ជាធម្មតាឈ្មោះក្រុមហ៊ុននានាទាំងអក្សរខ្មែរ និងអង់គ្លេស តែងតែមានពាក្យកាត់នៅក្រោយឈ្មោះក្រុមហ៊ុន ដូចជា ភីអិលស៊ី (Plc.) ខូអិលធីឌី (Co., Ltd.) ក.អ លីមីតធីត ឯ.ក ឬ ចំកាត់ ជាដើម។
តើលោកអ្នកឆ្ងល់ទេថា តើពាក្យចុងខាងក្រោយនេះមានន័យថាម៉េច? ថ្ងៃនេះយើងខ្ញុំនឹងជម្រាបប្រិយមិត្តអ្នកអានឱ្យបានដឹងដូចខាងក្រោមនេះ ៖
១. ខូអិលធីឌី ឬ Co., Ltd
ពាក្យថា “ខូអិលធីឌី ឬ Co., Ltd.” គឺជាអក្សរកាត់ពីពាក្យ “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ឬ Private Limited Company”។ ពាក់ព័ន្ធនឹងទម្រង់នេះផងដែរ មានក្រុមហ៊ុនខ្លះសរសេរអក្សរកាត់ថា ឯ.ក ឬ លីមីតធីត ឬ ចំកាត់ (Limited) ជាដើម ដែលអក្សរកាត់ទាំងនេះគឺមានន័យដូចគ្នាទៅនឹងពាក្យថា “ខូអិលធីឌី ឬ Co., Ltd.” ផងដែរ។
ឧទាហរណ៍៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ក្រុមហ៊ុន HRINC (Cambodia) Co., Ltd ក្រុមហ៊ុន Unilever (Cambodia) Limited ជាអាទិ៍។
២. ភីអិលស៊ី (Plc.) ឬ ក.អ
ដោយឡែក ពាក្យថា “ភីអិលស៊ី (Plc.) ឬ ក.អ” គឺជាអក្សរកាត់នៃពាក្យ “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ Public Limited Company” ដែលទម្រង់នៃក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ជាទូទៅចំពោះ ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យធនាគារ ធានារ៉ាប់ ឬ ប្រតិបត្តិការឥណទានជាអាទិ៍។
ជាឧទាហរណ៍ យើងអាចសង្កេតឃើញថា ផ្នែកខាងចុងនៃនាមករណ៍របស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើននៅកម្ពុជា បានសរសេរនូវអក្សរកាត់ “ភីអិលស៊ី (Plc.) ឬ ក.អ”។
គ្រឹះស្ថានទាំងនោះមានជាអាទិ៍ ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ធនាគារ កាណាឌីយ៉ា ក.អ (Canadia Bank Plc.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (Ly Hour Microfinance Institution Plc.)៕
ប្រភព៖ successacademyworkshop