ប្រសិនបើអ្នកចង់ដឹងថាតើមិត្តរបស់អ្នកកំពុងស្រលាញ់អ្នកឬយ៉ាងណានោះ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលអ្នកអាចយកទៅពិចារណាបាន

តើអ្នកមានការសង្ស័យថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នកមែនទេ? អ្នកប្រហែលជាមានអារម្មណ៍ថា គាត់ចាត់ទុកអ្នកលេីសពីមិត្តធម្មតា។ អ្នកប្រហែលជាភ័យខ្លាច ក្នុងការបញ្ជាក់ចំពោះរឿងនេះ ព្រោះវាអាចបំផ្លាញចំណងមិត្ដភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកចង់ដឹងពីការពិត ដូច្នេះអ្នកនឹងត្រូវដឹងថាធ្វេីដូចម្តេច ដើម្បីកុំឱ្យគាត់ឈឺចាប់។

ប្រសិនបើអ្នកចង់ដឹងថាតើមិត្តរបស់អ្នកកំពុងស្រលាញ់អ្នកឬយ៉ាងណានោះ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលអ្នកអាចយកទៅពិចារណាបាន។

១. តែងតែផ្ញើសារមកអ្នកតាំងពីពេលព្រឹករហូតដល់យប់

ប្រសិនបើមិត្តភក្តិរបស់អ្នកតែងតែស្វាគមន៍អ្នកដូចជា «អរុណសួស្តី» «ញុំបាយថ្ងៃត្រង់នៅ?» «រាត្រី​សួស្តី» តាមការផ្ញេីរសារជារៀងរាល់ថ្ងៃ ហេីយគាត់ព្យាយាមរក្សាការសន្ទនានៅពេលអ្នកឆ្លើយតប នេះគឺអាចជាសញ្ញាមួយ។

3

មិត្ដភក្ដិរបស់អ្នកនឹកឃេីញអ្នកជានិច្ច ហើយគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក សូម្បីនៅពេលអ្នកនៅឆ្ងាយពីគ្នាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អប្រសិនបើអ្នកអាចធ្វេីការព្យាយាមត្រួតពិនិត្យទម្លាប់គេមុនពេលសន្មត់។ ប្រសិនបើគាត់តែងតែធ្វើបែបនេះជាមួយមិត្តភក្តិផ្សេងទៀត នោះវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។

២. ទំនេរសម្រាប់អ្នកជានិច្ច

អ្នកអាចដឹងថាមិត្តរបស់អ្នកស្រលាញ់អ្នក ប្រសិនបើគាត់មិនដែលរវល់នៅពេលអ្នកហៅ។ គាត់អាចលះបង់អ្វីដែលគាត់កំពុងធ្វើ ដើម្បីគ្រាន់តែនៅជាមួយអ្នក។ វាជារឿងធម្មតាទេសម្រាប់មិត្តភក្តិ ដែលចេះជួយគ្នាទៅវិញទៅមក ប៉ុន្តែនៅពេលនិយាយអំពីអាទិភាពវិញគឺ គ្រួសារ ការងារ និងការសិក្សា ជាទូទៅត្រូវធ្វើជាមុនសិន។

2

ឥឡូវនេះ ប្រសិនបើមិត្តរបស់អ្នក អាចដាក់ទៅម្ខាងនូវពេលវេលារបស់ពួកគេសម្រាប់ ក្រុមគ្រួសារ ការងារ ឬ ការសិក្សា ដេីម្បីបាននៅក្បែរអ្នកនោះ វាគឺជារឿងខុសគ្នា។ បេីដូចនេះ អ្នកត្រូវចាប់ផ្តើមសួរថា «មូលហេតុអ្វី?»។

៣. គេប្រឹងតែងខ្លួនស្អាតៗរាល់ពេលអ្នកនឹងជួបគេ

សញ្ញាមួយទៀត គឺអ្នកអាចកត់សំគាល់ថាមិត្តរបស់អ្នក តែងតែតែងខ្លួនស្អាតបាតនៅក្នុងពេលមានគម្រោងជួបជុំគ្នា ប៉ុន្តែគាត់ហាក់ដូចជាមិនសូវខ្វល់អំពីការតែងខ្លួនរបស់គាត់ទេ នៅពេលដែលអ្នកជួបគាត់ដោយចៃដន្យ។ ប្រហែលជាគាត់ពិតជាបានរៀបចំ ដើម្បីឱ្យមើលទៅល្អស្អាតរាល់ពេលដែលអ្នកនឹងជួបគាត់ ពីព្រោះគាត់ចង់ឱ្យអ្នកចាប់អារម្មណ៍លេីគាត់។

1

ជាការពិតណាស់ វាជារឿងធម្មតាសម្រាប់មនុស្សយើង ដើម្បីឱ្យមានការទាក់ទាញជាពិសេសពីមនុស្សដែលយើងស្រលាញ់។ នោះហើយជាមូលហេតុដែល យើងស្លៀកពាក់ដ៏ល្អស្អាត ស្ទីលម៉ូដសក់ថ្មី ហើយងូតទឹក បាញ់ទឹកអប់ រាល់ពេលដែលមានឱកាសជួបជាមួយ មនុស្សដែលយេីងស្រលាញ់។

៤. ក្លាយជាមនុស្សចេះកំប្លែងនៅពេលដែលអ្នកនៅក្បែរ

តើអ្នកបានកត់សម្គាល់ឃើញថាមិត្តរបស់អ្នក គឺគួរឱ្យអស់សំណើចនិងនិយាយច្រេីន ប្លែកខុសពីធម្មតានៅពេលដែលអ្នកមកដល់? «ប្លែកខុសពីធម្មតា» មានន័យថាអ្នកដឹងថាគាត់ជាមនុស្សដែលស្ងប់ស្ងាត់ ប៉ុន្ដែគាត់ចាប់ផ្តេីមចេះនិយាយច្រេីននិងកំប្លែងៗ គ្រប់ពេលដែលអ្នកនៅក្បែរនោះដែរ។ នេះប្រហែលជាដោយសារតែគាត់ ចង់បានការចាប់អារម្មណ៍ពីអ្នក។

1

ការនិយាយកំប្លែងៗ និងឮៗ គឺជាវិធីងាយស្រួលបំផុតមួយ ដើម្បីឱ្យអ្នកដទៃមានការយកចិត្តទុកដាក់។ វាក៏ជាវិធីមួយដេីម្បីនិយាយថា «សូមមើលខ្ញុំ! ខ្ញុំសប្បាយរីករាយពេលនៅជាមួយអ្នក។»

៥. សើចចំពោះរឿងកំប្លែងដែលអ្នកនិយាយ ទោះបីជាអ្នកផ្សេងទៀតមិនសេីចក៏ដោយ

សញ្ញាជាក់ស្តែងមួយទៀត គឺនៅពេលដែលគាត់តែងតែសើច នូវរឿងកំប្លែងរបស់អ្នកឮៗ។ គាត់ហាក់បីដូចជាមនុស្សតែមួយគត់ដែលអ្នកចូលចិត្តការកំប្លែងស្ងួតរបស់អ្នក។

1

ចូរទទួលស្គាល់រឿងនេះ អ្នកក៏នឹងធ្វើដូចគ្នាក្នុងករណីដែលអ្នកលួចស្រលាញ់នរណាម្នាក់ តាមរយៈការស្តាប់រឿងកំប្លែងនេះផងដែរ។ វានឹងជាឱកាសរបស់អ្នកដើម្បីបង្ហាញគាត់ថា អ្នកជាអ្នកគាំទ្រលេខ១របស់គាត់។

៦. ស្តាប់អ្នកមិនចេះធុញ

អ្នកនឹងដឹងថាមនុស្សម្នាក់ចូលចិត្តអ្នក នៅពេលគាត់ចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នក និងអ្វីផ្សេងទៀតដែលអ្នកចង់និយាយ។ គាត់ចូលចិត្តស្តាប់អ្នក ហេីយអ្នកអាចចាប់អារម្មណ៍ថា ដោយសារតែគាត់នៅតែបន្តសួរសំណួរជាច្រេីនទៀត សូម្បីតែរឿងមិនសំខាន់ដែលអ្នកប្រាប់គាត់។

1

ដូចគ្នានេះផងដែរ ទោះបីជាអ្នកប្រាប់មិត្តរបស់អ្នក អំពីរឿងដដែលៗម្តងហើយម្តងទៀតក៏ដោយ ក៏គាត់នៅតែស្តាប់។ កុំភ្ញាក់ផ្អើល បើសិនជាគាត់ចងចាំរាល់ព័ត៌មានលម្អិតនៃអ្នក ព្រោះគាត់ពិតជាយកចិត្តទុកដាក់ និងចាប់អារម្មណ៍ចំពោះអ្នក។

៧. ចាប់អារម្មណ៍លើជីវិតស្នេហារបស់អ្នក

ប្រសិនបើមិត្តភក្តិរបស់អ្នក តែងតែចង់ដឹងរឿងថ្មីៗដែលទាក់ទងនឹងស្ថានភាពស្នេហារបស់អ្នក ឬក៏របៀបដែលអ្នកលួចស្រលាញ់នរណាម្នាក់ វាប្រហែលជាដោយសារតែគាត់ចង់ដឹងថាតើ គាត់អាចមានឱកាសនៅជាមួយអ្នកបានដែរឬទេ។

គ្មានរឿងអ្វីអាក្រក់ជាងការដឹងថាបេះដូងរបស់មនុស្សដែលយេីងលួចស្រលាញ់ គឺជារបស់អ្នកដទៃរួចហើយនោះទេ។ ដូច្នេះប្រសិនបើអ្នករកឃេីញបែបនេះ អ្នកអាចប្រើមិត្តភាពរបស់អ្នក ដើម្បីដឹងថាតើអ្នកគួររក្សាអារម្មណ៍ស្រលាញ់ឬបញ្ឈប់។

៨. សរសើរអ្នកសូម្បីតែរឿងតូចៗ

មិនមានអ្វីខុសទេ ប្រសិនបើនរណាម្នាក់សរសើរអ្នក ព្រោះវាជារឿងល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកត់សម្គាល់ថាមានមនុស្សម្នាក់ ដែលកត់សម្គាល់និងសរសើររឿងគ្រប់យ៉ាងរបស់អ្នក សូម្បីតែរឿងខ្លះៗដែលអ្នកស្ទើរតែមើលមិនឃើញដោយភ្នែកទទេក៏ដោយ។ នេះប្រហែលជាមានន័យថា គាត់កោតសរសើរយ៉ាងច្រើន មិនថារឿងតូចឬធំអំពីអ្នក។

លើសពីនេះទៀត ទម្លាប់នៃការសរសេីររបស់មិត្តភក្តិរបស់អ្នក អាចជាយុទ្ធសាស្រ្តរបស់គាត់ដើម្បីយកឈ្នះបេះដូងរបស់អ្នក។ មនុស្សយេីងនឹងសប្បាយរីករាយ និងចង់នៅក្បែរមនុស្សដែលតែងតែសរសើរពួកគេ។ ពីព្រោះពួកគេមានអារម្មណ៍ថាមានតម្លៃ។

៩. ចូលចិត្តនៅតែពីរនាក់ជាមួយអ្នក

ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមិត្តរបស់អ្នក ហាក់ដូចជារីករាយនឹងការសេពគប់របស់អ្នក ហេីយជាពិសេសនៅពេលដែលគ្មានមនុស្សផ្សេងនៅជុំវិញនោះ នេះគឺជាសញ្ញាមួយដែលគាត់កំពុងតែលួចស្រលាញ់អ្នក។ គាត់ចង់បានការចាប់អារម្មណ៍ទាំងស្រុងពីអ្នក ដូច្នេះអ្នកអាចមានពេលវេលាជាមួយគាត់ដោយមិនមានការរំខាន។

តេីអ្វីដែលជាការបង្ហាញជាធម្មតាថា នេះគឺជាអ្វីដែលមិត្តរបស់អ្នកចង់បាន? ឧទាហរណ៍៖ គាត់នឹងរៀបចំគម្រោងដេីម្បីជួបជុំគ្នា ដែលអ្នកគិតថាការជួបជុំជាក្រុម។ បន្ទាប់មក គាត់ប្រាប់អ្នកថាអ្នកដទៃរវល់អស់ហេីយ ប៉ុន្តែអ្នកត្រូវធ្វើតាមគម្រោងនោះ។

១០. គេចពីអ្នកនៅទីសាធារណៈ

មិត្តរបស់អ្នកអាចបើកចំហខ្លាំងជាមួយអ្នក រាល់ពេលដែលអ្នកផ្ញើរសារឬនិយាយទូរស័ព្ទ ជាមួយគេ។ តែអ្នកសម្គាល់ថាគាត់មិនសូវមានទំនាក់ទំនងជាមួយអ្នក នៅពេលអ្នកចេញទៅក្រៅឬនៅទីសាធារណៈទេ។ តើនេះជារឿងមិនគួរឱ្យសង្ស័យទេឬ?

ហេតុផលដែលមិត្តភក្តិរបស់អ្នកធ្វេីដូចនេះ អាចដោយសារតែគាត់មានអារម្មណ៍ភ័យខ្លាច នៅពេលដែលអ្នកនៅក្បែរ។ គាត់ភ័យខ្លាចថាអ្នក និងអ្នកដទៃនឹងអាចកត់សំគាល់នូវអ្វី ដែលគាត់មានអារម្មណ៍ចំពោះអ្នក។

និយាយជាមួយមិត្តរបស់អ្នក

មិនមានអ្វីខុសទេប្រសិនបើមិត្តរបស់អ្នកស្រលាញ់អ្នក។ យើងមិនអាចគ្រប់គ្រងខ្លួនយើង ពីការស្រលាញ់នរណាម្នាក់បានទេ។ តេីអ្វីដែលខុសនោះ គឺនៅពេលដែលគាត់រំពឹងថាអ្នកក៏មានអារម្មណ៍ដូចគ្នាចំពោះគាត់ដែរ ហើយអ្នកមិនអាចផ្តល់ឱ្យបាន។

តើ​អ្នក​គួរ​ធ្វើអ្វី​? ចូរនិយាយជាមួយមិត្ដភក្ដិនោះដើម្បីឱ្យគេដឹងច្បាស់។ ខ្ញុំជឿថាអ្នកនៅតែអាចជួយសង្គ្រោះមិត្ដភាពបាន ថ្វីបើអ្នកមិនមានអារម្មណ៍នឹងគ្នាទៅវិញទៅមកក៏ដោយ។ បញ្ហាគឺស្ថិតត្រង់ការចេះគ្រប់គ្រងស្ថានភាពដោយការគោរព និងការទទួលយកការពិតប៉ុណ្ណោះ។។

ប្រភពអត្ថបទ៖ inspiringtips.com