នៅក្នុងប្រទេសជប៉ុន ត្រូវបានគេដឹងថាជាប្រទេសដែលមានផ្កាស្រស់ស្អាតណាស់ ថែមទាំងមានការដាំសួនផ្កាជាជួរៗប្រកបដោយភាពអស្ចារ្យប្លែកដូចឋានសួគ៌។
នៅក្នុងចំណោមផ្កាដ៏ស្រស់ស្អាតជាច្រើនប្រភេទរបស់ប្រទេសជប៉ុន មានផ្កា១០ប្រភេទដែលមានឈ្មោះល្បីល្បាញជាងគេបំផុត ថែមទាំងសាយភាយលើប្រទេសដទៃជាប់ជាអត្តសញ្ញាណរបស់ប្រទេសជប៉ុនផងដែរ ពិសេសថែមទាំងមានអត្ថន័យពិសេសទៀត។
តោះ! មកតាមដានផ្កាដ៏ស្រស់ស្អាតទាំង ១០ របស់ប្រទេសជប៉ុន និងអត្ថន័យពិសេសរបស់វា ៖
១. Tsubaki (Camellia) - Spring
ផ្កាមួយនេះ គឺជាផ្កាដ៏ស្រស់ស្អាតមួយ ដែលត្រូវបានប្រើជាញឹកញាប់បែបប្រពៃណីជប៉ុន ដោយវាមានអត្ថន័យថា « ការបន្ទាបខ្លួន/ការដាក់ខ្លួន/ ការគោរព » « ការសំរេចចិត្ត » និង « សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ » ។
២. Sumire (Violet)
ផ្កាស្រស់ស្អាតមួយនេះ នេះមានន័យថា « ស្នេហាតូចទាប » « ភាពស្មោះត្រង់» និង « សុភមង្គល ឬក្តីសុខតិចតួច»។
៣. Momo (Peach)
ផ្កាមួយនេះត្រូវបានគេដឹងថា ត្រូវបាននាំចូលពីប្រទេសចិននៅក្នុងរជ្ជកាល Yayoi ដោយផ្លែវាថែមទាំងអាចទទួលទានបានទៀត។
ផ្កានេះមានអត្ថន៍យថា៖ « ខ្ញុំជារបស់អ្នក/ខ្ញុំធ្លាក់អន្លង់ស្នេហ៍អ្នក/ ខ្ញុំជាចំណាប់ខ្មាំងអ្នក » និងអត្ថន័យមួយទៀត « សំដៅទៅលើបុគ្គលិកលក្ខណៈដ៏គួរឱ្យអស្ចារ្យ និងចាប់អារម្មណ៍»។
៤. Sakura (Japanese Cherry)
ផ្កាដែលតំណាងឱ្យប្រទេសជប៉ុនមួយនេះ ត្រូវបានគេយដឹងថាមានអត្ថន័យថា « ការសម្រេចដូចបំណង » និង « សម្រស់នៃបេះដូង »។
៥. Sakurasou (Primula sieboldii)
ផ្កាមួយនេះមានឈ្មោះស្រដៀងផ្កា សាកូរ៉ាដោយសារតែវាមានរូបរាងស្រដៀងគ្នានេះតែម្តង ដោយផ្កានេះត្រូវបានដាំដុះតាំងពីសម័យរជ្ជកាល Edo ដែលជាផ្កាមានប្រជាប្រិយភាពនៅជប៉ុន។
ផ្កានេះផងដែរ មានអត្ថន័យថា « បំណងប្រាថ្នា » និង « ស្នេហាអមតៈ»។
៦. Asagao (Morning Glory)
ផ្កាមួយប្រភេទនេះត្រូវបានដាំដុះដំបូងនៅក្នុងរជ្ជកាល Heian ដែលការដែលដាក់ឈ្មោះឱ្យផ្កានេះបែបនេះ ដោយសារតែវាជាផ្កាមួយប្រភេទដែលរីកនៅពេលព្រឹកព្រលឹម និងពេលដែលមានអាកាសធាតុត្រជាក់តែប៉ុណ្ណោះ។
ផ្កានេះផងដែរមានអត្ថន័យថា៖ « ស្នេហាដែលមានរយៈពេលខ្លីមួយ » និង « ចំណងស្នេហា »។
៧. Kiku (Chrysanthemum)
បើទោះបីជាផ្កាមួយនេះមានប្រភពមកពីប្រទេសចិនក៏ពិតមែន តែវាក៏បានក្លាយទៅជាផ្កាដែលតំណាងឱ្យប្រទេសជប៉ុនមួយផងដែរ។
ផ្កានេះត្រូវបានគេផ្តល់អត្ថន័យថា « ភាពខ្ពស់ខ្ពស់ ថ្លៃថ្នូ » « ជឿជាក់ខ្ញុំ » និង « ភាពស្មោះត្រង់បរិសុទ្ធ »។
៨. Kinmokusei (Orange Osmanthus)
ផ្កាមួយនេះត្រូវបាននាំចូលពីប្រទេសចិន មកជប៉ុននៅក្នុងរជ្ជកាល Edo ដោយវាមានអត្ថន័យថា « ភាពជឿជាក់ » និង « មនុស្សដែលមានវណ្ណៈខ្ពង់ខ្ពស់ ថ្លៃថ្នូរ» ។
៩. Kosumosu (Cosmos)
ផ្កានេះក៏បាននាំចូលប្រទេសជប៉ុននៅក្នុងរជ្ជកាល Edo ដូចគ្នា ដោយវាមានអត្ថន័យថា៖ «បេះដូងស្មោះបរិសុទ្ធរបស់ស្ត្រីក្រមុំជប៉ុន » « ភាពស្អាតស្អំ » និង « សេចក្តីស្នេហា»។
១០. Ume (Japanese Apricot)
កាលពីជំនាន់មុន មន្ត្រីជប៉ុនមួយរូបមានឈ្មោះថា Kenzuishi បានធ្វើដំណើរការទូតទៅប្រទេសជប៉ុននៅក្នុងរជ្ជកាល Sui ថែមទាំងបាននាំពូជផ្កាមួយនេះមកវិញផងដែរ ដោយគ្រាប់ផ្កា Ume អាចយកមកទទួលទានបាន។
ផ្កានេះត្រូវបានគេផ្តល់អត្ថន័យថា « ភាពឆើតឆាយ » « ភាពស្មោះត្រង់ » និង « បេះដូងសុទ្ធ » ៕
ប្រភព៖ tsunagujapan
ប្រែដោយ៖ Kalib9