កំចាត់ភាពខ្ជិលដោយវិធីទាំង៧

ខ្ជិលណាស់មែនទេ? ពេលខ្លះមានអារម្មណ៍ថាស្រលាញ់គ្រែដល់ហើយ ដល់ម៉ោងក្រោកហើយក៏នៅសុំ៤ ៥នាទីទៀត។ ពេលខ្លះគេងរហូតដល់ជ្រុលម៉ោងទៀត ហើយពេលខ្លះ រត់ត្រហេបត្រហបទៅធ្វើការមិនទាន់ម៉ោង ទាំងដែលសក់មិនបានសិត។ ការងារដល់ថ្ងៃកំណត់ហើយ នៅធ្វើមិនទាន់ហើយ ពិតជារំខានចិត្តណាស់មែនទេ? មែនហើយ ភាពខ្ជិលគឺជាឧបសគ្គធំណាស់ក្នុងជិវិត ហើយវាគឺជាឬសគល់នៃភាពបរាជ័យ។ ការបណ្ដែតបណ្ដោយអោយភាពខ្ជិលតោងជាប់ប្រាណ វាបានធ្វើអោយយើងក្លាយជាមនុស្សដែលមិនប្រពល រយីករយាក ធ្វើការរកស៊ីមិនទាន់គេ​ ថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវការយនិងចិត្តទៀតផង។ កុំទុកភាពខ្ជិលអោយបំផ្លាញជិវិតយើង ត្រូវតែកំចាត់វាចេញអោយកាន់តែឆាប់កាន់តែល្អ វីធីខាងក្រោមនេះ នឹងជួយអ្នកអោយកំចាត់ភាពខ្ជិលពីក្នុងខ្លួនអ្នកចេញបាន

76695072_1165832050293395_4109942879437193216_n

១ រកមូលហេតុដែលនាំអោយខ្ជិល

ពេលខ្លះ អ្នកអាចមិនមែនខ្ជិលនោះទេ ប៉ុន្តែអ្នកមិនចង់ធ្វើអ្វីមួយដោយសារតែអ្នកខ្លាចនឹងប្រឈមនឹងបញ្ហា ខ្លាចបរាជ័យ មិនចូលចិត្តការងារដែលអ្នកកំពុងធ្វើ មិនមានចំណង់គ្រប់គ្រាន់ក្នុងការបន្តធ្វើការងារនោះ។ នេះអាចជាមូលហេតុដែលបណ្ដាលអោយអ្នកគេចវេស និងយកលេសខ្ជិល។ គេថាបើយើងខ្ជិល គឺមានន័យថាយើងមិនទាន់រកគោលដៅឃើញនោះឡើយ ដូច្នេះយើងក្រោកដោយមិនដឹងថាគួរពង្រឹងអ្វី ដើរទៅណា និងគួរអភិវឌ្ឍខ្លួនឯងរបៀបណា។ អ្នកដទៃប្រហែលមិនមែនឧស្សាហ៍ជាងយើងនោះទេ ប៉ុន្តែប្រហែលដោយសារគេមានគោលដៅច្បាស់លាស់ក្នុងការសម្រេចអ្វីមួយ។ ដូច្នេះត្រូវរកអោយឃើញនូវមូលហេតុដែលបណ្ដាលអោយយើងខ្ជិល។

២ បំបែកការងារជាចំណែកតូចៗ

បើទុកវានៅទាំងដុំ វាហាក់ដូចជាធំណាស់ ព្យាយាមរំលែកការងារជាបំណែកតូចៗ នឹងធ្វើអោយការងារមើលទៅងាយស្រួលធ្វើ និងមិនមើលទៅស្មុគស្មាញពេក។ ការចេះបំបែកការងារអោយជាចំណែកតូចៗងាយៗ ជាវិធីឆ្លាតវៃមួយ ដែលធ្វើអោយយើងសន្សំកំលាំង ហើយសម្រេចការងារបានឆាប់រហ័ស។

៣ សម្រាក១០នាទី រាល់ពេលមួយម៉ោង

ការឈប់សម្រាក១០នាទីរាល់ពេលបំពេញការងារបានមួយម៉ោង និងធ្វើអោយខួរក្បាលបានសម្រាក នឹងចិត្តបានស្ងប់បន្តិច។ វាក៏ជួយអោយយើង Refresh មុននឹងចាប់ផ្ដើមធ្វើការងារបន្តទៀត វាធ្វើអោយយើង Productive ជាងមុន។

៤ បង្វែរភាពអវិជ្ជមាន ទៅជាវិជ្ជមាន


ពេលខ្លះយើងមិនចង់ធ្វើការងារមួយដោយហេតុថាវាមិនគួរអោយចង់ធ្វើ វាគួរអោយស្អប់ វាគួរអោយតានតឹង។ ក្នុងខណពេលខ្លះ បើទោះបីជាយើងស្អប់ ប៉ុន្តែយើងអត់មានជម្រើសអីក្រៅពីធ្វើវានោះទេ។ យើងមិនអាចធ្វើអ្វីមួយបានល្អនោះទេនៅពេលដែលក្នុងចិត្តយើងស្អប់ និងអវិជ្ជមានចំពោះវា ដូច្នេះហើយត្រូវរៀន សម្លឹងមើលវាក្នុងផ្លូវវិជ្ជមាន។ ឧទាហរណ៍ថា បើរស់នៅក្នុងបរិយាកាសមានសំពាធ តើវាបង្រៀនអ្វីដល់យើង? វាធ្វើអោយយើងធន់និងបញ្ហា។ ការគិតរកផ្លូវវិជ្ជមាន វាធ្វើអោយយើងមានកំលាំងចិត្តក្រោកឡើងធ្វើវា មិន​គេចវេសពីវា បើទោះពេលខ្លះវាលំបាក និងគួរអោយស្អប់ប៉ុនណាក៏ដោយ។

៥ ដាក់វិន័យអោយខ្លួនឯង

នៅពេលដែលខ្ជិលអស់កែ យើងពិតជាត្រូវការនូវវិធីដ៏តឹងរឹងមួយដែរ។ ការតាំងចិត្ត ការខិតខំ ការចាប់ផ្ដើមនូវវិន័យដ៏តឹងរឹងចំពោះខ្លួន និងលត់ដំខ្លួន វាជាវិធីជូយពង្រឹងនូវសកម្មភាពប្រចាំថ្ងៃរបស់យើង។ កុំបណ្ដោយអោយមួយថ្ងៃៗដកដង្ហើមទៅដោយឥតន័យ ត្រូវរំលឹកខ្លួនឯងជានិច្ចថា បើខ្ញុំខ្ជិល ខ្ញុំនឹងបរាជ័យ បើខ្ញុំខ្ជិល ខ្ញុំធ្វើការមិនបានល្អ លទ្ធផលការងារមិនល្អ គេនឹងមើលងាយខ្ញុំ។ ការខ្ជិលជាការខាតបង់ដ៏ធំក្នុងជិវិត!

៦ មានផែនការប្រចាំថ្ងៃ

ការកំណត់ផែនការប្រចាំថ្ងៃ នឹងជួយកំណត់ពីគោលដៅដែលយើងត្រូវសម្រេចក្នុងមួយថ្ងៃៗ ហើយវាក៏ជាការរំលឹកថាថ្ងៃនេះ យើងគួរធ្វើអ្វីខ្លះ។ ផែនការប្រចាំថ្ងៃនឹងជួយអោយយើង ធ្វើការងារក្នុងមួយថ្ងៃដោយមានគោលដៅ។

៧ មើលវីដេអូជម្រុញចិត្ត

ការមើលវីដេអូជម្រុញចិត្ត គឺជាការបង្កើនថាមពលដល់ផ្លូវចិត្ត ជួយអោយចិត្តបានល្អប្រសើរ ហើយមានថាមពលក្នុងការប្រយុទ្ធនឹងឧបសគ្គ។ ពេលខ្លះ ការគេងមិនចង់ក្រោក ការមិនចង់ធ្វើអ្វីមួយ ក៏វាជាផ្នែកមួយនៃជំងឺផ្លូវចិត្តដែរ ការខិតខំថែរក្សារសុខភាពផ្លូវចិត្តអោយបានល្អ

វាជួយអោយយើងរឹងមាំប្រឈមនឹងជិវិត ទប់ស្កាត់ជំងឺផ្លូវចិត្តដែលបណ្ដាលអោយយើងល្ហិតល្ហៃ ចង់តែរកលេសខ្ជិលនេះឯង។