ចំនួនអ្នកប្រើប្រាស់​ Internetនៅកម្ពុជា មានការកើនឡីងលើសលប់ខណៈដែល Game online ក្លាយជាក្តីព្រួយបារម្មណ៍​

​ប្រជាជនកម្ពុជាភាគច្រើនលើសលប់នៅកម្ពុជាបានស្គាល់បណ្ដាញសង្គមដែលមានមនុស្ស​ដ៏ច្រើនមហិមាបាន និងកំពុងប្រើប្រាស់​ គឺ Facebook។ មនុស្ស​បានប្រើប្រាស់បណ្ដាញសង្គមមួយនេះដើម្បី បង្កើតទំនាក់ទំនង កំសាន្ត​ស្វែងយល់អំពីព្រឹត្តិការណ៍ថ្មីៗ និងការរកស៊ី​តាមអនឡាញ ជាដើម ។ មនុស្សម្នា ក៏បានចាប់ អារម្មណ៍លើកម្មវិធី​ផ្សេងៗ​ទៀតដូចជា YouTube Telegram Tik Tuk និងBigo Live​ជាដើម។

 

Social Media 763731_1280

យោងតាមការផុសផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ Department of IT, Ministry of Interior រៀបរាប់អំពីរបាយការណ៍ “កម្ពុជាឌីជីថល ឆ្នាំ២០១៩បានបង្ហាញថាចំនួនអ្នកប្រើប្រាសអ៊ីនធឺណេតក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ១២,០៤ លាននាក់ គឺស្មើនឹង ៧៦% នៃចំនួនប្រជាជនសរុប ។ការកើនឡើងនេះដោយសារចំនួនក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតមានចំនួនកើនឡើង និងតម្លៃសេវា ប្រសើរជាងមុនដែលពលរដ្ឋអាចប្រើប្រាស់បាន។ ដោយសារភាពសម្បូរបែបនេះហើយ ស្ទើរតែគ្រប់ លំនៅឋានសុទ្ធតែបានតភ្ជាប់បណ្តាញអ៊ីនធឺណេតជាមួយដុំ Router (Wifi) ដែលអាចបន្តការតភ្ជាប់មកកាន់ឧបករណ៍ឥតខ្សែដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ ទូរទស្សន៍វៃឆ្លាតជាដើម។

Smartphone 1894723_1280

 

ស្របពេលជាមួយគ្នានេះដែរ កម្មវិធី Game online(Online Games) កំពុង​តែចាប់ផ្ដើមពេញនិយម ដែលកំពុងតែក្លាយជាក្ដីកង្វល់របស់​សង្គម​ដោយ ជនអនាមិកអាចធ្វើការជ្រៀតចូលគណនីអនឡាញរបស់អ្នក ដោយមធ្យោបាយលួចលេខសម្ងាត់តាមរយៈវិស្វកម្មបណ្តាញសង្គម Phishing (បញ្ឆោតវាយលេខសម្ងាត់លើកម្មវិធីទូរស័ព្ទដៃ ឬលើគេហទំព័រ)។

លើស​ពីនេះទៀតកម្មវិធីល្បែងអនឡា​ញមួយចំនួន អាចធ្វើការប្រើប្រាស់ WebCam ឬឧបករណ៍ស្រូបសម្លេងក្នុងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក និងអាចធ្វើការថត ឬលួចស្តាប់ ដោយអ្នកពុំបានដឹងខ្លួន។ ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក អាចឆ្លងមេរោគ (Trojan Horse, RAT, spyware) នៅពេលទាញយក និងដំឡើងកម្មវិធី បន្ទាប់មកជនអនាមិកអាចលួចយកព័ត៌មានផ្សេងៗ ព្រមទាំងធ្វើការគ្រប់គ្រងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័រពីចម្ងាយ ដោយអ្នកពុំបានដឹងខ្លួន។

អ្នកអាចជួបបញ្ហា ឬរងគ្រោះពីកម្មវិធី Chatrooms ដែលមានក្នុងកម្មវិធីល្បែងអនឡាញ ឧទាហរណ៍៖ ការជ្រៀតចូលឯកជនភាព ការបញ្ឆោតចុចលើតំណភ្ជាប់ និងការចម្លងមេរោគផ្សេងៗ។ ព័ត៌មានបុគ្គល ស្ថានភាពហិរញ្ញវត្ថុ របស់អ្នកអាចត្រូវបានចែកចាយទៅបុគ្គលផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ​មិនតែប៉ុណ្ណោះ  ពួកគេ​អាចចាញ់បញ្ឆោតក្នុងការបើកគណនីលេងល្បែង ជាថ្នូរនឹងការទទួលបាននូវប្រាក់រង្វាន់ផ្សេងៗ កត្តាលេងល្បែងអនឡាញ រហូតក្លាយជាទម្លាប់ ញៀនមិនអាចឈប់បាន ធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់សុខភាព។ អ្វីដែលកាន់តែធ្ងន់ធ្ងរពួកគេអាចចូលរួមក្នុងក្រុមល្បែង ចាញ់បញ្ឆោត ប្រើប្រាស់គ្រឿងញៀន និងធ្លាក់ចូលក្នុងសកម្មភាពល្មើសច្បាប់ផ្សេងៗ។

រំលឹកផងដែរថានាពេលថ្មីៗនេះ កងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់បង្ក្រាប និងឆែកឆេរទីតាំងមួយកន្លែង ដែលជាបនល្បែន ឃាត់ខ្លួនមនុស្ស៣០នាក់ និងវត្ថុតាងមួយចំនួនធំ។​ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃក៍បានធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋកម្ពុជា ជៀសឲ្យឆ្ងាយពីល្បែងអនឡាញខុសច្បាប់ ព្រោះវានឹងនាំនូវបញ្ហាផ្សេងៗ។

 

ដោយ Rey

ត្រួតពិនិត្យ Geo & Serpent

ផ្តល់សិទ្ធិដោយ Happylearnnews