ពេលខ្លះ យើងគួរតែសាកល្បងបើកចិត្តទទួលអ្នកថ្មី ក៏ល្អជាងរង់ចាំមនុស្សដែលមិនច្បាស់លាស់នឹងយើង – Kalib9 សម្រង់ | Pelklas

ពេលខ្លះ យើងគួរតែសាកល្បងបើកចិត្តទទួលអ្នកថ្មី ក៏ល្អជាងរង់ចាំមនុស្សដែលមិនច្បាស់លាស់នឹងយើង

នៅលើលោកយើងនេះ មិនខ្វះទេមនុស្សដែលល្អៗ សក្តិសមនឹងយើង គ្រាន់តែពេលខ្លះ វាក៏មិនទាន់ដល់ពេលដល់វេលា ដែលឱ្យយើងបានជួបនឹងមនុស្សម្នាក់នោះប៉ុណ្ណោះ។

ពេលខ្លះ វាក៏ជាការពិតដែលថា មនុស្សដែលយើងជួប ឬមនុស្សដែលយើងស្រឡាញ់ គេគឺជាមនុស្សដែលល្អ តែមនុស្សល្អម្នាក់នោះ គេមិនសក្តិសមនឹងយើង គេមិនមែនជាគូរបស់យើងផង អ៊ីចឹង បើយើងនៅតែរង់ចាំគេ វាក៏ដូចជាការបិទសិទ្ធសេរីភាពខ្លួនឯង ក្នុងការចាប់ផ្ដើមជាមួយនរណាម្នាក់ហើយ។

វាជារឿងដែលមិនគប្បីពិតមែន ដែលយើងត្រូវ ចំណាយពេលរង់ចាំមនុស្សម្នាក់ដែលមិនច្បាស់លាស់ រង់ចាំគេទាំងមិនមានសង្ឃឹមថានឹងបានគេជាគូ ការរង់ចាំបែបនេះ ទោះចំណាយពេលយូរប៉ុនណា ទោះខំចាំមួយជីវិតទៀត ក៏បានត្រឹមតែចាំទាំងគ្មានសង្ឃឹម និងគ្មានប្រយោជន៍។

ការរង់ចាំនរណាម្នាក់ យើងក៏ត្រូវសួរខ្លួនឯងថា " តើការដែលយើងចាំគេ គេដែលផ្ដល់សង្ឃឹម១%ឱ្យយើងទេ? ចាំគេ យើងមានអារម្មណ៍ថា រីករាយដែរទេ?" តែបើការរង់ចាំគេមួយនេះ ធ្វើឱ្យយើងមានតែទុក្ខសោក ភាពគ្រាំគ្រាក្នុងចិត្ត អ៊ីចឹង ឈប់រង់ចាំទៅ គួរដល់ពេលដែលយើងសាកល្បង បើកចិត្ត ទទួលយកអ្នកថ្មីវិញម្ដងហើយ ជួនកាល អ្នកថ្មី គេល្អជាងអ្នកចាស់ក៏ថាបាន គ្រាន់តែយើងមិនព្រមបើកចិត្ត អ៊ីចឹងហើយ ធ្វើម៉េចនឹងដឹងថាគេល្អទៅ។

មនុស្សដែលល្អនឹងយើងបំផុត មនុស្សដែលស្រឡាញ់យើងជាងគេ អាចជាមនុស្សដែលនៅក្បែរៗយើងក៏ថាបាន គ្រាន់តែយើងមិនដែលសម្លឹងមើលគេ គ្រាន់តែយើងមើលរំលងគេតែប៉ុណ្ណោះ៕

67906904_1272488922934095_413089739780915200_o

68239001_1272488936267427_3349578585366069248_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ