ក្បួនសុខភាពបុរាណ ត្រូវបានគេដឹងថាមានភាពចាស់គម្រិលខ្លាំង ថែមទាំងអាចនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សទូទៅ ជាពិសេសគឺស្ត្រី និងកុមារតែម្តងរាល់ពេលឆ្លងទន្លេ សម្រាលកូនរួច ដោយមានស្ត្រី និងទារកមិនតិចទេ នៅស្រុកស្រែចម្ការដាច់ស្រយាលជួបប្រទះបញ្ហាសុខភាពមិនមានមន្ទិរពេទ្យ ឬមណ្ឌលសុខភាពគ្រប់គ្រាន់។
នៅក្នុងនោះ ការថែទាំសុខភាពបែបបុរាណ មិនត្រឹមតែអាចបណ្តាលឱ្យម្តាយកើតក្រឡាភ្លើង និងទារកកើតជំងឺតេតាណូសពេលកាត់ទងផ្ចិតប៉ុណ្ណោះទេ តែតាមរយៈការរៀបរាប់របស់ Dr. Heang Rottana ក៏បានបង្ហាញពីបញ្ហាថ្មីមួយនៃទំនៀមបុរាណម្យ៉ាងធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកមួយទៀតដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹកស្មានមិនដល់ដូចជា៖
« ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផង ដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម(ជាញឹកញាប់បំផុតធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។
ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រិតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង..... សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។
ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។ ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!!!?????»។
Cr: Dr. Heang Rottana