អីយ៉ា! ជនជាតិកូរ៉េ មានក្បួនថែទាំសម្រស់បែបនេះសោះ បានជាម្នាក់ៗស្អាតៗយ៉ាងនេះ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖

1

១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត

ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។

លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ និងធ្វើឱ្យស្បែកមុខឆាប់សស្អាតផងដែរ។

2

២.ម៉ាស្សាដោយប្រើកន្សែងក្តៅ

- នារី និងបុរសកូរ៉េឧស្សាហ៍ធ្វើការម៉ាស្សាផ្ទៃមុខងាយៗដោយខ្លួនឯងនៅផ្ទះ ដោយគ្រាន់តែយកកន្សែងស្អាត មកជ្រលក់ទឹកក្តៅ (ក្តៅល្មមបានហើយ) រួចយកមកគ្របលើផ្ទៃមុខ ធ្វើការម៉ាស្សាថ្នមៗតាមបន្ទាត់ និងត្រង់ផ្ទៃមុខ។

- បន្ទាប់ពីធ្វើការម៉ាស្សារយៈពេល ១៥នាទីរួចមកទើបដកកន្សែងចេញ។ រួចធ្វើការផ្តល់សំណើមលើផ្ទៃមុខដោយប្រើក្រែមផ្តល់សំណើម ឬ ប្រេងធម្មជាតិ ដូចជាប្រេងដូង ឬប្រេងអូលីវក៏បាន។

លទ្ធផល៖ របៀបម៉ាស្សាមួយនេះជួយជំរុញលំហូរ និងសសៃឈាមឱ្យដំណើរការល្អ រត់សព្វផ្ទៃមុខ ថែមទាំងជួយធ្វើឱ្យស្បែករបស់អ្នកមានដង្ហើមផងដែរ។

3

៣. វិធីធ្វើឱ្យការតុបតែងមុខជាប់បានយូរ

វិធីដើម្បីឱ្យការតុបតែងមុខជាប់បានយូរ ជនជាតិកូរ៉េដាក់ឈ្មោះឱ្យថា (Jamsu)។ នោះគឺរាល់ពេលដែលអ្នកតុបតែងផ្ទៃមុខ និងគ្រឿងសម្អាងរួច អ្នកគ្រាន់តែត្រាំផ្ទៃមុខនៅក្នុងទឹកត្រជាក់ប្រមាណជា ១៥ ទៅ៣០វិនាទីប៉ុណ្ណោះ។

លទ្ធផល៖ ការធ្វើបែបនេះ អាចធ្វើឱ្យម្សៅចូលមុខបានល្អ និងស្មើសាច់ ថែមទាំងផ្តល់ឱ្យស្បែកមុខទន់ ក្មេងខ្ចី ស្រស់ស្អាតថែមទៀតផង។

4

៤. ហ្វូមកោរពុកមាត់ប្រឆាំងនឹងការកើតមុន

- ជនជាតិកូរ៉េជឿថា ក្រែម ឬហ្វូមសម្រាប់កោរពុកមាត់របស់បុរស អាចជួយថែរក្សាផ្ទៃមុខឱ្យស្រស់ស្អាតបាន ដោយគ្រាន់តែលុបលាងមុខឱ្យស្អាត រួចយកហ្វូម ឬក្រែមដាក់លើម្រាមដៃ ធ្វើការម៉ាស្សាថ្នមៗលើស្បែកដែលមានបញ្ហា។

- បន្ទាប់មកទុកចោលរយៈពេល ៥ ទៅ ១០នាទីចាំលាងមុខចេញ។

- វិធីបែបនេះ គួរតែអនុវត្តជាប្រចាំ ១សប្តាហ៍ ១ ទៅ ២ដង។

លទ្ធផល៖ នារីកូរ៉េជឿថា ក្រែម ឬហ្វូមកោរពុកមាត់បុរសអាចធ្វើការប្រយុទ្ធប្រឆាំងនឹងការកកើតមុន និងមុនខ្ទុះផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសអាចព្យាបាលជំងឺផ្សេងៗលើស្បែក ផ្តល់ឱ្យស្បែកមុខទន់ រលោង និងស្រស់ស្អាតផងដែរ។

5

៥. សារាយសមុទ្រសម្រាប់ស្បែកមុខ

នារីៗកូរ៉េ តែងតែជ្រើសរើសយកសារាយសមុទ្រ សម្រាប់ធ្វើជាម៉ាស់ថែរក្សាស្បែកដោយវិធីងាយៗ។

- យកសារាយសមុទ្រ ២ ទៅ៣បន្ទះ(Seaweed ឬ Nori អាចរកបាននៅទីផ្សារទំនើប ) មកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗឱ្យវារីក។

- បន្ទាប់មកយកសារាយសមុទ្រដែលទន់ៗនោះ មកបិទឱ្យសព្វលើផ្ទៃមុខ ទុកចោល១៥នាទី ចាំបកចេញ។

លទ្ធផល៖ សារាយសមុទ្រ សម្បូរទៅដោយជាតិវីតាមីន និងសារធាតុសំខាន់ៗជាច្រើនមុខ ដែលអាចជួយកម្ចាត់ និងប្រឆាំងនឹងមេរោគបាក់តេរីលើស្បែក ជាពិសេសអាចថែរក្សាផ្ទៃមុខរបស់អ្នកឱ្យនៅតែទន់ ស ស្រស់ស្អាត ក្មេងខ្ចី គ្មានស្នាមជ្រីវជ្រួញផងដែរ។

6

៦. អំបិលសមុទ្រសម្រាប់ផ្ទៃមុខ

- ជាដំបូងយកអំបិលសមុទ្រ (អំបិលក្រួស) ១ស្លាបព្រា ដាក់ក្នុងទឹកក្តៅឧណ្ហៗ១កែវ បន្ទាប់មកកូរចូលគ្នាឱ្យសព្វ។

- បន្ទាបមកក្រោយពីងូតទឹក ឬលុបលាងសម្អាតមុខរួចមក យកដុំសម្លីមកជ្រលក់ទឹកអំបិលនោះមកផ្តិតលាបឱ្យសព្វផ្ទៃមុខជាការស្រេច។

លទ្ធផល៖ វិធីនេះអាចជួយសម្អាតផ្ទៃមុខ ថែមទាំងដោះស្រាយបញ្ហាស្បែកដែលរលាក និងឡើងមុនក្បាលខ្មៅ។ ជាពិសេសធ្វើឱ្យមុខរបស់អ្នក ស រលោង ស្រស់ថ្លា និងបំបាត់រន្ធញើសធំៗផងដែរ។

7

៧.បន្ទះបិទមុន

រឿងបញ្ហាមុខមុននេះ ទោះមុខស្អាតយ៉ាងណា នៅតែកើតមិនដែលខាន មិនថាមនុស្សធម្មតា ឬតារាល្បីនោះទេ។ ប៉ុន្តែនៅកូរ៉េ រាល់ពេលដែលចាប់ផ្តើមលេចគ្រាប់មុនភ្លាម គេក៏រកដំណោះស្រាយភ្លែត ដោយការបិទក្រដាសបង្ក្រាបមុខ។

វាជាបន្ទះក្រដាសស្តើងរាងមូលតូចៗ ដែលអាចយកមកបិទលើគ្រាប់មុនបាន។ អ្នកក៏អាចរកទិញវាបានរាល់ផ្សារទំនើបនានា ហាងលក់ផលិតផលកូរ៉េ ឬហាងលក់តាមអនឡាញបានផងដែរ។

លទ្ធផល៖ ក្រដាសបន្ទះបិទមុននេះនឹងប្រឆាំងមេរោគបាក់តេរី និងអាការរលាក ដែលបណ្តាលឱ្យកើតមុន ជាពិសេសអាចជួយបង្ក្រាបមុនឱ្យរាបស្មើបាន ដោយប្រើពេលបិទ ត្រឹមតែមួយយប់តែប៉ុណ្ណោះ។

8

៨.ទឹកសណ្តែក

ទឹកសណ្តែកត្រូវបានគេយកមកធ្វើជាគ្រឿងផ្សំជាផលិតផលថែសម្រស់យ៉ាងច្រើន។ នៅក្នុងនោះផងដែរ នារីៗកូរ៉េ តែងតែយកទឹកសណ្តែកសម្រាប់ថែរក្សាសម្រស់ផ្ទៃមុខ ដោយវិធីងាយៗផងដែរ។

- ដោយគ្រាន់តែលុបលាងមុខឱ្យស្អាត រួចយកដុំសម្លីជ្រលក់ទឹកសណ្តែកឱ្យជោគ ហើយលាបផ្តិតៗឱ្យសព្វផ្ទៃមុខឱ្យបាន ១៥ ទៅ២០នាទី ជាការស្រេច។

- គួរតែអនុវត្តវិធីបែបនេះ ម្តង ទៅ ២ដងក្នុងមួយសប្តាហ៍។

លទ្ធផល៖ ទឹកសណ្តែក មានធាតុផ្សំសំខាន់ៗ ដែលអាចជួយចិញ្ចឹមស្បែកមុខធ្វើឱ្យស្បែកមុខ ទន់ ស្រស់ស្អាត ថែមទាំងមានសម្រស់ក្មេងជាងវ័យផងដែរ។

9

៩. សម្បុកដង្កូវនាង

សម្បុកដង្កូវនាង ត្រូវបានជនជាតិកូរ៉េនិយមប្រើប្រាស់សម្រាប់ថែរក្សា និងសម្អាតស្បែកមុខជាយូរលុងណាស់មកហើយ។ ដោយគ្រាន់តែយកម្រាមដៃលូកចូលទៅក្នុងសម្បកសម្បុកដង្កូវនាង រួចយកម៉ាស្សាថ្នមៗលើផ្ទៃមុខ រយៈពេល ១០ទៅ១៥នាទីជាការស្រេច។

លទ្ធផល៖ សម្បុកដង្កូវនាងអាចជួយជម្រុះកោសិកាស្បែកដែលខូច ឬងាប់ចោល ថែមទាំងជួយរំញោចកោសិកាឱ្យដុះឡើងមកថ្មី។ ជាពិសេស ផ្តល់មកវិញនូវស្បែកស្រស់ស្អាត ស ខ្ចី ជម្រុះមុនក្បាលខ្មៅ និងធ្វើឱ្យស្បែកតឹងណែន បំបាត់រន្ធញើសរីកធំទៀតផង។

ចំណាំ៖ សម្បុកដង្កូវនាង (Silkworm cocoons) អ្នកអាចរកទិញបាននៅបណ្តាផ្សារទំនើប ទីផ្សារលក់ផលិតផលកូរ៉េ ឬទីផ្សារលក់តាមអនឡាញបាន។

10

១០. ក្រូចឆ្មារសម្បកលឿងអាចធ្វើឱ្យស្បែកភ្លឺថ្លា

- ជាដំបូងច្របាច់ក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាក៏បាន (ក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាង ដែលអ្នកអាចរកទិញបាននៅផ្សារទំនើប) ដាក់នៅក្នុងចានតូចមួយក្នុងបរិមាណសមល្មម។

- បន្ទាប់មកយកដុំសម្លីមកជ្រលក់ទឹកក្រូចឆ្មារសម្បកលឿងនេះ មកលាបលើស្បែក ត្រង់បរិវេណស្បែកដែលមានបញ្ហា។

- អ្នកអាចអនុវត្តវិធីបែបនេះ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។

លទ្ធផល៖

- ជាតិអាស៊ីតពីក្រូចឆ្មារសម្បកលឿង អាចជួយជម្រុះកោសិកាស្បែកដែលងាប់ និងឡើងខ្មៅ

- អស់កង្វល់រឿងស្បែកជាំ ខ្មៅ អុចៗ មុខឡើងប្រេង ធូលី និងដីកខ្វក់ផ្សេងៗពីផ្ទៃមុខ

- ជួយធ្វើឱ្យផ្ទៃមុខ ទន់ ស្រស់ថ្លា ក្មេងខ្ចី និងតឹងតែង អស់ភាពយារធ្លាក់៕

11