វាចាមាស ភាសាដួងចិត្តពីកវីនិពន្ធ សុខ ចាន់ផល « ប្រាក់គឺជាសម្ភារៈប្រើប្រាស់ម្យ៉ាង សម្រាប់ជាជំនួយក្នុងការដោះដូរផលប្រយោជន៍គ្នានៅក្នុងសង្គម ហើយប្រាក់ក៏ជាឧបករណ៍ប្រើសម្រាប់វាស់កម្រិតប្រាជ្ញារបស់មនុស្សម្នាក់ៗ »

លោក សុខ ចាន់ផល ​គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ​ដែលមានស្នាដៃជាច្រើននៅក្នុងការនីពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ​ស្នេហាសុភាពបុរស ខែរងា  សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត  ជាពិសេសលោកក៏មានស្នាដៃនិពន្ធជាទំនុកច្រៀងបទចម្រៀងល្បីៗឱ្យផលិតកម្មរស្មីហង្សមាសផងដែរ។

ក្នុងនាមជាកវីនិពន្ធដែលសម្បូរទៅដោយវាចារស័ព្ទតាមរយៈសំណេរល្អៗបង្កប់ការអប់រំទាំងក្នុងសៀវភៅ និងបទចម្រៀង ​ជារឿយៗ លោក ​សុខ ចាន់ផល ​រមែងបង្កើតសំណេរពាក្យពេចន៍បង្កប់ន័យអប់រំជាច្រើនលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រ និងមិត្តភក្តិរបស់លោកផងដែរ ​ដែលសំណេរទាំងអស់នោះសុទ្ធតែត្រូវបានគេយល់ថាសុទ្ធតែជាសំណេរដ៏មានតម្លៃ មានន័យជ្រៅ រហូតទទួលបានការគាំទ្រ ​Share  ចែករំលែកជាច្រើនដងលើបណ្តាញទំនាក់ទំនងសង្គមទៀតផង។

មិនខុសពីសព្វមួយដង  លោក ​ចាន់ផល ​បានបញ្ចេញសំណេរមួយទៀតហើយនិយាយពិទឹកប្រាក់ ​ដែលមានអត្ថន័យដ៏ជ្រាលជ្រៅដូចខាងក្រោមនេះ៖

«ប្រាក់គឺជាសម្ភារៈប្រើប្រាស់ម្យ៉ាង សម្រាប់ជាជំនួយក្នុងការដោះដូរផលប្រយោជន៍គ្នានៅក្នុងសង្គម ហើយប្រាក់ក៏ជាឧបករណ៍ប្រើសម្រាប់វាស់កម្រិតប្រាជ្ញារបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា ខ្ញុំសង្កេតឃើញថា ប្រាក់ដែលយើងរកបានគឺសម្រាប់តែឱ្យទៅវិញតែប៉ុណ្ណោះ។ ហេតុនេះបើគង់តែនឹងឱ្យទៅវិញ តើយើងគួរតែឱ្យដោយរបៀបណា? ព្រោះថា ការឱ្យដោយមានប្រាជ្ញានឹងធ្វើឱ្យយើងបានយល់ពីសច្ចភាពនៅក្នុងធម្មជាតិនេះ។

ខ្ញុំធ្លាប់សង្កេតឃើញថា អ្នកខ្លះមិនហ៊ានចំណាយប្រាក់ទិញចំណីអាហារល្អបរិភោគទេ ព្រោះតែត្រូវសន្សំប្រាក់ទុកយកទៅជូនគ្រូពេទ្យ។ ចំណែកឯអ្នកខ្លះទៀត ចូលចិត្តតថ្លៃទិញចំណីពីអ្នកក្រ ដើម្បីចំណេញបានមួយពាន់រៀលពីរពាន់រៀល តែពួកគេដាក់ធីបនៅហាងអាហារថ្លៃៗរបស់អ្នកមាន មួយម៉ឺនរៀលពីរម៉ឺនរៀលជាមួយនឹងមោទកភាព។ ប្រាក់នឹងអស់ទៅវិញ តែយើងក៏អាចជ្រើសរើសនូវរបៀបចាយវា ហើយពិតជាមូលហេតុដ៏ត្រឹមត្រូវមួយ ដែលធ្វើឱ្យយើងបានក្លាយជាអ្នកកាន់ប្រាក់។

ប្រសិនបើប្រាក់អាចចាយ និងប្រើប្រាស់ជាមធ្យោបាយដោះស្រាយទុក្ខលំបាកនៃជនក្រខ្សត់ ឬឧបត្ថម្ភចំពោះអ្នកដទៃ ដើម្បីប្រយោជន៍រួមរបស់សង្គម យើងប្រាកដជាទទួលបានមកវិញនូវក្ដីគោរពស្រលាញ់ ដែលជាហេតុនាំឱ្យចិត្តកើតសោមនស្ស និងសុភមង្គល។ ប៉ុន្តែដោយអវិជ្ជា មនុស្សជាច្រើនបែរជាចាយប្រាក់ទៅទិញថ្នាំពុល ឬគ្រឿងស្រវឹង និងអំពើពាលាអាវ៉ាសែផ្សេងៗ ដែលជាហេតុនាំមកនូវទុក្ខទោសចំពោះខ្លួនឯង ញាតិមិត្រ ព្រមទាំងសង្គមទាំងមូល។

ខ្ញុំផ្ទាល់ធ្លាប់ជាបុគ្គលល្ងង់បែបនោះ ហើយខ្ញុំក៏អាចពិសោធន៍ឃើញថា បើកាលណាយើងចាយប្រាក់ក្នុងបំណងល្អ ប្រាក់នឹងតែងតែហូរចូលមកយើងវិញជាបន្តបន្ទាប់ ប៉ុន្តែបើយើងចាយប្រាក់ដើម្បីតែបំពេញ ឬដេញតាមលោភៈផ្ទាល់ខ្លួន បំប៉នភាពអាត្មានិយមផ្ទាល់ខ្លួន នោះប្រាក់នឹងត្រូវធម្មជាតិដតហូតទៅវិញយ៉ាងទាន់ហន់។

គ្រប់យ៉ាងនៅក្នុងលោកនេះជារបស់ធម្មជាតិ គ្មានអ្វីជារបស់មនុស្សយើងឡើយ ទ្រព្យសម្បត្តិ ផ្ទះសម្បែង ញាតិមិត្ត និងសូម្បីតែខ្លួនយើងផ្ទាល់ ស្លាប់ទៅវិញថ្មើរណាក៏យើងកំណត់មិនបាន។ ពេលវេលាចេះតែដើរទៅមុខជាប្រក្រតី ពេលវេលាដែលកំពុងតែរស់នៅជាមួយនឹងពួកយើងរាល់គ្នា ក៏គ្មានខុសអ្វីអំពីរឿងប្រាក់ដែលបានលើកមកនោះដែរ។ អាស្រ័យហេតុនេះ ចូរដឹងគុណ និងរៀនប្រើរបស់បណ្ដោះអាសន្នទាំងឡាយឱ្យក្លាយជាប្រយោជន៍។ 4/7/2019»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?