ភូមិសាស្ដ្រ និងការពិតអំពីមហាសមុទ្រទាំងប្រាំនៃពិភពលោក – Kalib9 យល់ដឹង | Pelklas

ភូមិសាស្ដ្រ និងការពិតអំពីមហាសមុទ្រទាំងប្រាំនៃពិភពលោក

 

 

 

2sea

 

មហាសមុទ្រទាំងអស់នៅលើផែនដីសុទ្ធតែមានទំនាក់ទំនងនឹងគ្នា។ ពួកវាគឺជាមហាសមុទ្រនៃពិភពលោកតែមួយ ដែលគ្របដណ្ដប់ប្រហែលជា ៧១ភាគរយនៃផ្ទៃផែនដី។ ទឹកប្រៃដែលហូរពីផ្នែកមួយនៃមហាសមុទ្រទៅកាន់ផ្នែកដទៃទៀត មាន៩៧ភាគរយនៃទឹកប្រើប្រាស់នៅលើផែនដី។

ជាច្រើនឆ្នាំកន្លងមក អ្នកភូមិសាស្ត្រ បានបែងចែកមហាសមុទ្រនៃពិភពលោកជាបួនធំៗគឺ មហាសមុទ្រប៉ាស៊ីហ្វិច មហាសមុទ្រអាត្លង់តិច មហាមុទ្រឥណ្ឌា និងមហាសមុទ្រអាកទិច។ លើសពីនេះ ពួកគេក៏បានពិពណ៌នាពីផ្នែកតូចៗដទៃទៀតនៃទឹកប្រៃដូចជា សមុទ្រ ឆកសមុទ្រ និងដៃសមុទ្រ។ មិនមានអ្នកណាម្នាក់បានរៀបរាប់អំពីមហាសមុទ្រទីប្រាំនោះទេកន្លងមក រហូតដល់ឆ្នាំ ២០០០ ទើបមហាសមុទ្រភាគខាងត្បូងត្រូវបានគេដាក់ឈ្មោះជាផ្លូវការ ដែលរួមបញ្ចូលទឹកនៅជុំវិញទ្វីបអង់តាក់តិចផងដែរ។

១. មហាសមុទ្រប៉ាស៊ីហ្វិច

3sea

Source: Natalia_Kollegova/Pixabay

ប៉ាស៊ីហ្វិច គឺជាមហាសមុទ្រធំជាងគេបង្អស់នៅលើពិភពលោក ដែលមានទំហំ ៦០,០៦០,៧០០ ម៉ាយការេ (១៥៥,៥៥៧,០០០ គីឡូម៉ែត្រក្រឡា)។ យោងតាម CIA World Factbook វាគ្របដណ្ដប់ ២៨ ភាគរយនៃផ្ទៃដី ដែលស្ទើរតែស្មើនឹងទំហំទាំងអស់នៃផ្ទៃដីទាំងមូលនៅលើផែនដី។ មហាសមុទ្រប៉ាស៊ីហ្វិចស្ថិតនៅចន្លោះមហាសមុទ្រខាងត្បូង ទ្វីបអាស៊ី និងទ្វីបអូស្ត្រាលីនៅអឌ្ឍគោលខាងលិច។ វាមានជម្រៅជាមធ្យម ១៣,២១៥ហ្វីត (=៤,០២៨ម៉ែត្រ) ប៉ុន្តែកន្លែងជ្រៅបំផុតគឺ Challenger Deep ដែលស្ថិតនៅ Mariana Trench ក្បែរប្រទេសជប៉ុន។ តំបន់នេះក៏ជាចំណុចដែលជ្រៅបំផុតដែលនៅលើពិភពលោកក្នុងជម្រៅ -៣៥,៨៤០ហ្វីត (-១០,៩២៤ម៉ែត្រ)។ មហាសមុទ្រប៉ាស៊ីហ្វិចមានសារៈសំខាន់សម្រាប់ភូមិសាស្ត្រមិនមែនដោយសារតែទំហំរបស់វាទេ ប៉ុន្តែវាក៏ជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់នៃការរុករក និងការធ្វើចំណាកស្រុកផងដែរ។

២. មហាសមុទ្រអាត្លង់តិច

4sea

Source: Luis Castaneda Inc./Getty Images

អាត្លង់តិចគឺជាមហាសមុទ្រធំជាងគេទី២ ដែលមានទំហំ ២៩,៦៣៧,៩០០ ម៉ាយការេ (៧៦,៧៦២,០០០ គីឡូម៉ែត្រក្រឡា)។ វាមានស្ថិតនៅចន្លោះទ្វីបអាហ្រ្វិក អឺរ៉ុប និងមហាសមុទ្រខាងត្បូងនៅអឌ្ឍគោលខាងលិច។ វារួមបញ្ចូលទាំងផ្ទៃទឹកដទៃទៀតដូចជាសមុទ្របាល់ទិក សមុទ្រខ្មៅ សមុទ្រការ៉ាប៊ីន ឈូងសមុទ្រម៉ិកស៊ិក សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រខាងជើង។ ជម្រៅជាមធ្យមនៃមហាសមុទ្រអាត្លង់ទិកគឺ ១២.៨៨០ ហ្វីត (៣.៩២៦ ម៉ែត្រ) ហើយចំណុចដែលជ្រៅបំផុតគឺព័រតូរីកូត្រេនឆ៍ (the Puerto Rico Trench) ដែលមានជម្រៅ -២៨,២៣១ ហ្វីត (-៨,៦០៥ ម៉ែត្រ) ។ មហាសមុទ្រអាត្លង់ទិកមានសារៈសំខាន់ចំពោះអាកាសធាតុពិភពលោក (ក៏ដូចជាមហាសមុទ្រទាំងអស់) ពីព្រោះព្យុះអាត្លង់ទិកដ៏ខ្លាំងតែងតែកើតឡើងនៅឆ្នេរសមុទ្រ Cape Verde នៃទ្វីបអាហ្រ្វិកហើយធ្វើដំណើរឆ្ពោះទៅសមុទ្រការ៉ាប៊ីនចាប់ពីខែសីហាដល់ខែវិច្ឆិកា។

៣. មហាសមុទ្រឥណ្ឌា

5sea

Source: mgokalp/Getty Images

មហាសមុទ្រឥណ្ឌាគឺជាមហាសមុទ្រធំបំផុតទីបីនៃពិភពលោកដែលមានផ្ទៃទឹក ២៦,៤៦៩,៩០០ ម៉ាយការេ (៦៨,៥៦៦,០០០ គីឡូម៉ែត្រក្រឡា) ។ វាមានទីតាំងស្ថិតនៅចន្លោះទ្វីបអាហ្វ្រិក មហាសមុទ្រខាងត្បូង ទ្វីបអាស៊ី និងទ្វីបអូស្ត្រាលី។ មហាសមុទ្រឥណ្ឌាមានជម្រៅជាមធ្យម ១៣.០០២ ហ្វីត (៣,៩៦៣ ម៉ែត្រ) ហើយចាវ៉ាត្រេនឆ៍(the Java Trench) ជាចំណុចជ្រៅបំផុតដែលមានជម្រៅ -២៣,៨១២ ហ្វីត (-៧,២៥៨ ម៉ែត្រ) ។ មហាសមុទ្រឥណ្ឌាក៏រួមបញ្ចូល នូវផ្ទៃទឹកដទៃទៀតដូចជាអាន់ដាម៉ាន់ អារ៉ាប់ Flores ចាវ៉ា និងសមុទ្រក្រហមក៏ដូចជាឈូងសមុទ្របេងហ្គាល់ ឆ្នេរ Great Australian ឈូងសមុទ្រអាដេន ឈូងសមុទ្រអូម៉ង់ ផ្លូវទឹកម៉ូហ្សាំប៊ិក និង ឈូងសមុទ្រពែរ្ស។ មហាសមុទ្រឥណ្ឌាត្រូវបានគេស្គាល់ដោយសារវាបណ្តាលឲ្យមានលំនាំអាកាសធាតុមូសុងដែលគ្របដណ្តប់ភាគច្រើននៅអាស៊ីអាគ្នេយ៍ និងដោយសារមានផ្លូវទឹកដែលធ្លាប់ជាតំបន់ត្រួតពិនិត្យនៃប្រវត្តិសាស្ត្រ (ផ្លូវទឹកអន្តរជាតិតូចចង្អៀត) ។

៤. មហាសមុទ្រខាងត្បូង

5sea

Source: Yann Arthus-Bertrand/Getty Images

The Southern Ocean គឺជាមហាសមុទ្រដែលបានបង្កើតថ្មី និងឈរក្នុងលំដាប់ទីបួននៃមហាសមុទ្រធំៗទាំងប្រាំ។ នៅក្នុងនិទាឃរដូវនៃឆ្នាំ ២០០០ អង្គការជលធារាសាស្រ្តអន្តរជាតិ (IHO) បានសម្រេចកំណត់មហាសមុទ្រទីប្រាំ។ ក្នុងដំណើរការនោះ ដែនទឹកត្រូវបានកំណត់យកពីផ្នែកផ្សេងៗនៃមហាសមុទ្រប៉ាស៊ីហ្វិក អាត្លង់តិច និងមហាសមុទ្រឥណ្ឌា។ មហាសមុទ្រខាងត្បូងលាតសន្ធឹងពីឆ្នេរនៃទ្វីបអង់តាក់ទិច៦០ដឺក្រេពីអឌ្ឍគោលខាងត្បូង។ វាមានផ្ទៃទឹកសរុប ៧,៨៤៨,៣០០ម៉ាយការេ (២០,៣២៧,០០០ ម៉ែត្រការេ) ហើយមានជម្រៅជាមធ្យមពី ១៣,១០០ ទៅ ១៦,៤០០ហ្វីត (៤,០០០ ទៅ ៥,០០០ម៉ែត្រ)។ កន្លែងដែលជ្រៅជាងគេនៃមហាសមុទ្រនេះមិនទាន់មានឈ្មោះនៅឡើយទេ ប៉ុន្តែវាស្ថិតខាងចុងភាគខាងត្បូងនៃ South Sandwich Trench ដែលមានជម្រៅ -២៣,៧៣៧ហ្វីត (-៧,២៣៥ម៉ែត្រ)។ The Antarctic Circumpolar Current ជាខ្សែទឹកមហាសមុទ្រដ៏ធំជាងគេដែលហូរឆ្ពោះទៅទិសខាងកើត និងមានប្រវែង១៣,០៤៩ម៉ាយ (២១,០០០គីឡូម៉ែត្រ)។

៥. មហាសមុទ្រអាកទិច

7sea

Source: Danita Delimont/Getty Images

អាកទិចគឺជាមហាសមុទ្រតូចជាងគេបង្អស់ដែលមានទំហំ ៥,៤២៧,០០០ ម៉ាយការេ (១៤,០៥៦,០០០ គីឡូម៉ែត្រក្រឡា) លាតសន្ធឹងចន្លោះទ្វីបអឺរ៉ុប អាស៊ី និងអាមេរិចកណ្ដាល។ ផ្ទៃទឹកភាគច្រើនស្ថិតនៅភាគខាងជើងនៃខ្សែអេក្វាទ័រ។ ជម្រៅជាមធ្យមគឺ ៣,៩៥៣ហ្វីត (១,២០៥ម៉ែត្រ) និងកន្លែងជ្រៅបង្អស់គឺ Fram Basin ដែលមានជម្រៅ -១៥,៣០៥ហ្វីត (-៤៦៦៥ម៉ែត្រ)។ រយៈពេលសឹងពេញរាល់ឆ្នាំ មហាសមុទ្រនេះគ្របដណ្ដប់ដោយផ្ទាំងទឹកកកដែលមានកម្រាស់ជាមធ្យម ១០ហ្វីត (៣ម៉ែត្រ)។ ទោះបីជាយ៉ាងនេះក្ដី ស្របពេលអាកាសធាតុពិភពលោកមានការប្រែប្រួល តំបន់ទឹកកកឡើងកម្ដៅដែលបណ្ដាលឲ្យផ្ទាំងទឹកកករលាយក្នុងកំឡុងពេលរដូវក្ដៅ។ ផ្លូវទឹក the Northwest Passage និង the Northern Sea Route បានក្លាយជាតំបន់ដ៏សំខាន់នៃការធ្វើជំនួញ និងការរុករក។

 

Translated by: Serpent

Edited by: Geo & Rey

Cited by: happylearnnews.com

Source in English: ThoughCo.