ការមើលរំលងសុជីវធម៌ និងគុណធម៌ក្នុងអាជីវកម្ម – Kalib9 ក្នុងស្រុក | Pelklas

ការមើលរំលងសុជីវធម៌ និងគុណធម៌ក្នុងអាជីវកម្ម

Sedr

នៅក្នុងអាជីវកម្មប្រចាំថ្ងៃនៃប្រជាជនខ្មែរមួយចំនួនតូចបានមើលរំលងនូវសុជីវធម៌ និងគុណធម៌ដែលជាកត្តាសំខាន់នៃភាពជឿជាក់របស់ដៃគូ ឬរវាងអ្នកលក់ និងអ្នកទិញ។ មានអាជីវករមួយចំនួនបានគិតពីគុណភាពចំពោះទំនិញឲ្យបានសមនឹងតម្លៃនៃផលិតផលរបស់ខ្លួន មានន័យថាទំនិញល្អទើបលក់ឲ្យអតិថិជនយកទៅលក់បន្ត ឬយកទៅប្រើប្រាស់។ ដោយឡែកមានអាជីវករមួយចំនួនតូចមានភាពព្រងើយកន្តើយជាមួយគុណភាពនៃផលិតផលចំពោះអតិថិជន មានន័យថាលក់ឲ្យតែដាច់បានថ្លៃមិនគិតពីគុណភាពរបស់ផលិតផលបែបណាឡើយ។ ភាពពិតជាក់ស្តែងនៅក្នុងសង្គមយើងបានឃើញថាមានអាជីវករលក់ដូរមួយចំនួនតូចបានបើកអាជីវកម្មដោយគ្មានសុជីវធម៌ និងគុណធម៌ជាមួយអ្នកទិញសូម្បីបន្តិច

Sugarca

យើងសូមលើកឧទាហរណ៍តូចមួយមកបញ្ជាក់៖ អ្នកលក់ទឹកអំពៅ ថ្ងៃធម្មតាគាត់លក់ទឹកអំពៅ១កែវ ១៥០០រៀល តែថ្ងៃបុណ្យគាត់លក់១កែវ ៣០០០រៀល គឺតម្លៃ១គុណនឹង២នៃតម្លៃធម្មតា អ្វីដែលសំខាន់គាត់លក់ទឹកអំពៅដែលសល់ពីម្សិលមិញ ទឹកអំពៅនោះជូរខូចបាត់ទៅហើយ គាត់នៅតែលក់ទៅឲ្យគេបរិភោគទៀត។ នេះហើយជាទង្វើដែលនាំឲ្យគ្រោះថ្នាក់ដល់អ្នកបរិភោគ គឺខាតលុយ ខូចសុខភាព ជាពិសេសបំផ្លាញទឹកចិត្តអ្នកទិញតែម្តង។ រីឯអ្នកលក់ផ្ទាល់ដូចរកស៊ីលក់ផ្លូវចឹង គេទិញបានតែម្តងទេគេឈប់ហើយ។ អ្វីដែលរឹតតែព្រួយបារម្ភនោះគឺវាអាចធ្វើឲ្យមានគ្រោះថ្នាក់អាជីវកម្មយើងទាំងអស់គ្នាផងដែរ។

ភាពខ្វះខាតនៃសុជីវធម៌ និងគុណធម៌ក្នុងអាជីវកម្មធ្វើឲ្យជួបផលវិបាកដូចជា៖

  • ខាតបង់ថវិកា៖ អ្នកទិញចំណាយលុយដើម្បីចង់បានទំនិញមានគុណភាពឲ្យស្មើនឹងតម្លៃ តែវាបែរជាប្រើការពុំកើត។
  • ស្តាយទឹកចិត្ត៖ ស្តាយលុយមធ្យមទេ ស្តាយបំផុតគឺទឹកចិត្ត មិនសមណាជួបអ្នកលក់បែបនេះ។
  • ក្ស័យធន៖ អាជីវករងាយនឹងដួលរលំយ៉ាងឆាប់រហ័ស ព្រោះគ្មានអតិថិជនគ្រាំទ្រ។
  • កើតភាពលោភលន់៖ ទម្លាប់លក់របស់គ្មានគុណភាព ដាក់លក់ក្នុងតម្លៃថ្លៃដើម្បីបានចំណេញច្រើន។
  • បាត់បង់ភ្ញៀវទេសចរ៖ ភ្ញៀវលែងគ្រាំទ្រចំពោះសេវាកម្ម ព្រោះគ្មានគុណភាព លែងចូលមកលេងក្នុងតំបន់។
  • បាត់បង់ការជឿជាក់៖ ភាពជឿជាក់សំខាន់ណាស់ បើភ្ញៀវមិនទុកចិត្តហើយ ប្រាកដគ្មានចំណូល ​ធ្វើឲ្យមានផលវិបាកសេដ្ឋកិច្ចកើតឡើងមិនខាន។

 

រៀបរៀងដោយ៖ ស្រេង ស្រីណាង

កែសម្រួលដោយ៖ Serpent

ប្រភពរូបភាព៖ Google