សូមឈប់ជឿ និងបន្តចែករំលែកព័ត៌មានមិនពិតគ្មានប្រភពច្បាស់លាស់ ទាក់ទងនឹង​កូ​រ៉ូ​ណាវី​រុសទៀតទៅ ព្រោះវាធ្វើឱ្យមហាជនភ័យខ្លាច ​ភាន់ច្រលំ ​ថែមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាគួរឱ្យបារម្ភ!

ជាការពិតណាស់វីរុសថ្មីដែលមានឈ្មោះថា កូរ៉ូណាវីរុស ​ដែលបានផ្ទុះចេញពីទីក្រុង ​Wuhan  បានធ្វើឱ្យប្រជាជនលើពិភពលោកខ្លាចរអារ ​រហូតប្រជាជន  Wuhan  ត្រូវបានគេហាមឃាត់ហោះហើរចេញពីទីក្រុងតាមគ្រប់ច្រក ​ហើយប្រទេសមួយចំនួនក៏បានបិទជើងហោះហើរយន្តហោះចេញពីទីក្រុងមួយនេះទៀតផង។

Ca_wuhanredcrosshospital_coronavirus_012420gettyimages

ជាក់ស្តែងថ្មីៗនេះផងដែរ កម្ពុជា​ក៏បានប្រកាស​ពី​ការរកឃើញ​ករណីវីរុសនេះ​ដំបូង ដោយ​អ្នកជំងឺ​មួយរូបនេះជា​ជនជាតិ​វ័យ​៦០​ឆ្នាំ មកពីទីក្រុង ​Wuhan  បាននឹងកំពុងតែធ្វើការសម្រាកព្យាបាលយ៉ាងដិតដល់នៅ​ខេត្ត​ព្រះសីហនុ​​ រហូតធ្វើឱ្យប្រជាជនខ្មែរនៅខេត្តព្រះសីហនុបង្កើនការការពារខ្លួនផងដែរ។

បន្ថែមពីនេះសូម្បីតែខេត្តសៀមរាប ក៏ត្រូវបានជនអគតិមួយចំនួនបានប្រកាសដំណឹងក្លែងក្លាយពីការរកឃើញអ្នកផ្ទុកនូវវីរុសថ្មីនេះទៀតផង ​ដោយអ្នកដែលបង្កព័ត៌មាននេះត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយរូប បានប្រកាសឱ្យគ្រប់គ្នាការពារខ្លួនដោយមានជនជាតិ​ចិន​៤​នាក់​កំពុងស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប បាន​ឆ្លង​ជំងឺ​នេះ។ ដោយសារតែឃើញសារបំផុសខុសពីការពិតបែបនេះហើយ ​ទើបក្រុមសមត្ថកិច្ចក៏បានប្រកាសស្វែងរកអ្នកបំប៉ោងព័ត៌មាននេះមកសាកសួរទៀតផង។

Siem Reap To Sihanoukville 1024x768

ជាក់ស្តែងក្រោយការ​តាមរករបស់ សមត្ថកិច្ច​ អ្នកដែល​បំប៉ោង​ព័ត៌មាន​រូបនេះបានចេញមុខមកសារភាពទោសកំហុសរបស់ខ្លួនហើយ ថែមទាំងត្រូវសមត្ថកិច្ចឱ្យធ្វើ​កិច្ចសន្យា និង​អប់រំ​មិនឱ្យ​ធ្វើបែបនេះ​ទៀត​នៅពេល​ក្រោយ​។​

គួរឱ្យដឹងផងដែរថា  ករណីបំព៉ោងព័ត៌មានបែបនេះបានធ្វើឱ្យភ្ញៀវទេសចរណ៍ដែលមានបំណងមកលេងខេត្តសៀមរាបមានការខ្លាចរអារ ​ដោយព័ត៌មានមិនពិតនេះធ្វើឱ្យប៉ះពាល់ខ្លាំងនៃចំនួនទេសចរណ៍ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះទៀតផង។

សូមបញ្ជាក់ផងដែរថា សម្រាប់បងប្អូនអ្នកលេងបណ្តាញសង្កម ​សូមមេត្តាតាមដានព័ត៌មានឱ្យបានដិតដល់ កុំជឿព័ត៌មានអកុសល និងគ្មានប្រភពច្បាស់លាស់ឱ្យសោះ ​ជាពិសេសមិនត្រូវស៊ែរចែកចំលែកបន្តព័ត៌មានផ្តេសផ្តាសនោះឡើយ ​ព្រោះតែវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ខេត្ត ​ឬសេដ្ឋកិច្ចតំបន់ដែលត្រូវគេបំភ្លៃព័ត៌មាន ​ជាពិសេសក៏បានធ្វើឱ្យមហាជនទទួលព៏ត៌មានខុសការពិតទាំងស្រុងផងដែរ។

សូមតាមដាន និងជឿជាក់លើព័ត៌មានច្បាស់ការ ​ឬចេញផ្សាយពីក្រសួងពាក់ព័ន្ធប៉ុណ្ណោះបានហើយ៕