មិនថាថ្នាំប្រភេទណានោះទេ ឱ្យតែលេបចូលពោះ វានឹងត្រូវឆ្លងកាត់តម្រងនោមរបស់យើងទាំងអស់។ ដូច្នេះប្រសិនជាយើងប្រើថ្នាំមិនបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ ឬប្រើថ្នាំខុសច្បាប់ (ដូចជាថ្នាំញៀន) តម្រងនោមយើងអាចខូចខាត ឬឈានទៅដល់ខូចធ្ងន់តែម្ដង។
ទាំងនេះជាប្រភេទថ្នាំដែលហ៊ានតែលេបផ្តេសផ្តាសគឺប៉ះពាល់ដល់សុខភាព ៖
១. ថ្នាំបំបាត់ការឈឺចាប់
ការប្រើថ្នាំទិញដោយខ្លួនឯង ឬតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជា ជារឿងងាយបំផ្លាញតម្រងនោមខ្លួនឯងបំផុត។ ថ្នាំទាំងនោះ រួមមាន អាស្ពីរីន អាយបូប្រូហ្វិន (ibuprofen) ប៉ារ៉ាសេតាម៉ុល និងថ្នាំមួយចំនួនទៀត។
ដូច្នេះ មិនថាក្នុងស្ថានការណ៍បែបណាក៏ដោយ មិនគួរប្រើថ្នាំបំបាត់ការឈឺចាប់ទាំងនោះដោយខ្លួនឯងជាប្រចាំឡើយ បើសិនជាគ្មានការអនុញ្ញាតពីគ្រូពេទ្យ។ ប្រជាជនអាមេរិកជាច្រើនខូចតម្រងនោម ដោយសារតែប្រើថ្នាំទាំងនេះរយៈពេលយូរ។
២. ស្រា
ផឹកស្រាច្រើនមិនត្រឹមធ្វើឲ្យខូចថ្លើមនោះទេ តម្រងនោមក៏ខូចទៅជាមួយគ្នាផងដែរ។ សារធាតុពុលជាច្រើនត្រូវបញ្ចេញចោលពីឈាមតាមទឹកនោមដែលច្រោះដោយតម្រងនោម។ ស្រាក៏ជាសារធាតុក្នុងចំណោមនេះដែរ ដែលធ្វើឲ្យការច្រោះសារធាតុពុលក្នុងឈាមចុះថយជាងមុន ហើយក៏ធ្វើឲ្យមុខងារផ្សេងៗរបស់តម្រងនោមចុះខ្សោយបានដែរ។ អ្នកផឹកស្រាជាប្រចាំ ប្រឈមនឹងការវិវត្តជាជំងឺខ្សោយតម្រងនោម និងខ្សោយថ្លើមខ្ពស់ណាស់។
៣. ថ្នាំផ្សះ
ការប្រើថ្នាំផ្សះមិនត្រឹមត្រូវ គឺគ្រោះថ្នាក់ណាស់ចំពោះតម្រងនោម។ ចំពោះអ្នកមានជំងឺតម្រងនោម មិនគួរប្រើថ្នាំផ្សះក្នុងកម្រិតដូចអ្នកមានសុខភាពធម្មតាទេ។ អ្វីដែលត្រូវធ្វើគឺ ពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំផ្សះ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើតម្រងនោម។
៤. ថ្នាំបញ្ចុះលាមក
ជាទូទៅ សម្រាប់មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះលាមកដែលគ្មានវេជ្ជបញ្ជា គិតថាមានសុវត្ថិភាព។ តែថ្នាំបញ្ចុះលាមកប្រើសម្រាប់លាងសម្អាតពោះវៀន (ជាធម្មតា មុនឆ្លុះពោះវៀនធំ) ក៏អាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោមដែរ។
៥. សារធាតុចាប់ពណ៌ (ចាក់តាមសរសៃឈាមដើម្បីធ្វើរោគវិនិច្ឆ័យ)
“ការថតរូបភាពវេជ្ជសាស្ត្រ” មួយចំនួនត្រូវការប្រើ “សារធាតុចាប់ពណ៌” ដើម្បីឲ្យមើលឃើញច្បាស់នូវបញ្ហាខាងក្នុង។ មធ្យោបាយបែបនេះ (មួយចំនួន តែមិនមែនទាំងអស់) អាចបង្កបញ្ហាដល់តម្រងនោម ដោយមិនដឹងខ្លួន។ ការថតនោះរួមមាន MRIs និង CT-scans។ ចំពោះអ្នកដែលមានជំងឺតម្រងនោម ត្រូវដឹងថាការថតដោយប្រើសារធាតុចាប់ពណ៌នេះ មានករណីខ្លះ អាចធ្វើទុក្ខដល់តម្រងនោម។
៦. ថ្នាំខុសច្បាប់
ថ្នាំញៀន ឬថ្នាំសប្បាយមួយចំនួន អេកតាសុី ហេរ៉ូអ៊ីន កូកាអ៊ីន នឹងធ្វើឲ្យឡើងសម្ពាធឈាម ខ្សោយបេះដូង ដាច់ ឬស្ទះសរសៃឈាមខួរក្បាល ឬអាចស្លាប់ ពេលប្រើលើកដំបូង។ លើសពីនេះ តម្រងនោមក៏ខូចខាតធ្ងន់ធ្ងរដោយសារសារធាតុទាំងនេះ។
*** វិធីដោះស្រាយ និងការពារ
ត្រូវប្រើថ្នាំតាមការណែនាំ ឬពិគ្រោះជាមួយគ្រូពេទ្យជានិច្ច មុននឹងប្រើ។ មិនត្រូវប្រើថ្នាំផ្តេសផ្តាសតាមគេឯងឡើយ។ បើមិនស្រួលខ្លួនត្រង់ណាមួយ ក្រោយពេលប្រើថ្នាំណាមួយ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យឲ្យបានលឿនបំផុត។ ក្នុងករណីត្រូវថតរូបភាពវេជ្ជសាស្ត្រ (ស្កេន X-Ray…) ណាមួយ គួរពិគ្រោះជាមួយគ្រូពេទ្យពីកត្តាប្រឈម ឬគ្រោះថ្នាក់ និងផលប៉ះពាល់លើតម្រងនោមយើងឲ្យបានច្បាស់លាស់ជាមុនសិន។
ដោយ៖ Chamnan Amrith