ថ្មីនេះក្មេងស្រីយុវតីវ័យក្មេង រៀនថ្នាក់ទី១២ មួយរូប នៅក្នុងខេត្តសៀមរាប ទទួលបានការកោតសរសើរជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែប្អូនស្រីនៅក្មេងវ័យ និងនៅក្នុងឆ្នាំប្រលងផងនោះ បែរជាមានទឹកចិត្តជួយផ្តល់ចំណេះដឹង ដោយជួយបង្រៀនភាសាអង់គ្លេសដល់ក្មេងៗតូចៗនៅក្នុងថ្ងៃចុងសប្តាហ៍ដោយឥតគិតថ្លៃ។
តាមរយៈគណនីហ្វេសប៊ុកផេក Association of Children Dream បានឲ្យដឹងថា៖ « យុវតី ច្រាច់ នី បច្ចុប្បន្ននាងមានអាយុ១៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២B នៃសាលាវិទ្យល័យក្រឡាញ់។ សព្វថ្ងៃនាងស្នាក់នៅផ្ទះម្តាយធម៌ នៅភូមិស្រណាល ដោយសារចំងាយផ្លូវពីស្រុកកំណើតឆ្ងាយ និងជីវភាពគ្រួសារមានកាខ្វះខាត ម្តាយឪពុករបស់នីទៅធ្វើកម្មករនៅប្រទេសថៃ ។
រាល់ថ្ងៃនីងើបទៅរៀនតាំងពីព្រលឹម រហូតដល់ម៉ោង៦ល្ងាចទើបដល់ផ្ទះវិញ បើទោះជានឿយហត់បន្តិច តែនីនៅអាចធ្វើជាគ្រូបង្រៀនភាសារអង់គ្លេសស្ម័គ្រចិត្ត រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដើម្បីជួយពង្រឹងចំនេះដឹងផ្នែកភាសារបរទេស និងបំប៉នបន្ថែម នូវចំនេះពីសាលាដល់កុមារ ដែលខ្វះខាត ។ អរគុណចំពោះទឹកចិត្តដ៏ល្អ »៕