– នៅយូរ ចាស់ទៅ តិចលែងមានអ្នកណាយក? ខ្ញុំ៖ ខ្ញុំខ្លាចតែខ្ញុំអត់យកគេវិញ

ជាតិនេះគ្មានអ្នកណាអាចបង្ខំ ឬជំរុញខ្ញុំឱ្យរៀបការបានទេ ដរាបណាចិត្តខ្ញុំមិនចង់។

បើមានអ្នកណាមកថាឱ្យខ្ញុំថា៖

- នៅយូរ ចាស់ទៅ តិចលែងមានអ្នកណាយក? ខ្ញុំ៖ ខ្ញុំខ្លាចតែខ្ញុំអត់យកគេវិញ។

- ចាស់ទៅ តិចគ្មានកូនមើលនឹងគេ តិចវេទនា? ខ្ញុំ៖ កន្លងមកក៏ធ្លាប់ឃើញហើយ អ្នកមានកូនខ្លះ ចាស់ទៅរស់នៅវេទនាក៏មាន។

- ស្រីគេ អាយុ ២០ មិនទាន់ មានគេដណ្តឹងការបាត់? ខ្ញុំ៖ អ្នកខ្លះលែងប្តី តាំងពីអាយុ មិនទាន់ ២០ ហើយមានកូនក្នុងបន្ទុក ចិញ្ចឹមកូនមិនរស់ ព្រោះរៀបការទាំងវ័យក្មេង គ្មានចំណេះជំនាញក្នុងខ្លួន។

- កូនគេ ម៉េចក៏មើលទៅសំណាងម្ល៉េះ បានប្តីអ្នកមាន ហើយដេកស៊ីរស់ស្រួល? ខ្ញុំ៖ ខ្ញុំរស់នៅក្នុងឆ្នាំ ២០១៩! ទោះជីវភាពមិនហ៊ឺហាដូចគេ ក៏មិនក្រដល់ថ្នាក់ត្រូវរកមនុស្សប្រុសមកចិញ្ចឹមខ្ញុំដែរ។

- កូនស្រីគេ គេបានរៀបការបំពេញមុខមាត់ម៉ែឪណាស់? ខ្ញុំ៖ តើការរៀបការពិតជារឿងតែមួយគត់ដែលស្ត្រីអាចធ្វើបាន ដើម្បីកិត្តិយសមុខមាត់គ្រួសារ? ចុះកិត្តិយសដែលនាបានពីការងារ ការចេះជួយអ្នកដទៃ ការមិនញៀនថ្នាំ មិនធ្វើខុសច្បាប់ ជាលម្អងធូលីនៃសង្គមដែលពោរពេញដោយផ្នត់គំនិតថាកូនស្រីបានរៀបការគឺជាកូនស្រីប្រពៃ?

- ចម្លើយខាងលើចេះតែលើកទឹកចិត្តខ្លួនឯង ព្រោះគ្មានប្រុសល្អណាស្រឡាញ់ តែនៅធ្វើចរិតធ្វើដូចខ្លួនស្រីល្អ ស្រីស្អាត ស្រីពូកែ។ ខ្ញុំ៖ រាល់ពេលដែលមានគេមកស្រឡាញ់ តើខ្ញុំត្រូវប្រកាសជាសាធារណៈ និងបញ្ជាក់ពីឋានៈគេមែនទេ? រាល់ពេលដែលបែកគ្នា គឺមកពីកំហុសខាងស្រីមែនទេ?

សង្គមមួយដែលពូកែតែដាក់សម្ពាធលើស្ត្រី បើស្ត្រីមិនខ្លាំង មិនពង្រឹងសមត្ថភាពខ្លួនឯង នោះស្ត្រីនឹងក្លាយជាជនរងគ្រោះនៃសង្គមមិនខាន។ គ្រាន់តែរឿស្ត្រីមិនរៀបការនៅអាយុម្ភៃក្រាស់ គេមើលងាយនាងយ៉ាងនេះទៅហើយហ្នឹង ចុះទម្រាំតែនាងគ្មានសមត្ថភាពចិញ្ចឹមខ្លួនឯងទៀតនោះ? អ្នកណាជួយនាង? អ្នក? ឬមនុស្សដែលចេះតែបំបាក់ទឹកចិត្តនាង?

ផ្នត់គំនិតដែលមិនគាំទ្រដល់ការរីកចម្រើនដល់ស្ត្រី គឺខ្ញុំមិនគាំទ្រទេ។ ក្នុងសង្គមយើង គ្រាន់តែរឿង “មនុស្សស្រីអាយុច្រើនមិនទាន់រៀបការ “ ក៏អាចបង្កើតជាការបំបាក់ទឹកចិត្ត និងរាំងស្ទះដល់ការអភិវឌ្ឍស្ត្រីបានដែរ។ បើចិញ្ចឹមកូនមក ហើយរំពឹងតែរកប្តីអ្នកមាន ឬរំពឹងថាកូនស្រីនឹងមានសុភមង្គលពេញលេញពិតប្រាកដស្របតាមទំនៀមចាស់ៗ ចាំបាច់ឱ្យកូនស្រីទៅរៀន ធ្វើការធ្វើអី?

Model 4605248_960_720

មនុស្សស្រីដែលមានចំណេះ និងមានការងារធ្វើល្អ អាចចិញ្ចឹមខ្លួនបាន មិនមែនមានន័យថានាងធ្វើពហិការមិនយកប្តីទេ តែមកពីផ្នត់គំនិតយើង ចេះតែគិតថាស្រីៗរៀនបានខ្ពស់ ការងារល្អ ប្រាក់ខែច្រើន នាងនឹងមើលងាយប្តី ហើយអាចប្រឈមនឹងអត្រាអត់ប្តីខ្ពស់។ និយាយរបៀបលេងសើច ចុះបើគូនាងមិនទាន់មកដល់ តើជាកំហុសរបស់នាងដែរមែនទេ?

ខ្ញុំសូមអភ័យទោសទុកជាមុន បើការលើកឡើងខាងលើរបស់ខ្ញុំមានភាពគ្រោតគ្រាត ឬប្រើពាក្យសម្តីមិនសមរម្យ។ តែសូមអ្នកដែលធ្លាប់មើលងាយស្រ្តី សូមអ្នកគិតឡើងវិញពីសម្តី គំនិត និងក្រសែភ្នែករបស់អ្នក។ កត្តាសង្គម ប្រពៃណី ជីវសាស្ត្រ បានផ្តល់គំនាបដល់ស្រ្តីគ្រប់គ្រាន់ហើយ ដូច្នេះនៅពេលដែលស្ត្រីរើបម្រាស់ មិនមែនមកពីនាងជាមនុស្សប្រឆាំងទេ តែនាងចង់រស់នៅក្នុងសង្គមមួយដែលនាងទទួលបានតម្លៃស្មើគ្នា និងឱកាសស្មើគ្នា។ សង្គមមួយមិនអាចរីកចម្រើនទៅមុខបានទេ បើខ្វះការចូលរួមពីស្ត្រី។ តែរឿងយកប្តី ឬមិនយកប្តី វាជាសិទ្ធិ និងការសម្រេចចិត្តរបស់នាង។

អូ! មួយទៀត ស្ត្រីបានចំណាយប្រាក់ចំណូលរបស់ខ្លួន ៩០ % មកលើគ្រួសារវិញ ខណៈបុរសចំណាយត្រឹមតែពី ៣០% - ៤០ % ប៉ុណ្ណោះ។ ហេតុអ្វីបានជាចង់ឱ្យតែស្ត្រីរៀបការ ហើយពឹងលើតែប្តី?

ប្រភព៖ www.facebook.comKim Dyna

ប្រភពរូបភាព៖ https://pixabay.com/