តើការរៀនទស្សនៈវិជ្ជាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស?

មេរៀនទស្សនៈវិជ្ជា គឺជាមេរៀនដែលសិក្សាទាក់ទងទៅនឹងតម្លៃ ហើយតម្លៃក្នុងទស្សនៈវិជ្ជាត្រូវផ្តោតលើចំនុចសំខាន់ពីរយ៉ាង៖ ទីមួយ ប្រយោជន៍ និងទីពីរ គុណធម៌ ឬតម្លៃជាសីលធម៌។ ជារៀងរាល់ថ្ងៃ មានមនុស្សច្រើនណាស់ដែលសម្រេចចិត្តទាក់ទងទៅនឹងប្រយោជន៍ ប៉ុន្តែគេមិនដែលសិក្សាអំពីតម្លៃនៃគុណធម៌ក្នុងការសម្រេចចិត្តរបស់ពួកគេឡើយ។ វាប្រៀបបានដូចជាយន្តហោះមួយ ដែលហោះត្រឹមស្លាបមួយចំហៀងអញ្ចឹង។ កាលណាពួកយើងផ្តោតទៅលើតែប្រយោជន៍ យើងមិនបានមានតម្លៃនៅក្នុងការសម្រេចចិត្តទេ វានាំឲ្យកើតមានបញ្ហានៅក្នុងសង្គម ពីព្រោះភាពអយុត្តិធម៌ ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់អំពីផលប៉ះពាល់ទៅលើអ្នកដទៃបានកើតមានឡើង វាបង្កឲ្យមានការឈឺចាប់ បង្កឲ្យមានការតតាំងប្រឆាំងតបវិញ។ តម្លៃនៃទស្សនៈវិជ្ជាត្រូវក្តោបសំខាន់លើប្រយោជន៍ផង និងគុណធម៌ផង។

Philosophy

អត្ថប្រយោជន៍នៃការរៀនទស្សនៈវិជ្ជា

១. ជួយឲ្យមនុស្សមានការសម្រេចចិត្តត្រឹមត្រូវ បំបាត់ភាពវង្វេងនៃជំនឿ

Philo1

ដោយសារតែមនុស្សភាគច្រើនមិនបានជីកឬសជីកគល់ ដេញដោល ស្រាវជ្រាវ ឬនឹកគិតអំពីការជឿ ឬជំនឿដែលពួកគេអនុវត្តថាជាការត្រឹមត្រូវ ឬអត់ឡើយ! កាលណាយើងជឿ ឬអនុវត្តដោយមិនបានគិត ប្រៀបបានដូចជាមនុស្សកំពុងមមើដើរតាមផ្លូវអញ្ចឹង វាដូចជាសុបិន្ត ស្ថិតក្នុងភាពច្របូកច្របល់ដោយយើងមិនបានសិក្សាច្បាស់លាស់ពីរឿងនោះ។ ពាក្យថាសម្រេចចិត្តបានត្រឹមត្រូវ មានន័យថា វាជ្រះស្រឡះចិត្តរបស់យើង ពីព្រោះវាបានរកប្រយោជន៍ និងតម្លៃនៃគុណធម៌ឃើញ និងជួយឲ្យមនុស្សបំបែកនូវភាពអវិជ្ជា ឬមួយក៏ជំនឿ។

២. ជួយឲ្យមនុស្សសម្រេចចិត្តដោយគ្មានភាពសង្ស័យ ឬភាពស្ទាក់ស្ទើរ

Philo2

បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់ជឿ ឬអនុវត្តនូវជំនឿរបស់ពួកគាត់ ដោយពុំមានការសង្ស័យអ្វីបន្តិចឡើយ។ ទោះជាមានមនុស្សមួយចំនួនគិតថា រឿងជំនឿនេះដូចជាមិនត្រឹមត្រូវក៏ដោយ ប៉ុន្តែពួកគាត់មិនមានមូលដ្ឋានគ្រឹះក្នុងការពិចារណបែបទស្សនៈវិជ្ជាឡើយ ទើបគាត់អនុវត្តនូវអ្វីទាំងអស់នោះដោយក្តីសង្ស័យ។ ខ្លះវិញទៀត ដោយខ្លាចពាក្យសម្តីអ្នកដទៃ ខ្លាចប៉ះពាល់ ខ្លាចមហាជនមើលងាយ ទើបព្រមធ្វើដោយលក្ខណៈមិនពេញចិត្តទាល់តែសោះ។

៣. ជួយឲ្យមនុស្សមានភាពក្លាហាន សម្រេចិត្តដោយភាពភ្លឺស្វាង ហ៊ានប្រឆាំងនឹងមជ្ឈដ្ឋានខាងក្រៅ

Philo3

ទោះមានមនុស្សជាច្រើនយល់ថាទស្សនៈរបស់យើងមានលក្ខណៈយ៉ាងណាក្តី វាជួយយើងឲ្យហ៊ានជំនះ និងក្លាហានបង្ហាញនូវគំនិត យោគបល់ និងទស្សនៈចេញមកខាងក្រៅ ដោយមិនខ្លាចប៉ះពាល់ប្រយោជន៍មនុស្សនៅជុំវិញខ្លួន។

កាលណាយើងសិក្សាអំពីទស្សនៈវិជ្ជា គឺយើងត្រូវសិក្សាអំពីតម្លៃក្នុងការសម្រេចចិត្ត ទោះសកម្មភាពតាមកាយ ឬវាចាក៏ដោយ តែវាមានលក្ខណៈត្រឹមត្រូវ។ ហើយភាពត្រឹមត្រូវនៅពេលនេះវាក្តោបលើអត្ថន័យពីរគឺ ប្រយោជន៍ជាមួយនឹងតម្លៃនៃគុណធម៌ដែលវានឹងនាំឲ្យសង្គមមនុស្សរស់នៅស្ថិតក្នុងសុខសន្តិភាពទាំងអស់គ្នា។ កាលណាយើងគិតតែពីប្រយោជន៍ ដោយមិនគិតពីតម្លៃនៃសីលធម៌ ឬគុណធម៌នៅក្នុងប្រយោជន៍ដែលយើងបានធ្វើការសម្រេចទេ នោះវាធ្វើឲ្យមានការឈឺចាប់ទៅដល់ផ្នែកណាមួយនៅក្នុងសង្គម ធ្វើឲ្យមានការតបត ងើបឡើងប្រឆាំង និងធ្វើឲ្យសង្គមកើតចលាចល។

 

Translated by: Ly Hout

Edited by: Serpent

https://www.youtube.com/watch?v=kBCA4CJU5pY