ធ្វើយ៉ាងណាកុំអោយគំនិតអ្នកដទៃគ្រប់គ្រងជិវិតយើង

ការរស់នៅក្នុងសង្គមតែងតែមានការជួបប្រសព្វនិងមនុស្សមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាន់ថ្នាក់ដែលមានការគិតដោយឡែកៗពីគ្នា។ ហើយការរស់នៅក្នុងសង្គម វាតែងតែមានអ្នកប្រាប់យើងយ៉ាងនេះ យ៉ាងនោះ មានអ្នកប្រាប់យើងថាអ្វីដែលយើងកំពុងធ្វើមិនអាចទៅរួច មិនសមរម្យទេ ឬក៏មានការរិះគន់ផ្សេងៗទៅតាមការយល់ឃើញរបស់ពួកគាត់ដែលក្នុងនោះក៏មានការរិះគន់បែបស្ថបនា និងការរិះគន់បែបជាន់ពន្លិច។ ការទទួលនូវគំនិតអ្នកដទៃដើម្បីយកមកសិក្សារបន្ថែម អភិវឌ្ឍខ្លួនគឺជារឿងធម្មតាក្នុងជិវិត ប៉ុន្តែអ្នកខ្លះបែរជាអោយអ្នកដទៃកំណត់វាសនារបស់គាត់តែម្ដង។ ពេលខ្លះគាត់អោយ តំលៃអ្នកដទៃជ្រុល រហូតដល់គ្រប់ម៉ាត់នៃមនុស្សទាំងនោះ អាចធ្វើអោយគាត់រីករាយឬកើតទុក្ខ។ អ្នកខ្លះវិញ ក្ដីសុខរបស់គាត់គឺស្ថិតនៅលើការទទួលស្គាល់ពីអ្នកដទៃ។ ឧទាហរណ៍ថា បើគាត់ផុសរូបនៅក្នុងបណ្ដាញសង្គម មានគេLikeគាត់ច្រើន គាត់ក៏សប្បាយចិត្ត ប៉ុន្តែបើមិនមានគេLikeគាត់ច្រើនទេគាត់ក៏ក្រៀមក្រំ។ ការបណ្ដែតបណ្ដោយខ្លួនបែបនេះយូរៗទៅ មិនយូរមិនឆាប់ អ្នកនឹងក្លាយជាអ្នកទោសនៃគំនិតអ្នកដទៃ។ វាគឺជាទំលាប់មួយដែលពិបាកកែបើវាចាក់ស្រែះក្នុងគំនិតរបស់អ្នកតាំងពីអ្នកនៅក្មេង ប៉ុន្តែមិនមែនមានន័យថាយើងមិនអាចកែវាបាននោះទេ។ បើសិនជាអ្នកយល់ថាអ្នកកំពុងស្ថិតនៅក្នុងប្រភេទមនុស្សដែលងាយរងឥទ្ធិពលនៃគំនិតអ្នកដទៃ គន្លឹះខាងក្រោមនេះប្រហែលជាអាចជួយនាំអ្នកចេញពីវាបាន

53532471_615596965557316_1732145677523222528_n

១ បញ្ឈប់នូវភាពភ័យខ្លាចដែលឥតរូបរាងចេញពីខួរក្បាលរបស់យើង​​​​​ ពេលខ្លះវាមិនមែនជាអ្វីដែលនៅខាងក្រៅទេ ដែលមកគ្របដណ្ដប់យើង ប៉ុន្តែវាជាភាពភ័យខ្លាចដែលគ្មានហេតុផលក្នុងខួរក្បាលយើងដែលមករាំងខ្ទប់យើងមិនអោយធ្វើអ្វីមួយបាន។ ឧទាហរណ៍ថាយើងកំពុងតែនៅក្នុងកម្មវិធីជប់លៀងមួយ យើងក៏គិតថា គេគ្រប់គ្នាកំពុងសម្លឹងមកយើង សម្លឹងមកគ្រប់សកម្មភាពដែលយើងកំពុងធ្វើ ពេលនោះយើងក៏ញាប់ញ័រលែងហ៊ានធ្វើអ្វី រឹងខ្លួន មិនហ៊ាននិយាយស្ដីទៅកាន់មនុស្សម្នាគ្រប់គ្នា ហើយក៏ចេះតែភ័យថាខ្លួននឹងអាចធ្វើអ្វីមួយឆ្គាំឆ្គងដែលនាំអោយខ្លួនខ្មាសគេ។ ប៉ុន្តែធាតុពិត មនុស្សម្នាគេមិនបានទាំងគិតដល់យើងផង គេអាចនឹងរវល់តែភ័យដូចដែលយើងកំពុងភ័យបែបនេះដែរ ឬក៏គេរវល់តែចាប់អារម្មណ៍និងទស្សនីយភាពនៃកម្មវិធីទាំងមូល មិនមែនគ្រប់យ៉ាងសុទ្ធតែអំពីយើងនោះទេ។ ដូច្នេះបញ្ឈប់ភាពភ័យខ្លាចផ្ដេសផ្ដាសហើយ រីករាយនិងកម្មវិធី។

53456323_325042881550366_4250636159694143488_n

២ ត្រូវយល់ថាផ្លូវជិវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ពេលខ្លះយើងឃើញបុគ្គលម្នាក់គាត់ជោគជ័យលើវិស័យអ្វីមួយ ហើយគាត់ក៏មកណែនាំយើងអោយធ្វើដូចគាត់ដែរ ​ប្រាប់យើងអោយធ្វើបែបនេះបែបនោះតាមគាត់ដែរ។ ដោយសារតែគាត់ជាមនុស្សជោគជ័យ យើងក៏គិតថាអ្វីដែលគាត់និយាយ ច្បាស់ជាល្អហើយ ត្រឹមត្រូវហើយ ប៉ុន្តែយើងក៏ភ្លេចពិនិត្យមើលថាតើ យើងចូលចិត្តធ្វើអ្វីដែលគាត់កំពុងធ្វើឬអត់? តើយើងមានជំនាញសម្រាប់ធ្វើអ្វីដែលគាត់កំពុងធ្វើឬអត់? ពេលខ្លះយើងចេះតែដើរៗតាមតែគំនិតអ្នកដទៃដោយមិនពិនិត្យពីជម្រៅចិត្តយើង យើងក៏ដើរលើផ្លូវដែលយើងមិនពេញចិត្ត ហើយរស់នៅក្នុងជិវិតដែលមិនមែនខ្លួនឯង។

៣ កុំប្រៀបធៀប ការប្រៀបធៀបអាចនាំមកនូវលទ្ធផល២ គឺធ្វើអោយយើងរីកចម្រើនជាងមុន នឹងអន់ថយជាងមុន។ មានមនុស្សមួយចំនួនធ្វើការប្រៀបធៀបដើម្បីជាកំលាំងចិត្តជម្រុញខ្លួនឯង ប៉ុន្តែមនុស្សមួយចំនួនទៀតគឺប្រៀបធៀបអោយខ្លួនឯងរិតតែយ៉ាប់យ៉ឺន បាក់ទឹកចិត្តនិងលែងមានកំលាំងចិត្តស៊ូទៅមុខទៀត។ ដូចអ្នកខ្លះ គាត់ប្រៀបធៀបការLike នៅលើហ្វេសប៊ុក អ្នកណាមានគេLike ច្រើន គាត់ថាគេឡូយ គេអស្ចារ្យ ដល់ខ្លួនឯងគ្មានអ្នក Like​ គិតថាខ្លួន​មិនឡូយ មិនឆ្លាតដូចគេ។ តំលៃយើងមិនស្ថិតលើបែបនេះទេ ហើយអ្វីដែលយើងឃើញថាស្រស់ឆើតឆាយ ក៏មិនប្រាកដថាសុទ្ធតែស្រស់ស្អាតដូចយើងឃើញដែរ ផ្លូវជិវិតរបស់មនុស្សម្នាក់ៗមានតែអ្នកដើរខ្លួនឯងទេទើបយល់ការពិតថាបែបណា។ ការប្រៀបធៀបជិវិតខ្លួនឯងនិងអ្នកដទៃ ហើយបន្ទាបតំលៃខ្លួនឯង ធ្វើអោយយើងមើលមកខ្លួនឯងក្នុងផ្លូវអវិជ្ជមាន ហើយងាយនឹងទទួលពាក្យអវិជ្ជមានពីអ្នកដទៃ។

៤ ការរិះគន់របស់អ្នកដទៃ បញ្ជាក់ថាគេបែបណាច្រើនជាងបញ្ជាក់ថាយើងបែបណា យើងត្រូវយល់ថា ការដែលអ្នកដទៃនិយាយថាយើងជាមនុស្សបែបណា ពេលខ្លះវាសបញ្ជាក់ពីគាត់ខ្លួនឯងច្រើនជាងអ្វីដែលគាត់ថាអោយយើង។ អ្នកខ្លះគាត់ចូលចិត្តនិយាយថាអោយអ្នកដទៃបែបនេះបែបនោះ ប៉ុន្តែគាត់មិនដែលពិនិត្យមើលខ្លួនឯងថាគាត់បែបណានោះទេ។ អ្នកខ្លះគាត់ចូលចិត្តតែនិយាយអាក្រក់ពីអ្នកដទៃបែបនេះបែបនោះ អ្នកខ្លះបើកភ្នែកឡើងក៏ប្រជុំគ្នានិយាយដើមគេអោយអាសោចពេញភូមិ។ អ្នកខ្លះចូលចិត្តនិយាយអោយគេក្ដៅក្រហាយ បែបនេះគាត់ក៏សប្បាយចិត្ត។ យើងត្រូវដឹងថា ការរិះគន់របស់អ្នកខ្លះ វាកើតពីក្ដីស្អប់ ច្រណែន និន្ទា ឈ្នានីស ដូច្នេះវាមិនចាំបាច់អោយយើងយកខួរក្បាលទៅគិតច្រើននោះទេ ចាត់ទុកថាវាជាផ្សែងដែលគ្មានខ្លឹមសារទៅចុះ។ ការទទួលយកការរិះគន់ពីមនុស្សណាម្នាក់មកទទួលទុកក្នុងចិត្ត យើងត្រូវយល់ពីជម្រៅចិត្តនៃមនុស្សម្នាក់នោះ ថាតើគេរិះគន់យើង ចង់អោយយើងល្អមែនទេ? គេមានបំណងរិះគន់ស្ថាបនាឬទេ? បើគេរិះគន់ស្ថបនាយើងយកវាមកពិចារណាថាគេនិយាយត្រូវមែនឬអត់ យើងអិញ្ចឹងមែនដែរឬអត់? បើមែនក៏អរគុណគេហើយកែប្រែខ្លួន។ ប៉ុន្តែបើគាត់គ្រាន់តែរិះគន់គ្មានខ្លឹមសារ រិះគន់ដើម្បីតែអោយយើងក្ដៅក្រហាយ រិះគន់ដើម្បីតែបានរិះគន់ រិះគន់ដើម្បីតែជាន់ពន្លិច កុំអោយគាត់មករាំងស្ទះជិវិតយើង។

៥ ពង្រឹងសមត្ថភាព និងជំនឿចិត្តខ្លួនឯង ការខិតខំពង្រឹងសមត្ថភាពខ្លួនឯង ធ្វើអ្វីមួយអោយជាក់លាក់ និងច្បាស់លាស់ វាជួយបង្កើនជំនឿចិត្តដល់យើង។ បើយើងជឿជាក់លើខ្លួនឯង យើងមិនងាយអោយសំដីអ្នកដទៃមកកំណត់វាសនាយើងងាយៗនោះទេ ព្រោះយើងមានគោលដៅ មានគោលជំហរ និងជឿជាក់លើការសម្រេចចិត្តខ្លួនឯង។ ដូច្នេះយើងគួរតែខិតខំ ពង្រឹងសមត្ថភាពជាដរាប ព្រោះវានឹងនាំមកនូវគ្រឹះនៃភាពរឹងមាំក្នុងជិវិត។​