មិនថាអ្នកដទៃគិត ឬនិយាយអ្វីពីអ្នកនោះទេ អ្វីដែលអ្នកគួរធ្វើបំផុតគឺ កុំខ្វល់

យើងមិនដឹងទេថា រាល់ថ្ងៃហ្នឹង យើងបង្ហាញមុខប៉ុន្មានបែប នោះចំពោះមុខមនុស្សប្លែកៗដែលយើងបានឃើញ! យើងមិនដឹងទេថា អ្នកដទៃគេគិតអ្វី និយាយអ្វី យល់ឃើញបែបណាខ្លះចំពោះយើងនោះឡើយ។

តែអ្វីដែលយើងអាចធ្វើបាន មានតែម្យ៉ាងគឺ កុំខ្វល់! ព្រោះរឿងខ្លះ យើងមិនបាច់ទៅខំបកស្រាយច្រើនទេ ហើយមនុស្សខ្លះ ក៏យើងមិនចាំបាច់ទៅខំពន្យល់គេនោះដែរ ព្រោះមនុស្សដែលយល់ថាយើងល្អ ស្មោះត្រង់ចំពោះយើង គេនៅតែជឿជាក់លើយើង ដោយមិនទាមទារការបកស្រាយអ្វីឡើយ។

Image_2021 11 11_172707

ប៉ុន្តែ សម្រាប់មនុស្សដែលគិតអាក្រក់លើយើង ឬមើលមិនឃើញពីភាពល្អរបស់យើង ទោះយើងខំធ្វើល្អនឹងគេយ៉ាងណា បកស្រាយប្រាប់គេបែបណា ក៏គេនៅតែធ្វើមិនដឹងមិនឮ មើលមិនឃើញដដែល ចឹងហើយ កុំនាំហត់អី។

ត្រូវចាំទុក ចង់ឱ្យជីវិតបានសុខ ត្រូវចេះធ្វើខ្វាក់ ធ្វើគ ធ្វើថ្លង់ កុំចង់ដឹងចង់ឮរឿងអ្នកដទៃច្រើនពេក រឿងណាដែលមិនមែនជារឿងរបស់យើង ស្ដាប់ហើយបំភ្លេចចោលទៅ រឿងណាដែលនិយាយហើយនាំទុក្ខ បង្កគ្រោះ កុំស្ដោះចេញឱ្យសោះ កុំឱ្យមានគ្រោះព្រោះតែមាត់ខ្លួនឯង។

Image_2021 11 11_172722

រឿងមួយទៀតដែលអ្នកគួរចងចាំ កុំខ្លាចប្រឈមនឹងមនុស្សអាក្រក់ តែអ្វីដែលយើងត្រូវខ្លាច គឺខ្លាចខ្លួនឯងធ្វើអាក្រក់ដាក់អ្នកដទៃ ហើយអ្វីដែលរឹតតែគួរឱ្យខ្លាចទៀតនោះគឺ មនុស្សល្អក្លែងក្លាយ មនុស្សខ្លះចូលមកធ្វើជាមិត្ត តែធាតុពិត គេអាក្រក់ជាងសត្រូវយើងទៅទៀត គឺមនុស្សអាក្រក់លាក់មុខ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ