាចង់បានការគាំទ្រពីមនុស្សពិសេសខ្លាំងណាស់។ យើងអាចនិយាយថា ការគាំទ្រពីមនុស្សជាទីស្រលាញ់ គឺជាកម្លាំងចិត្តដ៏ធំធេងដើម្បីឱ្យមនុស្សប្រុសអាចហែលឆ្លងឧបសគ្គ ជម្នះការលំបាកបាន ជាពិសេសមានកម្លាំងចិត្តដើម្បីជីវិតថ្ងៃអនាគតផងដែរ។
ហើយការគាំទ្រ និងនៅក្បែរមនុស្សប្រុសជាទីស្រលាញ់រាល់ជួបនឹងបញ្ហា នឹងធ្វើឱ្យមនុស្សប្រុសរីករាយរំភើប មានទំនុកចិត្តលើខ្លួនឯង និងអាចដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតទៀតផង។
៨. ទទួលស្គាល់
មនុស្សប្រុសពិតជាមានតួនាទី និងទំនួលខុសត្រូវច្រើនខ្លាំងណាស់នៅក្នុងជីវិត ហើយវាគឺជាអ្វីដែលមនុស្សស្រីត្រូវតែទទួលស្គាល់ថាគាត់ពិតជាមានផលលំបាកច្រើនណាស់នៅក្នុងជីវិត និងរឿងជាច្រើនដែលត្រូវដោះស្រាយ។
ចូរកុំព្យាយាមបន្ថែមបន្ទុកឱ្យគាត់បន្ថែម ហើយព្យាយាមយល់ចិត្ត និងទទួលស្គាល់ថាកន្លងមកគាត់ពិតជាប្រឹងប្រែងខ្លាំងណាស់សម្រាប់ជីវិតគាត់ និងរឿងរ៉ាវស្នេហារបស់អ្នក។ ការយល់ចិត្តគ្នា និងដឹងពីការលំបាកគ្នា នឹងធ្វើឱ្យបុរសសប្បាយចិត្ត និងស្រលាញ់អ្នករឹតតែខ្លាំង។
៩. ចង់ឮពាក្យថាស្រលាញ់ ចូលចិត្ត និងពេញចិត្ត
មិនមែនមានតែមនុស្សស្រីទេដែលចង់ឱ្យមនុស្សប្រុសប្រាប់ថាស្រលាញ់ និងពេញចិត្តនោះ មនុស្សប្រុសក៏ចង់ឮពាក្យទាំងនេះពីមនុសុ្សស្រីជាទីស្រលាញ់ដូចគ្នា។ អ្នកគួរតែចេះផ្អែមល្ហែម ញ៉ិកញ៉ក់ដាក់គាត់ យកចិត្តគាត់ សរសើរគាត់ថាសង្ហា ពូកែ និងប្រាប់ថាស្រលាញ់ពេញចិត្តគាត់ទៅ ទោះបីជាពេលខ្លះគាត់សម្តែងធ្វើជាធុញទ្រាន់ ឬមិនមានភាពរំភើបពេលខ្លះក៏ដោយ តែជឿជាក់ថាបេះដូងគាត់ពិតជាកំពុងតែលោតញាប់ មានភាពរំភើប ឬលួចញញឹមម្នាក់ឯងជាមិនខាន។
យ៉ាងម៉េចដែរស្រីៗអាចយកទាំង៩ក្បាច់នេះយកចិត្តបុរសជាគូស្នេហ៍បានណា!
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក