ភ្នំពេញ៖ ទំនាក់ទំនងស្នេហារវាងអតីត Freshie Girl កញ្ញា គឹម ច័ន្ទបរមី និងលោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យគ្រប់គ្នាអបអរយ៉ាងខ្លាំង និងសរសើរសំណាងរបស់ ចន្ទបរមី ដែលមានសង្សារល្អ ពូកែយកចិត្ត និងស្ថិតនៅក្នុងក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់បែបនេះ។
ជាក់ស្តែងចំណងស្នេហារបស់គូស្នេហ៍ទាំង២នេះ មានរយៈកាលជាច្រើនឆ្នាំមកហើយ តែគ្រាន់តែមិនទាន់ដល់វេលាសមរម្យក្នុងការរៀបការតាមប្រពៃណីប៉ុណ្ណោះ ដោយគូស្នេហ៍នេះនៅតែមានភាពផ្អែមល្ហែមស្រលាញ់គ្នាចាក់ទឹកមិនលិច តាមរយៈការបង្ហោះរូបភាពស្និទ្ធស្នាលស្វីតៗស្ទើរជារៀងរាល់ថ្ងៃ។
កាន់តែគួរឱ្យរំភើបនោះ គូស្នេហ៍ប្រុសសង្ហា បញ្ញាបុត្រ ឆ្នាំនេះបានធ្វើរឿងមួយគួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យកញ្ញា ចន្ទបរមីមានក្តីរំភើបជាខ្លាំង ដោយលោក ហ៊ុន បញ្ញាបុត្រ បានជូនកាដូរថយន្តទំនើបម៉ាក Mercedes C300 ពណ៌សដ៏ថ្មីសន្លាង នៅថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី២៨ ខែកក្កដាថែមទៀតផង។
ដោយមានចិត្តរំភើបរីករាយខ្លាំង ច័ន្ទបរមី បានបង្ហោះសារមួយឃ្លាផងដែរថា « អរគុណ សម្រាប់កាដូខួបកំណើតឆ្នាំនេះ, អរគុណការគោរពឱ្យតម្លៃ និងថែរក្សាការស្រលាញ់ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ ផ្តើមស្គាល់គ្នាដំបូង »។
ឃើញថាគូស្នេហ៍ទាំងពីរនេះពិតជាស្រលាញ់គ្នាខ្លាំងមែនទែនប្រកបដោយភាពស័ក្តសម ហើយនេះក៏មិនមែនជាកាដូលើកទី១សម្រាប់ បរមីឡើយ តែអាចថាជាកាដូដ៏ធំមួយក្នុងចំណោមកាដូផ្សេងទៀត ដោយឡានមួយគ្រឿងនេះមានតម្លៃមិនក្រោម ១០ម៉ឺនដុល្លានោះឡើយ។ ចំណងស្នេហាមួយនេះ បានធ្វើឱ្យបរមីមិនសូវជាប្រឡូកក្នុងការងារសិល្បៈទៀតឡើយ ដោយបរមីភាគច្រើនចំណាយពេលវេលានៅជាមួយគូស្នេហ៍ច្រើនជាង។
គួរឱ្យដឹងផងដែរថា ស្នេហារបស់អ្នកទាំង២ត្រូវបានចាស់ទុំទាំងសងខាងដឹងឮ ហើយក៏មិនមានអ្នកណាម្នាក់មានការជំទាស់នោះទេ ហើយវេលាល្អអាចនឹងកើតមាននាពេលខាងមុខផងដែរ គ្រាន់តែ គឹម ច័ន្ទបរមី នៅមិនទាន់បញ្ជាក់ពីពេលវេលានៃការដឹកដៃចៅសម្តេចហ៊ុន សែន ចូលរោងការតែប៉ុណ្ណោះ៕